សង្គ្រាមនយោបាយត្រូវគេរំពឹងថា នឹងកើតឡើងនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោននៅសប្តាហ៍នេះរវាងសមាជិកសភាខាងគណបក្សប្រជាធិបតេយ្យ ដែលស្វះស្វែងរកព័ត៌មាន និងភស្តុតាងបន្ថែមទៀត ទាក់ទិននឹងការស៊ើបអង្កេតរឿងជ្រៀតជ្រែករបស់រុស្ស៊ី ជាមួយនឹងរដ្ឋបាលរបស់ប្រធានាធិបតី ត្រាំ ដែលស្វះស្វែងបង្វែរបញ្ហានោះ និងចាកចេញពីការស៊ើបអង្កេតរបស់រដ្ឋអាជ្ញាពិសេសលោក Robert Mueller។
សម្រាប់ប្រធានាធិបតីត្រាំ ការស៊ើបអង្កេតរឿងជ្រៀតជ្រែករបស់ប្រទេសរុស្ស៊ីជាបញ្ហាពីអតីតកាល។
លោកប្រធាធិបតី ត្រាំ ថ្លែងថា៖ «ការស៊ើបអង្កេត ២ ឆ្នាំ បង្ហាញថា មិនមានការឃុបឃិត ការរំលោភយុត្តិធម៌ និងបញ្ហាផ្សេងៗទៀតទេ»។
គណបក្សប្រជាធិបតេយ្យ មិនយល់ស្រប។
ប្រធានសភាតំណាងរាស្ត្រលោកស្រី Nancy Pelosi និយាយថា៖
«អ្វីដែលយើង ចង់បានគឺការពិត។ យើងចង់ធ្វើវាក្នុងរបៀបមួយ ដែលមានការបាក់បែកតិចតួចបំផុតដល់ប្រទេសរបស់យើង ហើយនិងបានប្រយោជន៍ច្រើន»។
គណបក្សប្រជាធិបតេយ្យក្នុងសភាតំណាងរាស្ត្របានទាមទារឲ្យមានការប្រគល់របាយការណ៍ដើមទាំងស្រុងរបស់លោក Mueller ហើយនិងចង់ឲ្យរដ្ឋអាជ្ញាពិសេសផ្តល់កសិណសាក្សីអំពីការស៊ើបអង្កេត ហើយនិងការរកឃើញរបស់លោក។
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក លោក William Barr បានបដិសេធពុំព្រមផ្តល់របាយការណ៍ពេញលេញរបស់លោក Mueller ដែលបានបណ្តាលឲ្យគណៈកម្មការសភាតំណាងរាស្ត្រប្តឹងលោក Barr ឲ្យទទួលខុសត្រូវពីការប្រមាថមើលងាយសភា។
លោក Adam Schiff តំណាងរាស្ត្រខាងគណក្សប្រជាធិបតេយ្យបានប្រាប់បណ្តាញទូរទស្សន៍ ABC ក្នុងកម្មវិធី This Week ថា៖
«រដ្ឋបាលរបស់លោក ត្រាំ បានសម្រេចនិយាយថា មិនមានការប្រព្រឹត្តដោយធ្វេសប្រហែសអ្វីទាំងអស់។ មិនមានភស្តុតាង ឯកសារ មិនមានអ្វីទាំងអស់។ ដូច្នេះ ពួកគេ កំពុងធ្វើឲ្យរាំងស្ទះ។ ពួកគេចង់ពន្យារបញ្ហានេះទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន។ ហើយ យើងនឹងប្រយុទ្ធប្រឆាំងនឹងបញ្ហានេះ»។
គណបក្សសាធារណរដ្ឋ ចោទប្រកាន់គណបក្សប្រជាធិបតេយ្យពីការបដិសេធមិនទទួលយកលទ្ធផលរបស់របាយការណ៍របស់លោក Mueller ដែលភាគច្រើនគាំទ្រប្រធានាធិបតី ត្រាំ។
