កាលពីថ្ងៃសុក្រ ក្រុមប្រឹក្សាសន្តិសុខអ.ស.ប.បានយល់ស្របគ្នាជាឯកច្ឆន្ទដាក់ កំហិតការដាក់ទណ្ឌកម្មមួយលើកទៀតលើប្រទេសកូរ៉េខាងជើងដោយយកជាទីដៅនូវវិស័យដែលជំរុញកម្មវិធីអាវុធខុសច្បាប់របស់ប្រទេសនេះ។
លោកស្រី Nikki Haley ឯកអគ្គរដ្ឋទូតស.រ.អា.ប្រចាំអ.ស.ប.បាននិយាយថា «ដូចដែលយើងបានធ្វើកាលពីអតីតកាលដែរ យើងនឹងបន្តប្រឆាំងនឹងជម្រើសរបស់របបគ្រប់គ្រង Kim នៃការធ្វើសកម្មភាពគឃ្លើនជាមួយសកម្មភាពនៃការដាក់ទណ្ឌកម្មអន្តរជាតិ»។ លោកស្រីបាននិយាយយោងដល់មេដឹកនាំកូរ៉េខាងជើង Kim Jong Un។
ការដាក់ទណ្ឌកម្មថ្មីនេះមានធ្វើបន្ថែមលើការដាក់ទណ្ឌកម្មតឹងតែងបីកាលពីពេលមុននេះដែលបានត្រូវដាក់កំហិតលើរដ្ឋាភិបាលក្រុងព្យុងយ៉ាង ក្នុងឆ្នាំនេះ។
ប្រសិនបើត្រូវអនុវត្តពេញលេញ ការដាក់ទណ្ឌកម្មនេះនឹងកម្រិតការដឹកជញ្ជូនប្រចាំឆ្នាំចូលក្នុងប្រទេសកូរ៉េខាងជើងនូវផលិតផលប្រេងកាតចំរាញ់ដូចជាសាំងនិងប្រេងម៉ាស៊ូតជាដើមឱ្យមកនៅត្រឹមតែ៥សែនធុងដោយចុះថយពី៤លាន៥សែនធុងក្នុងឆ្នាំ២០១៦។ ការលើកលែងអំពីករណីយនេះនឹងត្រូវអនុញ្ញាតឱ្យមានតាមមូលដ្ឋាននៃករណីមួយៗដោយមានការយល់ព្រមពីក្រុមប្រឹក្សាសន្តិសុខអ.ស.ប.។
វិធានការទាំងនេះក៏ស្វះស្វែងដែរឱ្យមានការកាត់ផ្តាច់ប្រាក់ចំណូលពីក្រុមពលករកូរ៉េខាងជើងដែលបានត្រូវបញ្ចូនឱ្យទៅធ្វើការនៅឯប្រទេសក្រៅ។
ប្រាក់បៀវត្សរ៍របស់ក្រុមពលករទាំងនេះ ជាញឹកញយ បានត្រូវរឹបយកជាផ្នែកឬទាំងស្រុងដោយរបបគ្រប់គ្រងកូរ៉េខាងជើងដើម្បីប្រើប្រាស់ក្នុងកម្មវិធីខុសច្បាប់របស់ផងខ្លួន។ តាមរយៈសេចក្តីសម្រេចចិត្តថ្មីនេះ ក្រុមពលករកូរ៉េខាងជើងទាំងអស់ត្រូវវិលត្រឡប់មកប្រទេសពួកគេវិញក្នុងរយៈពេលពីរឆ្នាំ។
ស.រ.អា.ដែលបានព្រាងអត្ថបទនៃសេចក្តីសម្រេចចិត្តនេះបានស្ទង់ប្រមាណថាមានជនជាតិកូរ៉េខាងជើងពី៥ម៉ឺនទៅ៨ម៉ឺននាក់ធ្វើការក្នុងប្រទេសចិនហើយប្រមាណ៣ម៉ឺននាក់ទៀតធ្វើការក្នុងប្រទេសរុស្សី។
ប្រធានាធិបតីស.រ.អា. Donald Trump បាន Tweet កាលពីថ្ងៃសុក្រថា «ក្រុមប្រឹក្សាសន្តិសុខអ.ស.ប.ទើបតែបានបោះឆ្នោត១៥សំឡេងទល់នឹងសូន្យគាំទ្រដល់ការដាក់ទណ្ឌកម្មបន្ថែមទៀតលើប្រទេសកូរ៉េខាងជើង។ ពិភពលោកចង់បានសន្តិភាព មិនមែនចង់បានការស្លាប់ទេ»!៕