សង្កាត់ Gwinnett ស្ថិតនៅចម្ងាយ ១៦ គីឡូម៉ែត្រភាគឦសានទីក្រុង Atlanta ហើយជាសង្កាត់មួយដែលមានពលរដ្ឋច្រើនបំផុតមួយស្ថិតនៅជាយទីក្រុងដ៍ធំបង្អស់របស់រដ្ឋ Georgia នេះ។ កាលពីខែវិច្ឆិកាលោក Joe Biden បេក្ខជនប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យ បានឈ្នះដោយទទួលសន្លឹកឆ្នោត ៥៨ ភាគរយ នៅក្នុងសង្កាត់នោះ ដែលជួយធ្វើឲ្យបានឈ្នះស្តួចស្តើងបំផុតនៅក្នុងរដ្ឋ Georgia ទាំងមូល។
ទោះជាយ៉ាងណាក៏ដោយ កាលពី ៣០ ឆ្នាំមុន សង្កាត់ Gwinnett នៃរដ្ឋ Georgia នេះសឹងតែជនបទសុទ្ធសាធ ហើយជាទីតាំងរឹងមាំនិងត្រួតត្រាដោយគណបក្សសាធារណរដ្ឋជាយូរយារមកហើយ។
លោក Nick Masino ជាប្រធាននិងអគ្គនាយកសភាពាណិជ្ជកម្មសង្កាត់ Gwinnett បានប្រាប់ VOA ថា «ទីក្រុង Atlanta មានពលរដ្ឋភាគច្រើនជាជនជាតិអាមេរិកាំងដើមកំណើតអាហ្វ្រិកហើយបានបោះឆ្នោតឲ្យគណបក្សប្រជាធិបតេយ្យ។ ក៏ប៉ុន្តែកាលពីអតីតកាលតំបន់ជាយក្រុងជុំវិញទីក្រុង Atlanta ដូចជាផ្នែកផ្សេងទៀតនៃរដ្ឋ Georgia ដែរ ភាគច្រើនជាពលរដ្ឋស្បែកសបោះឆ្នោតឲ្យគណបក្សសាធារណរដ្ឋផ្តាច់មុខ។ ក៏ប៉ុន្តែពេលនេះវាមិនដូចកាលពីពេលមុនទៀតទេ»។
រយ:ពេល ២ ខែបន្ទាប់ពីការប្រកួតប្រជែងការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក ដែលគេបានឃើញលោក Biden បានក្លាយជាអ្នកគណបក្សប្រជាធិបតេយ្យទី២ ដែលបានឈ្នះឆ្នោតនៅរដ្ឋ Georgia ចាប់តាំងពីឆ្នាំ ១៩៨០ មកនោះ រដ្ឋនេះនៅតែស្ថិតនៅក្នុងការផ្តោតយកចិត្តទុកដាក់ខាងនយោបាយ នៅពេលដែលពួកអ្នកបោះឆ្នោតត្រឡប់ទៅកាន់មណ្ឌលបោះឆ្នោត នៅថ្ងៃទី៥ ខែមករាដើម្បីសម្រេចការប្រកួតប្រជែងការបោះឆ្នោតទាំង ២ ដែលនឹងកំណត់ថាតើគណបក្សនយោបាយណាត្រួតត្រាព្រឹទ្ធសភាសហរដ្ឋអាមេរិកនោះ។
សមត្ថភាពរបស់លោក Biden ដើម្បីជំរុញរបៀបវារៈសភារបស់លោកអាចស្ថិតក្នុងភាពមិនទៀងទាត់។
សមាជិកព្រឹទ្ធសភា ២ រូបខាងគណបក្សសាធារណរដ្ឋគឺលោក David Perdue និងលោកស្រី Kelly Loeffler កំពុងព្យាយាមការពារដ៏ស្វិតស្វាញទប់ទុលនឹងគូប្រជែងខាងគណបក្សប្រជាធិបតេយ្យ ដែលបានទទួលបានថវិកាដ៏ច្រើនគឺលោក Jon Ossoff និងអាចារ្យ Raphael Warnock នៅក្នុងការបោះឆ្នោត ដែលគេបានមើលឃើញថា បានចំណាយប្រាក់ជាង ៥ រយលានដុល្លាររួចហើយ។
