នៅពេលដែលទ្វីប អាហ្វ្រិក ប្រុងប្រៀបសម្រាប់អ្វីដែលពួកអ្នកជំនាញនិយាយថា ការរាតត្បាតខ្លាំងនៃជំងឺកូវីដ១៩នោះរដ្ឋាភិបាលស.រ.អា.ខិតខំព្យាយាមរកវិធីផ្តល់ជំនួយដល់ប្រទេសទាំងនេះ។ជំនួយទាំងនេះមានរួមបញ្ចូលធនធានសម្រាប់កិច្ចប្រតិបត្តិការថែរក្សាសន្តិភាពដែលមានរួចស្រេចហើយដូចជាមន្ទីរពេទ្យបណ្តោះអាសន្ន និងឧបករណ៍ពេទ្យ ដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុសកូរ៉ូណា។
លោក Clarke Cooper ឧបការីរដ្ឋមន្ត្រីការបរទេសស.រ.អា.នៃការិយាល័យកិច្ចការនយោបាយនិងយោធាបាននិយាយថា៖ «មានការផ្តល់ឧបករណ៍ពេទ្យ និងការហ្វឹកហ្វឺនរួចស្រេចហើយដល់ប្រទេសនានាដូចជាប្រទេសហ្កាណាប្រទេសរវ៉ាន់ដាប្រទេសសេណេហ្គាល់ និងប្រទេសអ៊ូហ្គាន់ដាសម្រាប់ការចូលរួមក្នុងការថែរក្សាសន្តិភាពអន្តរជាតិ... ហើយអ្វីដែលយើងបានវាយតម្លៃគឺថានៅពេលណាមានភាពតឹងតែង យើងមានអ្នកដែលបានទទួលការហ្វឹកហ្វឺនហើយជាស្រេចនៅនឹងកន្លែងនោះផ្ទាល់តែម្តង ជាពិសេសដើម្បីទប់ទល់នឹងការរាតត្បាតជាសាកលនៃជំងឺកូវីដ។ យើងចង់បង្កើនសមត្ថភាពទាំងនេះ។ យើងក៏ចង់រំឭកដល់ពួកប្រទេសជាដៃគូរបស់យើង ដូចជាប្រទេសហ្គាណាប្រទេសរវ៉ាន់ដា ប្រទេសសេណេហ្គាល់ និងប្រទេសអ៊ូហ្គាន់ដាជាដើមថា យើងជាមិត្តពិតប្រាកដមួយចាំជួយនៅពេលមានវិបត្តិ។ ហើយយើងមានមោទកភាពជាប្រទេសទីមួយដែលផ្តល់ជំនួយមនុស្សធម៌ដល់ប្រទេសនានានៅទូទាំងពិភពលោក»។
លោក ClarkeCooper កត់សម្គាល់ថា នេះមិនមែនជាលើកដំបូងទេដែលស.រ.អា.ផ្ទេរសម្ភារៈផ្គត់ផ្គង់ខាងការថែរក្សាសន្តិភាពទៅជាសម្ភារៈប្រយុទ្ធក្នុងសង្គ្រាមប្រឆាំងនឹងវីរុស។ កាលពីឆ្នាំ២០១៤ ស.រ.អា.បានធ្វើការឆ្លើយតបដូចគ្នានេះដែរនៅពេលមានការរាតត្បាតជំងឺអ៊ីបូឡា នៅក្នុងផ្នែកខាងលិចនៃទ្វីបអាហ្វ្រិក។
លោក Cooper បានមានប្រសាសន៍ទៀតថា៖ «ប្រសិនបើគេក្រឡេកមើលអតីតកាល នៅពេលមានវិបត្តិជំងឺអ៊ីបូឡាកាលពីឆ្នាំ២០១៤នោះ ពេលនោះក្រសួងការបរទេស និងក្រសួងការពារជាតិស.រ.អា.បានអនុវត្តវិធានការសម្របតាមសភាពការណ៍ដូចជាផ្តល់មន្ទីរពេទ្យបណ្តោះអាសន្ន ឡានពេទ្យ គ្រឿងឧបករណ៍ព្រមទាំងកញ្ចប់សម្ភារៈការហ្វឹកហ្វឺនដែលមាននៅនឹងកន្លែងដែលរងផលប៉ះពាល់។ហើយជាការណ៍ពិតការចាត់ចែងទាំងនោះជាគម្រូមួយសម្រាប់វិបត្តិជំងឺកូវីដ១៩នៅក្នុងឆ្នាំ២០២០។ ដូច្នេះ៦ឆ្នាំក្រោយមក យើងអាចពិនិត្យមើលបទពិសោធន៍ដែលយើងប្រើធនធាន និងសម្ភារៈដែលមាននៅនឹងកន្លែងជាស្រេចឬដែលនឹងត្រូវដឹកជញ្ជូនទៅផ្នែកខាងលិចនិងប៉ែកកណ្តាលនៃទ្វីបអាហ្វ្រិកកាលណោះ។ ដូច្នេះវិធានការកាលពីឆ្នាំ២០១៤ពិតជាគម្រូមួយសម្រាប់អ្វីដែលយើងកំពុងធ្វើនៅពេលនេះ»។
