ក្រសួងការបរទេសកូរ៉េខាងជើង នៅថ្ងៃអាទិត្យនេះ បានហៅការដាក់ទណ្ឌកម្មថ្មីចុងក្រោយបំផុតរបស់អង្គការសហប្រជាជាតិមកលើខ្លួនថាជា «សកម្មភាពបង្កសង្គ្រាម» និងជាសកម្មភាពដែល «ដូចទៅនឹងការរារាំងសេដ្ឋកិច្ចទាំងស្រុង» ដូច្នេះដែរ។
នៅក្នុងសេចក្ដីប្រកាសមួយដែលផ្សព្វផ្សាយដោយទីភ្នាក់ងារព័ត៌មាន KCNA របស់កូរ៉េខាងជើង អ្នកនាំពាក្យក្រសួងការបរទេសកូរ៉េខាងជើងបាននិយាយថា រដ្ឋាភិបាលក្រុងព្យុងយ៉ាង «បដិសេធយ៉ាងដាច់អហង្ការចំពោះសេចក្ដីសម្រេច» របស់អង្គការសហប្រជាជាតិនេះ។ រដ្ឋាភិបាលកូរ៉េខាងជើងបានបញ្ជាក់ថា សេចក្ដីសម្រេចនេះគឺជាលទ្ធផលនៃអំពើភេរវកម្មរបស់សហរដ្ឋអាមេរិកដែលធ្វើមកលើជោគជ័យរបស់កម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់ខ្លួន។
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានសម្រេចជាឯកច្ឆន្ទកាលពីថ្ងៃសុក្រកន្លងទៅនេះ ដើម្បីដាក់ទណ្ឌកម្មមួយចំនួនបន្ថែមទៀតលើប្រទេសកូរ៉េខាងជើង ដោយទណ្ឌកម្មនោះសំដៅលើវិស័យ ឬផ្នែកណាដែលជួយដល់កម្មវិធីអាវុធនុយក្លេអ៊ែរ និងមីស៊ីលខុសច្បាប់របស់កូរ៉េខាងជើង។
លោកស្រី Nikki Haley ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំអង្គការសហប្រជាជាតិបាននិយាយសំដៅទៅលើមេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un យ៉ាងដូច្នេះថា៖ «ដូចដែលយើងធ្លាប់ធ្វើកាលពីលើកមុនៗ យើងនឹងបន្តផ្គូផ្គងជម្រើសសកម្មភាពគឃ្លើនរបស់របបដឹកនាំកូរ៉េខាងជើង ជាមួយនឹងសកម្មភាពនៃទណ្ឌកម្មអន្តរជាតិ»។
ការប្រកាសរបស់កូរ៉េខាងជើងចំពោះទណ្ឌកម្មរបស់អង្គការសហប្រជាជាតិនេះ គឺមានបំណងចង់តតាំងជាមួយនឹងការអះអាងខាងលើរបស់លោកស្រី Nikki Haley ដោយកូរ៉េខាងជើងបានបញ្ជាក់ថា៖ «ប្រសិនបើសហរដ្ឋអាមេរិកចង់មានសុវត្ថិភាព សហរដ្ឋអាមេរិកត្រូវតែលះបង់គោលនយោបាយបង្កជម្លោះរបស់ខ្លួនចេញ... និងត្រូវរៀនរស់នៅជាមួយនឹងប្រទេសដែលមានអាវុធនុយក្លេអ៊ែរ»៕