ប្រសិនបើគណបក្សប្រជាធិបតេយ្យកាន់កាប់អាសនៈទាំង ២ នេះ ព្រឹទ្ធសភានឹងត្រូវបែងចែក ៥០ ទល់នឹង ៥០ រវាងគណបក្សប្រជាធិបតេយ្យនិងគណបក្សសាធារណរដ្ឋ។ ក៏ប៉ុន្តែ អនុប្រធានាធិបតីជាប់ឆ្នោតលោកស្រី Kamala Harris នឹងបំបែកភាពស្មើគ្នានេះ ដោយគាំទ្រគណបក្សប្រជាធិបតេយ្យ។ ប្រសិនបើលោក Perdue និងលោកស្រី Loeffler មួយណាឈ្នះ ឬឈ្នះទាំង ២ ពួកគណបក្សសាធារណរដ្ឋ នឹងរក្សាការត្រួតត្រានៅព្រឹទ្ធសភាដដែល។
ក៏ប៉ុន្តែក្រៅពីមានការចាប់អារម្មណ៍មិនធម្មតាទៅលើរដ្ឋនោះរួមទាំងពិធីយុទ្ធនាការប្រកួតប្រជែងដែលមានការចូលរួមដោយប្រធានាធិបតី Donald Trump និងប្រធានាធិបតីជាប់ឆ្នោតលោក Joe Biden និងឥស្សរជនល្បីៗជាច្រើនទៀត នៅមានចំណាប់អារម្មណ៍ច្រើនទៀតអំពីរដ្ឋ Georgia និងអង្គបោះឆ្នោតរបស់រដ្ឋនោះ ដែលអ្នកក្រៅប្រហែលមិនបានដឹង។
លោក Masino បាននិយាយទៀតថា៖ «យើងដឹងថាមានមនុស្សជាច្រើននៅទូទាំងពិភពលោ កកំពុងមើលយើងនៅពេលឥឡូវនេះ។ ក៏ប៉ុន្តែ ខ្ញុំមិនគិតថា ពលរដ្ឋដឹងអំពីអ្វីដែលបន្តកើតមានឡើងនៅទីនេះទេ។ យើងបានរីកលូតលាស់យ៉ាងឆាប់រហ័សជាងបីបួនទសវត្សរ៍ចុងក្រោយនេះ នេះមិនមែនជាប្រជាពលរដ្ឋ Georgia ដែលគិតថា ពួកគេបានដឹងទៀតទេ។ យើងមានភាពចម្រុះជាតិសាសន៍យ៉ាងខ្លាំង មិនមានទីកន្លែងជាច្រើននៅក្នុងពិភព លោកដូចនេះទេ ហើយការណ៍នេះអាចមានផលប៉ះពាល់យ៉ាងខ្លាំងលើការបោះឆ្នោតនេះ»។
ការផ្លាស់ប្តូរនយោបាយ
នៅប៉ុន្មានគីឡូម៉ែត្រភាគខាងលិចសង្កាត់ Gwinnett គឺសង្កាត់ Cobb ដែលជាក្រុងមួយទៀតស្ថិតនៅជាយទីក្រុង Atlanta។
ប្រជាពលរដ្ឋរបស់សង្កាត់នោះ ត្រូវបានគេរាយការណ៍ថា មានជាង ៧ សែន ៦ ម៉ឺននាក់នៅឆ្នាំ ២០១៩ មានការកើនឡើងជាង ២ ដង ចាប់តាំងពីឆ្នាំ ១៩៩០ មក ហើយដូចជាផ្នែកផ្សេងៗទៀត នៅជាយក្រុង Atlanta ដែរសង្កាត់នេះ បានផ្លាស់ប្តូរដែលមិននឹកស្រមៃដល់កាលពី ១៥ ឆ្នាំមុន។
