ជំងឺកូវីដ១៩បានផ្តល់ឱ្យអ្នកលួចចូលមើលទិន្នន័យក្នុងបណ្តាញអ៊ីនធឺណិត ឧក្រិដ្ឋជននិងភេរវជននូវ «ឱកាសធំមួយ» ដើម្បីទាញយកប្រយោជន៍ពីជនជាតិអូស្ត្រាលីតាមបណ្តាញអ៊ីនធឺណិតនៅពេលមានការបិទប្រទេស។ នេះជាទស្សនៈរបស់អង្គការ ASIO ដែលជាអង្គការផ្នែកស៊ើបការណ៍សម្ងាត់ខាងសន្តិសុខនៃប្រទេសអូស្ត្រាលី។
ការងាររបស់អង្គការនេះគឺ រារាំងចារកម្ម ការបំផ្លិចបំផ្លាញដោយចេតនា សកម្មភាពជ្រៀតជ្រែកដោយបរទេស និងអំពើហិង្សាទាក់ទិននឹងរឿងនយោបាយនៅក្នុងប្រទេសអូស្ត្រាលី។
អង្គការ ASIO មានជំនឿថា ពួកជ្រុលនិយមបានផ្សព្វផ្សាយមនោគមវិជ្ជារបស់ពួកគេដោយបានព្យាយាមធ្វើឱ្យពលរដ្ឋអូស្ត្រាលីបានគំនិតជ្រុលនិយមថែមទៀតផង។ អំពើទុច្ចរិតឯទៀតៗមានរួមបញ្ចូលការលួចព័ត៌មានផ្ទាល់ខ្លួន ការគៃបន្លំទាក់ទងនិងការទិញទំនិញតាមអ៊ីនធឺណិត ការលួចប្រាក់សោធននិវត្តន៍ ព្រមទាំងការគៃបន្លំតាម cryptocurrency គឺរូបិយបណ្ណក្នុងរូបភាពឌីជីថល និងការគាំទ្រពីពួកមនុស្សល្បីឈ្មោះ។ មានការចោទប្រកាន់ដែរថា រដ្ឋាភិបាលបរទេសបានប្រើការរាតត្បាតជាសាកលនៃជំងឺកូវីដ១៩ ដើម្បីប្រមូលព័ត៌មានរសើបតាមអ៊ីនធឺណិត។
នៅក្នុងអត្ថបទជាសំឡេងរបស់វិទ្យាស្ថានរដ្ឋបាលសាធារណៈអូស្ត្រាលីដែលជាអង្គការស្រាវជ្រាវមិនប្រកាន់គណបក្ស លោក Mike Bergess ប្រធានអង្គការ ASIO បាននិយាយថា ការរាតត្បាតជាសាកលនៃជំងឺកូវីដ១៩បានផ្តល់ឱកាសឱ្យពួកឧក្រិដ្ឋជននិងពួកជ្រុលនិយម។
លោក Mike Bergess បាននិយាយថា៖ «យើងឃើញមានមនុស្សច្រើនឡើងៗដែលនៅឯផ្ទះធ្វើការទាក់ទងគ្នាតាមបណ្តាញអ៊ីនធឺណិត ហើយក៏មានការប៉ុនប៉ងផ្សព្វផ្សាយមនោគមវិជ្ជាជ្រុលនិយម ដើម្បីធ្វើឱ្យពលរដ្ឋមានគំនិតជ្រុលនិយមដែរ។ យើងឃើញមានអាកប្បកិរិយាឧក្រិដ្ឋច្រើនជាងមុនតាមអ៊ីនធឺណិត ដូចដែលទីភ្នាក់ងារឯទៀតៗបានរាយការណ៍ដែរ»។
លោក Bergess ក៏បានរិះគន់ដែរថា ក្រុមហ៊ុនបច្ចេកវិទ្យាមិនបានធ្វើតាមការស្នើសុំរបស់ទីភ្នាក់ងារសន្តិសុខសុំចូលមើលព័ត៌មានតាមប្រព័ន្ធអ៊ីនធឺណិតនោះទេ។ ពួកអ្នកវិភាគនិយាយថា អត្ថាធិប្បាយរបស់លោក Bergess ជាតម្រុយច្បាស់មួយដែលបង្ហាញថា ស្ថាប័នខាងស៊ើបការណ៍សម្ងាត់នៃប្រទេសអូស្ត្រាលីចង់ឱ្យមានអំណាចថ្មីក្នុងការចូលមើលទិន្នន័យអត្ថបទដែលសរសេរជាអក្សរកូដ។
បច្ចេកវិទ្យានេះបានត្រូវប្រើសម្រាប់ហេតុផលស្របច្បាប់ដោយមានរួមបញ្ចូលពាណិជ្ជកម្មនិងធនាគារ។
ប្រធានអង្គការ ASIO បានថ្លែងថា តុល្យភាពរវាងសិទ្ធិឯកជននិងសន្តិសុខគួរត្រូវវាយតម្លៃជាថ្មីដើម្បីជាប្រយោជន៍ដល់ការពង្រឹងច្បាប់និងសន្តិសុខជាតិ។ ពួកអ្នកគាំទ្រសេរីភាពពលរដ្ឋបានពណ៌នាវិធានការនេះថាជា «ការក្តាប់អំណាច»៕
ប្រែសម្រួលដោយលោកឈឹម សុមេធ