បន្ថែមពីលើនេះ ស.រ.អា.បានផ្តល់ជំនួយទ្វេភាគីមានទឹកប្រាក់ជិត២៧០លានដុល្លារដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុសកូរ៉ូណាដោយមានរួមបញ្ចូលប្រាក់ជាង៣០លានដុល្លារសម្រាប់ប្រទេសនីហ្សេរីយ៉ា ប្រាក់ជាង២៦លានដុល្លារសម្រាប់សាធារណរដ្ឋប្រជាធិបតេយ្យ កុងហ្គោ ប្រាក់ជាង២៣លានដុល្លារសម្រាប់ប្រទេសអេត្យូពី និងប្រាក់ជិត២២លានដុល្លារសម្រាប់ប្រទេសស៊ូដង់ខាងត្បូង។
នៅក្នុងប្រទេសអាហ្វ្រិកខាងត្បូងដែលមានវិបត្តិវីរុសកូរ៉ូណាខ្លាំងជាងគេនៅក្នុងទ្វីប អាហ្វ្រិក រដ្ឋាភិបាលស.រ.អា.បានផ្តល់ម៉ាស់ជិត៧សែន៣ម៉ឺនដល់ពួកពេទ្យនិងប្រដាប់ជួយដកដង្ហើមប្រមាណ១ពាន់គ្រឿងផងដែរ។
នៅពេល VOA សួរលោក Clarke Cooper ថា តើកិច្ចខិតខំប្រឹងប្រែងទាំងនេះមានទាក់ទិននឹងការថែរក្សាសន្តិភាពនៅក្នុងទ្វីបនេះដែលមានអសន្តិសុខឬទេ? លោកបានមានប្រសាសន៍ថា «មានច្រើនជាងអ្នកស្រីគិតទៅទៀត។ លោកបានថ្លែងបន្ថែមថា៖ «នេះមិនមែនជាការងារនៃកិច្ចសហប្រតិបត្តិការខាងសន្តិសុខធម្មតាទេ។ វាជាផ្នែកមួយនៃវិនិយោគទូលំទូលាយក្នុងរយៈពេលយូរក្នុងវិស័យនីមួយៗ។ យើងប្រាកដជាចង់ធ្វើឱ្យប្រាកដប្រជាថា ដៃគូរបស់យើងមានសមត្ថភាពមិនមែនគ្រាន់តែសម្រាប់អធិបតេយ្យភាព និងកិច្ចការពារខ្លួនឯងប៉ុណ្ណោះទេក៏ប៉ុន្តែដើម្បីរក្សាសមត្ថភាពរបស់ប្រទេសទាំងនោះក្នុងឋានៈជាដៃគូជាមួយយើងក្នុងវិស័យសន្តិសុខផងដែរ។ អ្វីដែលយើងកំពុងធ្វើនេះផ្តល់ផលចំណេញក្នុងរយៈពេលយូរសម្រាប់យើងទាំងអស់គ្នា។ ខ្ញុំចង់និយាយថា ជាឧទាហរណ៍យើងចាត់ទុកថាវីរុសដូចជាភេរវកម្មដែរគឺវាមិនស្គាល់ព្រំដែនទេ។ វាមិនគោរពព្រំដែនភូមិសាស្ត្រនយោបាយទេ។ ដូច្នេះវីរុសអាចឆ្លងដល់មនុស្សគ្រប់គ្នាហើយវាមិនអត់ឱនឱ្យនរណាឡើយ។ ដូច្នេះការអនុវត្តជាថ្មីនូវអ្វីដែលយើងអាចធ្វើបាន អនុញ្ញាតឱ្យយើងធ្វើសកម្មភាពទាំងនេះទៀត មិនមែនគ្រាន់តែរក្សាសមត្ថភាពប៉ុណ្ណោះទេ ក៏ប៉ុន្តែយើងក៏អាចជួយគ្នាទៅវិញទៅមកផងដែរនៅពេលមានវិបត្តិធ្ងន់ធ្ងរ»។
លោក Clarke Cooper បានមានប្រសាសន៍ថា ប្រសិនបើមិនមែនជាពេលមានវិបត្តិធ្ងន់ធ្ងរទេ វិធានការទាំងនេះមិនសូវមានសារៈសំខាន់ទេនៅក្នុងទ្វីបអាហ្វ្រិក និងនៅទូទាំងពិភពលោក៕
ប្រែសម្រួលដោយលោកឈឹម សុមេធ