បណ្ឌិត Andrew Pieper ជាសាស្ត្រាចារ្យជំនួយខាងវិទ្យាសាស្ត្រនយោបាយនៅសាកលវិទ្យាល័យរដ្ឋ Kennesaw បានប្រាប់ VOA ថា៖ «នៅពេលដែលខ្ញុំ បានរើទីលំនៅមកកាន់សង្កាត់ Cobb មុនដំបូងនៅឆ្នាំ ២០១៧ សង្កាត់នេះត្រូវបានគេចាត់ទុកថាជាទីកន្លែងរបស់ពួកសាធារណរដ្ឋអភិរក្សនិយម»។
ការផ្លាស់ប្តូរខាងនយោបាយ អាចត្រូវបានគេឃើញ ដោយពិនិត្យមើលតំបន់ជាយក្រុង Atlanta ដែលបានបោះឆ្នោតប្រធានាធិបតីជាង ២ ទសវត្សរ៍ចុងក្រោយនេះ។ នៅឆ្នាំ២០០៤ ប្រធានាធិបតីកាន់តំណែងខាងគណបក្សសាធារណរដ្ឋលោក George Bush បានផ្តួលលោក John Kerry គូប្រជែងខាងគណបក្សប្រជាធិបតេយ្យដោយសំឡេង ៣២ ភាគរយនៅក្នុងសង្កាត់ Gwinnett។
៨ ឆ្នាំក្រោយមក ប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យលោក Barack Obama បានកម្រិតការមានប្រៀបរបស់គូប្រជែងខាងគណបក្សសាធារណរដ្ឋរបស់លោកធ្លាក់មកនៅត្រឹមតែជាង ៩ ភាគរយ ។
ក្នុងឆ្នាំ ២០១៦ លោកស្រី Hillary Clinton បេក្ខជនខាងគណបក្សប្រជាធិបតេយ្យ បានផ្តួលលោក Trump ដោយសំឡេងឆ្នោតជិត ៦ ភាគរយនៅក្នុងសង្កាត់ Gwinnett ទោះយ៉ាងនោះក៏ដោយលោក Trump បានឈ្នះនៅរដ្ឋ Georgia ទាំងមូលដោយសំឡេងឆ្នោត ៥ ភាគរយ។
កាលពីខែវិច្ឆិកាកន្លងមកនេះ លោក Biden បានផ្តួលលោក Trump ដោយបានឈ្នះសំឡេងឆ្នោត ១៨ ភាគរយនៅក្នុងសង្កាត់នោះ ហើយបានឈ្នះនៅរដ្ឋ Georgia ទាំងមូល តិចជាង ១ ម៉ឺន ២ ពាន់សន្លឹក។ មុននោះ លោក Bill Clinton ជាបេក្ខជនប្រធានាធិបតីខាងគណបក្សចុងក្រោយ ឈ្នះការប្រកួតប្រជែងការបោះឆ្នោតប្រធានាធិបតីនៅក្នុងរដ្ឋ Georgia នៅឆ្នាំ ១៩៩២។
វាមានភាពប្រហាក់ប្រហែលគ្នានៅក្នុងសង្កាត់ Cobb និងទូទាំងតំបន់ជាយក្រុង Atlanta ។ ក៏ប៉ុន្តែ តើមូលហេតុអ្វីដែលបណ្តាលឲ្យមានការផ្លាស់ប្តូរនេះ។ ចម្លើយអាចត្រូវបានគេរកឃើញដោយការពិនិត្យមើលការផ្លាស់ប្តូរប្រជាសាស្ត្ររបស់តំបន់នោះ។
បដិវត្តិន៍នៃប្រជាសាស្ត្រ
រដ្ឋ Georgia នៅពេលសព្វថ្ងៃនេះ មានលក្ខណៈតិចតួចដូចជារដ្ឋដែលរក្សាប្រព័ន្ធច្បាប់ការរើសអើងពូជសាសន៍អស់រយៈពេលមួយសតវត្សរ៍ ក្រោយសង្គ្រាមស៊ីវិលសហរដ្ឋអាមេរិក។ ក៏ប៉ុន្តែ ពលរដ្ឋក្នុងរដ្ឋនេះដឹងថា កិត្តិសព្ទនេះ បានផ្លាស់ប្តូរអស់ហើយ។
