ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ៊ីរ៉ង់​ទាមទារ​ឲ្យ​សហរដ្ឋ​អាមេរិក​ធ្វើ «សកម្មភាព» ដើម្បី​ស្ដារ​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​ឡើង​វិញ


រូបឯកសារ៖ មេដឹកនាំ​កំពូល​ប្រទេស​អ៊ីរ៉ង់​លោក Ayatollah Ali Khamenei ថ្លែងសុន្ទរកថាដែលផ្សាយតាមទូរទស្សន៍ នៅទីក្រុង Tehran ប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២១។
រូបឯកសារ៖ មេដឹកនាំ​កំពូល​ប្រទេស​អ៊ីរ៉ង់​លោក Ayatollah Ali Khamenei ថ្លែងសុន្ទរកថាដែលផ្សាយតាមទូរទស្សន៍ នៅទីក្រុង Tehran ប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២១។

មេដឹកនាំ​កំពូល​ប្រទេស​អ៊ីរ៉ង់​លោក Ayatollah Ali Khamenei បាន​ទាមទារ​ឲ្យ​សហរដ្ឋ​អាមេរិក «ធ្វើ​សកម្មភាព​ជាក់​ស្តែង​ដោយ​មិន​គ្រាន់តែ​លើកឡើង​ជា​ពាក្យ​សម្ដី​នោះ​ទេ» ប្រសិនបើ​ខ្លួន​ចង់​ស្តារ​ឡើង​វិញ​នូវ​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ឆ្នាំ ២០១៥។

រដ្ឋាភិបាល​ក្រុង​តេហេរ៉ង់​បាន​កំណត់​យក​សប្តាហ៍​ក្រោយ​ ជា​កាល​បរិច្ឆេទ​ផុត​កំណត់​សម្រាប់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden នៅ​ក្នុង​ការ​ចាប់ផ្តើម​ដក​ចេញ​នូវ​ទណ្ឌកម្ម ដែល​បាន​ដាក់​លើ​អ៊ីរ៉ង់​ដោយ​លោក​អតីត​ប្រធានាធិបតី Donald Trump បើ​មិន​ដូច្នេះ​ទេ អ៊ីរ៉ង់​បាន​បញ្ជាក់​ថា ​ខ្លួន​នឹង​ចាត់​វិធានការ​ទ្រង់ទ្រាយ​ធំ​ដើម្បី​បំពាន​ទៅ​លើ​កិច្ច​ព្រមព្រៀង​នោះ។

លោក Khamenei បាន​បញ្ជាក់​នៅ​ក្នុង​សុន្ទរកថា​មួយ​តាម​កញ្ចក់​ទូរទស្សន៍​ថា៖ «យើង​បាន​ឮ​ពាក្យ​សម្តី​ល្អៗ​ជា​ច្រើន​និង​ការ​សន្យា​នានា ដែល​មិន​ត្រូវ​បាន​អនុវត្ត និង​ការ​ធ្វើ​ផ្ទុយ​ពី​ការ​និយាយ។ គ្រាន់តែ​ជា​ពាក្យ​សម្តី​និង​ការ​សន្យា​នោះ វា​មិន​ល្អ​គ្រប់គ្រាន់​នោះ​ទេ។ ពេល​នេះ​យើង​ត្រូវការ​សកម្មភាព​ជាក់ស្តែង​ពី​ភាគី​ម្ខាង​ទៀត ហើយ​យើង​ក៏​នឹង​ធ្វើ​សកម្មភាព​ផង​ដែរ»។

លោក Biden មាន​បំណង​ស្តារ​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​នេះ​ឡើង​វិញ។ នៅ​ក្រោម​កិច្ច​ព្រមព្រៀង​នេះ អ៊ីរ៉ង់​បាន​ឯកភាព​ក្នុង​ការ​ផ្អាក​កម្មវិធី​នុយក្លេអ៊ែរ​របស់​ខ្លួន ជា​ថ្នូរ​និង​ការ​ដក​ចេញ​នូវ​ទណ្ឌកម្ម​នានា។ កិច្ច​ព្រមព្រៀង​នេះ​គឺជា​សមិទ្ធផល​ដ៏​សំខាន់​ក្នុង​រដ្ឋបាល​របស់​លោក​អតីត​ប្រធានាធិបតី Barack Obama ដែល​ត្រូវ​បាន​លោក Trump លះបង់​ចោល​ កាល​ពី​ឆ្នាំ ២០១៨។

ប៉ុន្តែ​នៅ​ពេល​នេះ ទោះបីជា​រដ្ឋាភិបាល​អ៊ីរ៉ង់​និង​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​បាន​បញ្ជាក់​ថា ពួកគេ​ចង់​ឃើញ​កិច្ច​ព្រមព្រៀង​នេះ​រស់​ឡើង​វិញ​ក៏​ដោយ ក៏​ពួកគេ​នៅ​មិន​ទាន់​ឯកភាព​គ្នា​នៅ​ឡើយ​ថា ​តើ​ភាគី​ណា​គួរ​ចាប់ផ្តើម​ធ្វើ​សកម្មភាព​មុន។

អ៊ីរ៉ង់​បាន​បញ្ជាក់​ថា សហរដ្ឋ​អាមេរិក​ត្រូវតែ​ដក​ទណ្ឌកម្ម​របស់​លោក Trump ចេញ​ជា​មុន ចំណែក​ឯ​សហរដ្ឋ​អាមេរិក​វិញ​បាន​លើកឡើង​ថា អ៊ីរ៉ង់​ត្រូវតែ​ត្រឡប់​មក​គោរព​តាម​កិច្ច​ព្រមព្រៀង​ជា​មុន​សិន ដោយសារ​អ៊ីរ៉ង់​បាន​ចាប់ផ្ដើម​រំលោភ​លើ​កិច្ច​ព្រមព្រៀង​នេះ បន្ទាប់ពី​ទណ្ឌកម្ម​ត្រូវ​បាន​ដាក់​ឡើង​វិញ​មក៕

XS
SM
MD
LG