លោក Sadiq Khan អភិបាលក្រុងឡុងដ៍ បានថ្កោលទោសអ្វីដែលលោកហៅថា «ការវាយប្រហារដ៏សែនអាក្រក់» កាលពីរសៀលថ្ងៃសុក្រ នៅលើស្ពាន London Bridge ដែលនៅក្នុងនោះជនម្នាក់ជាប់សង្ស័យជាអ្នកវាយប្រហារមានកាំបិតនិងពាក់អាវកាក់គ្រឿងផ្ទុះក្លែងក្លាយបានត្រូវបាញ់ស្លាប់ដោយប៉ូលិស។
លោក Khan បាននិយាយបញ្ជាក់ថា មានមនុស្សមួយចំនួនបានត្រូវរបួសនៅក្នុងឧប្បត្តិហេតុនេះ។ លោកក៏បានបញ្ជាក់ដែរថា អ្នកនៅជិតទីនោះបានប្រឈមនឹងអ្នកធ្វើការវាយប្រហារនោះ ហើយបានចាប់ខ្លួនបុរសជាប់សង្ស័យនេះនៅមុនពួកប៉ូលិសមកដល់។
ថ្លែងនៅខាងមុខការិយាល័យ Scotland Yard កាលពីថ្ងៃសុក្រ លោក Khan បានអំពាវនាវដល់អ្នករស់នៅទីក្រុងឡុងដ៍ ឱ្យរួបរួមគ្នាក្នុងការប្រឈមនឹងភេរវកម្ម។លោកបាននិយាយថា «ពួកជនទាំងឡាយណាដែលស្វះស្វែងវាយប្រហារយើង និងបំបែកបំបាក់យើងនឹងគ្មានជោគជ័យជាដាច់ខាត»។
លោក Khan ក៏បានសរសើរពួកជនស៊ីវិលដែលបានប្រឈមនឹងជនជាប់សង្ស័យនោះនិងពួកអ្នកឆ្លើយតបដំបូងដល់ឧប្បត្តិហេតុនេះដោយលោកបានកត់សម្គាល់ថា «ពួកគេបានរត់ទៅរកគ្រោះថ្នាក់» ហើយលោកបានហៅពួកគេថាជា មនុស្សល្អប្រសើរបំផុតរបស់មនុស្សជាតិ។
ពួកប៉ូលិសក្រុងឡុងដ៍បាននិយាយថា ពួកគេបានកំណត់ថា ឧប្បត្តិហេតុនេះជាការវាយប្រហារភេរវកម្ម។
លោក Neil Basu ឧបការីស្នងការប៉ូលិសបានបញ្ជាក់ថា ប៉ូលិសបានបាញ់សម្លាប់ជនសង្ស័យនេះមែន ក៏ប៉ុន្តែមិនបានបញ្ជាក់អំពីហេតុផលដែលនាំឱ្យជននេះប្រើកាំបិតចាក់មនុស្សឯទៀតៗទេ។
ពួកមន្ត្រីអង់គ្លេសបានលើកទឹកចិត្តពួកសាធារណជនឱ្យចៀសវាងកុំទៅកន្លែងកើតហេតុនេះ៕