ប្រទេសឥណ្ឌូណេស៊ីបានជំរុញឲ្យប្រទេសជិតខាងរបស់ខ្លួន ដែលជាសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា អាស៊ាន ទទួលយល់ព្រមលើផែនការមួយស្តីអំពីរដ្ឋប្រហារយោធាក្នុងប្រទេសមីយ៉ាន់ម៉ា។
ផែនការនេះនឹងធ្វើឲ្យរបបយោធានៅក្នុងប្រទេសនេះ គោរពកិច្ចសន្យារបស់ខ្លួន ដោយរៀបចំការបោះឆ្នោតដែលមានអ្នកត្រួតពិនិត្យ ដើម្បីធានាថា ការបោះឆ្នោតនោះប្រព្រឹត្តទៅដោយពេញលេញនិងមានភាពត្រឹមត្រូវ។ នេះបើតាមការបញ្ជាក់របស់ប្រភពចំនួនបី ដែលបានដឹងពីផែនការនេះ ហើយបានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters។
ការស្នើសុំពីប្រទេសដ៏ធំបំផុតក្នុងតំបន់មួយនេះមិនបានលើកឡើងអំពីការទាមទារជាសាធារណៈរបស់អ្នកប្រឆាំងតវ៉ា និងបស្ចិមប្រទេសមួយចំនួន ដែលបានទទូចឲ្យមានការដោះលែងជាបន្ទាន់នូវមេដឹកនាំជាប់ឆ្នោតលោកស្រី Aung San Suu Kyi និងការទទួលស្គាល់លទ្ធផលបោះឆ្នោត កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំទៅ ដែលគណបក្សរបស់លោកស្រីជាអ្នកឈ្នះភ្លូកទឹកភ្លូកដីនោះទេ។
មន្ត្រីជាន់ខ្ពស់២រូប ដែលបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានប្រាប់ទីភ្នាក់ងារ Reuters ថា ដំណោះស្រាយតាមរយៈការទូតមួយត្រូវផ្តោតលើការទប់ស្កាត់ការបង្ហូរឈាម និងការជំរុញឲ្យក្រុមយោធាគោរពកិច្ចសន្យារបស់ខ្លួន ក្នុងការរៀបចំការបោះឆ្នោតថ្មីមួយ ហើយប្រគល់អំណាចទៅឲ្យអ្នកឈ្នះ។
ក្រុមអ្នកប្រឆាំងតវ៉ាបានថ្កោលទោសយោធាមីយ៉ាន់ម៉ាពីការសន្យាការរៀបចំការបោះឆ្នោតជាថ្មី ដោយពួកគេលើកឡើងថា របបនេះគួរតែទទួលស្គាល់នូវលទ្ធផលបោះឆ្នោតដែលបានធ្វើរួចហើយកាលពីឆ្នាំទៅ។
ក្រុមយោធា បានធ្វើរដ្ឋប្រហារ បន្ទាប់ពីគណៈកម្មការរៀបចំការបោះឆ្នោតបានច្រានចោលការចោទប្រកាន់របស់ក្រុមយោធាដែលថា ការបោះឆ្នោតកាលពីខែវិច្ឆិកាឆ្នាំទៅមានការលួចបន្លំនោះ។
ទោះជាយ៉ាងណាក៏ដោយ ក៏របបយោធានៅក្នុងប្រទេសមីយ៉ាន់ម៉ាមិនបានកំណត់កាលបរិច្ឆេទសម្រាប់រៀបចំការបោះឆ្នោតថ្មីមួយនោះនៅឡើយទេ។
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ប្រទេសចិន សហភាពអឺរ៉ុប សហរដ្ឋអាមេរិក និងប្រទេសដទៃជាច្រើនទៀត បានស្នើឲ្យសមាគមអាស៊ានជួយដោះស្រាយវិបត្តិនេះ៕