លោក Masino បាននិយាយទៀតថា៖ « ពលរដ្ឋគិតថា យើងជាអ្នកប្រកាន់ពូជសាសន៍ ក៏ប៉ុន្តែនេះមិនមែនជាការពិតទេ។ យើងទាំងអស់គ្នានៅក្នុងតំបន់ទីក្រុង Atlanta រស់នៅក្នុងចំណោមជាតិសាសន៍ចម្រុះជារៀងរាល់ថ្ងៃ។ យើងទៅវិហារគ្រិស្តសាសនាជាមួយគ្នា ទៅសាលារៀនជាមួយគ្នាហើយនិងទៅធ្វើការជាមួយគ្នា។ អ្វីៗមានលក្ខណៈខុសប្លែកជាងពួកគេធ្លាប់ជួបប្រទះ កាលពីពេលមុន ហើយខ្ញុំគិតថា ពួកយើងភាគច្រើនពិតជាផ្តល់តម្លៃដល់ភាពចម្រុះជាតិសាសន៍នេះ»។
តាមលោក Masino និងមនុស្សផ្សេងទៀតថា មានការផ្លាស់ប្តូរយ៉ាងលឿននៅពេលដែលទីក្រុង Atlanta បានប្រុងប្រៀបធ្វើជាម្ចាស់ផ្ទះរៀបចំកីឡាអូឡាំពិក នៅឆ្នាំ ១៩៩៦។ រដ្ឋ Georgia បានខិតខំធ្វើការដើម្បីទាក់ទាញក្រុមហ៊ុនអន្តរជាតិ ហើយការខំប្រឹងប្រែងនេះ បានទទួលលទ្ធផលនៅពេលដែលមានក្រុមហ៊ុនពិភពលោកចំនួន ៣ ពាន់នៅក្នុងរដ្ឋ Georgia សព្វថ្ងៃនេះ។
លោក Masino បានពន្យល់ថា៖ «ក្រុមគ្រួសារអន្តោប្រវេសន៍បានចាប់ផ្តើមកត់សម្គាល់ថា មនុស្សមកពីប្រទេសកំណើតរបស់ពួកគេ បានរើទីលំនៅមកកាន់តំបន់ជាយក្រុង Atlanta ហើយថា ពួកគេបានទទួលការស្វាគមន៍នៅទីនេះ ហើយមានការងារគ្រប់គ្រាន់ ហើយថាប្រព័ន្ធសាលារៀនក៏ល្អ។ ដូច្នេះមនុស្សកាន់តែច្រើនឡើងបានចាប់ផ្តើមមកទីនេះ»។
តំបន់ទីក្រុង Atlantaសព្វថ្ងៃនេះ មានជនអន្តោប្រវេសន៍កូរ៉េ ៥ ម៉ឺន ១ ពាន់នាក់ និងមនុស្ស ៤ ម៉ឺន ៤ ពាន់នាក់ មកពីប្រទេសវៀតណាម។ ជនអន្តោប្រវេសន៍មកពីឥណ្ឌា និងប៉ាគីស្ថាន មានចំនួន ៣ ម៉ឺន ១ ពាន់នាក់ ខណៈដែលអ្នកស្រុកតំបន់ទីក្រុង Atlanta ចំនួន ១ ម៉ឺន ៣ ពាន់ ៥ រយនាក់មក ពីប្រទេសចិន។
លោក Masino បាននិយាយទៀតថា៖ «ការគិតពីតំបន់ក្រុង Atlanta របស់យើង ថាជាតំបន់សុទ្ធតែជនស្បែកខ្មៅនិងស្បែកសនោះ វាប្រហែលជាការពិតកាលពី ៣០ ឆ្នាំមុន ក៏ប៉ុន្តែ វាលែងមានដូចនេះទៀតហើយ។ យើងមានពលរដ្ឋអាមេរិកាំងដើមកំណើតកូរ៉េធំជាងគេបំផុតលំដាប់ទី ៤ នៅក្នុងតំបន់អាមេរិកខាងជើង»។