សមាជិកព្រឹទ្ធសភាគណបក្សសាធារណរដ្ឋលោក Rand Paul ថ្លែងថា៖
«យើងបានចំណាយប្រាក់ ៣៥ លានដុល្លារ ដើម្បីស៊ើបអង្កេតប្រធានាធិបតី។ ការសន្និដ្ឋាននៃការស៊ើបអង្កេតនោះគឺថា មិនមានឧក្រិដ្ឋកម្មទេ។ ការណ៍ដែលថា លោកប្រធានាធិបតី រំលោភយុត្តិធម៌ដើម្បីព្យាយាមលាក់ការស៊ើបអង្កេតអំពីអ្វីដែលលោកមិនបានធ្វើ គឺជាការមិនសមហេតុសមផល។ ហើយពលរដ្ឋអាមេរិកាំង ដឹងអំពីបញ្ហានេះ»។
គណបក្សប្រជាធិបតេយ្យកំពូលៗក្នុងសភាតំណាងរាស្ត្របានរិះគន់តបតប្រឆាំងវិញ ដោយអំពាវនាវឲ្យមានដំណើរការប្តឹងចោទប្រកាន់ទម្លាក់លោកប្រធានាធិបតីពីតំណែង ក៏ប៉ុន្តែបានព្រមានថា សេតវិមាន អាចបង្អាក់ដំណើរការរបស់សភាបាន។
ប្រធានសភាតំណាងរាស្ត្រលោកស្រី Nancy Pelosi និយាយថា៖
«ជារៀងរាល់ថ្ងៃ ពួកគេកំពុងបង្ហាញថា ពួកគេរារាំងដល់ដំណើរការយុត្តិធម៌ ដោយការមិនអើពើអំពីដីការកោះហៅរបស់សភា ហើយដោយប្រកាសថា ពួកគេមិនចាំបាច់មកថ្លែងនៅមុខសភា ដើម្បីឲ្យពលរដ្ឋអាមេរិកាំងអាចដឹងពីការពិតបាននោះទេ»។
ប្រធានាធិបតី ត្រាំ និយាយថា ការខំប្រឹងប្រែងរបស់គណបក្សប្រជាធិបតេយ្យ នឹងជួបលទ្ធផលបញ្ច្រាស់មកវិញ។
លោកប្រធានាធិបតី ត្រាំ ថ្លែងថា៖ «ឥឡូវនេះ គណបក្សប្រជាធិបតេយ្យ កំពុងនិយាយថា យើងចង់បានច្រើនទៀត។ ហើយ តាមការពិត ពួកគេកំពុងទទួលលទ្ធផលដែលផ្ទុយពីនេះ ពីព្រោះតែយើងមានការគាំទ្រដ៏ល្អក្នុងការស្ទង់មតិដែលយើងមិនធ្លាប់មាន»។
ខណៈដែលគណបក្សប្រជាធិបតេយ្យក្នុងសភាតំណាងរាស្ត្របន្តចរចាឲ្យលោក Mueller ផ្តល់សក្ខីកម្ម គណៈកម្មាធិការស៊ើបការណ៍សម្ងាត់របស់ព្រឹទ្ធសភា ដែលដឹកនាំដោយគណបក្សសាធារណរដ្ឋ បានធ្វើឲ្យភ្ញាក់ផ្អើលដល់មនុស្សជាច្រើននៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន ដោយការកោះហៅលោក Donald Trump Jr. កូនប្រុសរបស់ប្រធានាធិបតីត្រាំ មកផ្តល់សក្ខីកម្មដែលជាផ្នែកមួយនៃការស៊ើបអង្កេតផ្ទាល់របស់គណៈកម្មាធិការនោះ ពីការជ្រៀតជ្រែករបស់រុស្ស៊ីក្នុងការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកនៅឆ្នាំ ២០១៦៕
ប្រែសម្រួលដោយជឹង ប៉ូជីន