អាជ្ញាធរយោធាមីយ៉ាន់ម៉ាបានប្រហារជីវិតពួកសកម្មជនប្រជាធិបតេយ្យ៤នាក់ដែលត្រូវបានចោទប្រកាន់ថា បានជួយធ្វើសកម្មភាព«ភេរវកម្ម»។ នេះជាការប្រហារជីវិតលើកទី១ក្នុងប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍នេះក្នុងពេលប៉ុន្មានទសវត្សរ៍មកនេះ។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters ដែលដកស្រង់ពីសេចក្តីរាយការណ៍របស់បណ្តាញព័ត៌មានរដ្ឋនៅថ្ងៃចន្ទនេះ។
បុរសទាំង៤នាក់ត្រូវបានកាត់ទោសប្រហារជីវិតកាលពីខែមករានៅក្នុងការជំនុំជម្រះសម្ងាត់ និងបានរងការចោទប្រកាន់ពីការជួយពួកកងជីវពលវាយប្រហារកងទ័ពដែលបានដណ្តើមអំណាចនៅក្នុងរដ្ឋប្រហារកាលពីឆ្នាំទៅ និងបានធ្វើការបង្ក្រាបបង្ហូរឈាមអ្នកប្រឆាំង។
រដ្ឋាភិបាលឯកភាពជាតិមីយ៉ាន់ម៉ា ឬ NUG គឺជារដ្ឋាភិបាលស្រមោលដែលត្រូវបានពួកយោធាដែលគ្រប់គ្រងអំណាចចាត់ទុកថា ខុសច្បាប់នោះ បានថ្កោលទោសការប្រហារជីវិតដែលត្រូវបានគេរាយការណ៍នេះ។
អ្នកនាំពាក្យការិយាល័យប្រធានាធិបតី NUG លោក Kyaw Zaw បានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters តាមសារថា៖ «គួរឱ្យក្រៀមក្រំខ្លាំងណាស់… ហើយយើងថ្កោលទោសអំពើព្រៃផ្សៃរបស់របបយោធាដោយពាក្យធ្ងន់ៗបំផុត បើមានការប្រហារជីវិតមែន។ សហគមន៍អន្តរជាតិត្រូវតែដាក់ទណ្ឌកម្មអំពើព្រៃផ្សៃរបស់ពួកគេនេះ»។
កាសែត Global New Light របស់មីយ៉ាន់ម៉ាបានបញ្ជាក់ថា ក្នុងចំណោមអ្នកដែលត្រូវប្រហារជីវិតទាំងនោះមានឥស្សរជនប្រជាធិបតេយ្យឈ្មោះ Kyaw Min Yu Thaw ដែលគេច្រើនហៅថា Jimmy និងលោក Phyo Zeya Thaw ជាអតីតសមាជិកសភា និងជាតារាចម្រៀង hip-hop។
លោក Kyaw Min Yu អាយុ៥៣ឆ្នាំ និងលោក Phyo Zeya Thaw អាយុ៤១ ឆ្នាំដែលជាសម្ពន្ធមិត្តរបស់មេដឹកនាំមីយ៉ាន់ម៉ាលោកស្រី Aung San Suu Kyi បានបាត់បង់សិទ្ធិប្តឹងឧទ្ធរណ៍ប្រឆាំងនឹងការកាត់ទោសកាលពីខែមិថុនា។ សកម្មជនពីរនាក់ទៀតដែលត្រូវប្រហារជីវិតដែរគឺ Hla Myo Aung និង Aung Thura Zaw។ លោក Tom Andrews អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំប្រទេសមីយ៉ាន់ម៉ា បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ខ្ញុំមានការខឹងសម្បា និងខ្លោចផ្សា ដោយបានឮព័ត៌មានអំពីរបបយោធាប្រហារជីវិតអ្នកស្នេហាជាតិ និងជើងឯកនៃសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ»។
អ្នកជំនាញសិទ្ធិមនុស្សនេះបាននិយាយថា៖ «បេះដូងខ្ញុំសូមចូលរួមមរណទុក្ខគ្រួសារ មិត្តភក្តិ និងមនុស្សជាទីស្រឡាញ់របស់ពួកគេ និងប្រជាជនទាំងអស់នៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលជាជនរងគ្រោះនៃអំពើឃោរឃៅដែលកើនឡើងដោយរបបយោធា។ ទង្វើថោកទាបទាំងនេះត្រូវតែជាចំណុចរបត់មួយសម្រាប់សហគមន៍អន្តរជាតិ»។
អ្នកស្រី Thazin Nyunt Aung ភរិយារបស់លោក Phyo Zeya Thaw បាននិយាយថា គេមិនបានប្រាប់គាត់ពីការប្រហារជីវិតប្តីរបស់គាត់ទេ។ ទីភ្នាក់ងារព័ត៌មាន Reuters មិនអាចទាក់ទងសាច់ញាតិរបស់អ្នកផ្សេងទៀតភ្លាមៗដើម្បីសុំការបញ្ជាក់ទេ៕