តាមសភាពាណិជ្ជកម្មសង្កាត់ Gwitnnett បានប្រាប់ឲ្យដឹងថាសង្កាត់ Gwinnett ដែលមានជនជាតិស្បែកស៩០ភាគរយកាលពីឆ្នាំ ១៩៩០ សព្វថ្ងៃនេះមានតែជនជាតិស្បែកសតែចំនួន ៣០ ភាគរយប៉ុណ្ណោះ ហើយចំនួនពលរដ្ឋភាគច្រើនក្នុងសង្កាត់នេះ គឺកើតចេញពីជនជាតិភាគតិចជាច្រើន ដូចជាជនជាតិស្បែកខ្មៅ ចំនួន ៣២ ភាគរយ Hispanic ចំនួន ២៦ ភាគរយនិងជនជាតិអាស៊ីចំនួន ១២ ភាគរយ។ អ្នកស្រុកម្នាក់ក្នុងចំណោម ៤ នាក់ នៅក្នុងសង្កាត់នោះ បានកើតនៅខាងក្រៅសហរដ្ឋអាមេរិក។
ហើយភាពចម្រុះជាតិសាសន៍នេះ កំពុងកើនឡើងនៅទូទាំងតំបន់ទីក្រុង។ សូម្បីនៅក្នុងទីកន្លែងនានាដូចជាសង្កាត់ Paulding ដែលកាលពីឆ្នាំ ២០១៨ នៅមានជនជាតិស្បែកស ចំនួន ៧៥ ភាគរយ តែបានធ្លាក់ចុះយ៉ាងខ្លាំង ចាប់តាំងពីដើមសតវត្សរ៍ដែលពេលនោះមានពលរដ្ឋស្បែកសក្នុងសង្កាត់នេះដល់ទៅចំនួន ៩១ ភាគរយ។
ចំពោះអ្នកមករស់នៅថ្មីជាច្រើនក្នុងតំបន់នោះ ភាពចម្រុះជាតិសាសន៍ជាផ្នែកនៃការទាក់ទាញចិត្តដ៏ខ្លាំងបំផុតមួយផ្នែកចំពោះតំបន់នោះ។ នេះជាការពិតសម្រាប់អ្នកស្រី Liz Neider ដែលបានផ្លាស់ទីលំនៅមកកាន់ទីក្រុង Atlantaរដ្ឋ Georgia កាលពី ៤ ឆ្នាំមុន។ ប្តីរបស់អ្នកស្រី ធ្វើការឲ្យក្រុមហ៊ុនបារាំងដែលមានទីស្នាក់ការធំនៅប្រទេសអាល្លឺម៉ង់។
នៅពេលដែលពួកគេបានសម្រេចចិត្តរើទីលំនៅមកកាន់សហរដ្ឋអាមេរិកពួកគេបានមករស់នៅក្នុងទីក្រុង Alpharetta ពីព្រោះតែក្រុមហ៊ុនរបស់លោកបានបើកការិយាល័យនៅទីក្រុងដែលកំពុងរីកលូតលាស់នេះ ហើយស្ថិតក្នុងចម្ងាយបើករថយន្តប្រហែលកន្លះម៉ោងពីទីក្រុង Atlanta ប៉ុណ្ណោះ។
អ្នកស្រី Liz គឺជាកូនកាត់កូរ៉េ ក៏ប៉ុន្តែបានកើតនៅក្នុងសហរដ្ឋអាមេរិក។ អ្នកស្រីបាននិយាយថា៖ «នៅពេលដែលយើងរើទីលំនៅមកកាន់ទីនេះមុនដំបូង ខ្ញុំបានចាប់អារម្មណ៍អ្នកជិតខាងម្នាក់ដែលបានរស់នៅទីនេះ ២០ ឆ្នាំហើយ គាត់ជាជនស្បែកស។
អ្នកជិតខាងម្នាក់ទៀតជាជនជាតិហុងឌូរ៉ាសម្នាក់ទៀត មកពីប្រទេសកូឡុំប៊ី ហើយម្ចាស់ដីរបស់យើងមកពីទីក្រុងហុងកុង។ ជាការពិតជួនកាល វាពិបាកស្វែងរកមនុស្សដែលកើតនៅទីក្រុង Atlanta ណាស់។
ការបោះឆ្នោត
ដោយនៅសល់មិនដល់មួយសប្តាហ៍ផង មុនទៅបោះឆ្នោតពលរដ្ឋនៅទូទាំងប្រទេសនិងពិភពលោកកំពុងរង់ចាំមើល ថាតើរដ្ឋ Georgia ដែលគេឃើញថាជារដ្ឋចម្រុះជាតិសាសន៍ថ្មីនេះ នឹងបង្ហាញសំឡេងឆ្នោតក្នុងការបោះឆ្នោត ដែលនឹងជួយកំណត់មាគ៌ានយោបាយរបស់សហរដ្ឋអាមេរិកយ៉ាងដូចម្តេច។
លោក Masino បាននិយាយទៀតថា៖ « មិនមែនគ្រប់ជាតិសាសន៍ទាំងអស់បោះឆ្នោតជាក្រុមតែមួយនោះទេ ក៏ប៉ុន្តែ ជាទូទៅក្រុមចម្រុះជាតិសាសន៍នេះមាននិន្នាការគាំទ្រពួកគណបក្សប្រជាធិបតេយ្យ។ តំបន់ជនបទដែលមានពហុវប្បធម៌ទាំងនោះ បានជួយលោក Biden ឲ្យឈ្នះឆ្នោត ក៏ប៉ុន្តែ គេមិនទាន់ដឹងច្បាស់នៅឡើយ ថាតើពួកគេនឹងចេញមកបោះឆ្នោតក្នុងចំនួនដ៏ច្រើន សម្រាប់ការប្រកួតប្រជែងអាសនៈព្រឹទ្ធសភាលើកទី ២ នេះដែរឬទេ»។
ដោយមិនមានលោកប្រធានាធិបតី Trump នៅលើសន្លឹកឆ្នោតលោក Pieper បានយល់ស្របថា លទ្ធផលនៃការបោះឆ្នោតខែវិច្ឆិកា ប្រហែលមិនឆ្លុះបញ្ចាំងចំនួនសរុបសន្លឹកឆ្នោតមកពីការប្រកួតប្រជែងព្រឹទ្ធសភានៅថ្ងៃទី៥ ខែមករានេះទេ។
ដោយការបោះឆ្នោតមានការប្រកៀកប្រកិតគ្នាបំផុត អ្នកជំនាញភាគច្រើនយល់ស្របថា ការប្រកួតប្រជែងទំនងនឹងត្រូវកំណត់ពីជ័យជម្នះ តាមរយ:ការដែលគណបក្សណាអាចមានលទ្ធភាពជំរុញអ្នកបោះឆ្នោតតាមមូលដ្ឋានរបស់ពួកគេ ចេញទៅបោះឆ្នោតឲ្យបានច្រើន។
លោក Dontayer Carter ជាប្រធានផ្នែកទំនាក់ទំនងសម្រាប់ពួកគណបក្សប្រជាធិបតេយ្យនៅ សង្កាត់ Fulton ដែលស្ថិតនៅខាងក្រៅទីក្រុង Atlanta។ កាលពីសប្តាហ៍មុន លោកបាននិយាយទៅកាន់ពួកអ្នកបោះឆ្នោត នៅឯកន្លែងលក់អាហារដែលមានរបស់ក្មេងលេង ដើម្បីព្យាយាមធ្វើឲ្យពួកគណបក្សប្រជាធិបតេយ្យមានការរំភើបចិត្តអំពីការបោះឆ្នោតលើកទី ២ នេះ។
លោក Carter ជាជនជាតិស្បែកខ្មៅហើយបានរើទីលំនៅពីទីក្រុង Orlando មកកាន់តំបន់នេះកាលពី ៨ ឆ្នាំមុន។ លោកបាននិយាយថា លោកសង្ឃឹមថា ពលរដ្ឋនឹងចេញមកបោះឆ្នោតក្នុងចំនួនដូចគ្នា ដែលបានជួយបោះឆ្នោតឲ្យលោក Biden កាលពីប៉ុន្មានសប្តាហ៍មុន។
លោក Carter បាននិយាយទៀតថា៖ «អ្នកបោះឆ្នោតនៅទីនេះ បានជួយដកប្រធានាធិបតីនិងរដ្ឋអាជ្ញាក្នុងតំបន់ជាច្រើនចេញពីតំណែង ហើយពួកគេមានឥទ្ធិពលនៅក្នុងការប្រកួតប្រជែងផ្សេងទៀត។ ខ្ញុំគិតថា មនុស្សនៅក្នុងសង្កាត់ទាំងនេះ កំពុងចាប់ផ្តើមយល់ដឹង ថាតើពួកគេសំខាន់យ៉ាងដូចម្តេច និងថាតើសំឡេងរបស់ពួកគេមានសារៈសំខាន់យ៉ាងណានោះ»៕
ប្រែសម្រួលដោយលោកជឹង ប៉ូជីន