ជាការឆ្លើយតបនឹងការប្រហារជីវិតសកម្មជននិងមន្ត្រីមីយ៉ាន់ម៉ា៤នាក់កាលពីថ្ងៃចន្ទ ដោយរបបសឹកភូមា សមាគមអាស៊ានបានចេញសេចក្តីថ្លែងការណ៍មួយ ដោយបង្ហាញ«ក្តីតក់ស្លុត» និងបន្តអំពាវនាវឱ្យបញ្ឈប់សកម្មភាពណា ដែលធ្វើឱ្យវិបត្តិនៅមីយ៉ាន់ម៉ាកាន់តែដុនដាប។
ការប្រហារជីវិតនេះកើតឡើង បើទោះមានការអំពាវនាវរបស់កម្ពុជា ដែលជាប្រធានអាស៊ានប្តូរវេននៅឆ្នាំនេះ ឱ្យរបបសឹកភូមាពិចារណាឡើងវិញអំពីការកាត់ទោសប្រហារជីវិតនេះកាលពីកន្លងទៅក៏ដោយ។
សេចក្តីថ្លែងការណ៍មួយ ចុះថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២របស់ប្រធានអាស៊ាន ឱ្យដឹងថាអាស៊ានពិតជាមាន«ក្តីតក់ស្លុត» និង«សោកសៅយ៉ាងក្រៃលែង» ដោយសារការប្រហារជីវិតសកម្មជន៤នាក់ក្នុងប្រទេសមីយ៉ាន់ម៉ា បើទោះមានការស្នើសុំឱ្យពិចារណាឡើងវិញលើការសម្រេចផ្តន្ទាទោសលើសកម្មជនទាំងនោះ ពីសំណាក់ប្រធានអាស៊ាន និងរដ្ឋជាសមាជិកផ្សេងទៀត។
សេចក្តីថ្លែងការណ៍បញ្ជាក់ថា៖ «នេះជាបញ្ហាដែលអាស៊ានយកចិត្តទុកដាក់យ៉ាងខ្លាំង»។
អាស៊ានអំពាវនាវឱ្យគ្រប់ភាគីពាក់ព័ន្ធមានការអត់ទ្រាំ និងអត់ធ្មត់ជាអតិបរមា ហើយខិតខំចៀសវាងមិនធ្វើឱ្យជម្លោះរីករាលដាលកាន់តែខ្លាំង»។ សេចក្តីថ្លែងការណ៍បន្ថែមថា៖ «ការអនុវត្តទោសប្រហារជីវិតតែមួយសប្តាហ៍ប៉ុណ្ណោះមុនកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ គឺជាទង្វើមិនអាចអត់ឱនបានធ្ងន់ធ្ងរណាស់ ព្រោះវាបានទាញថយក្រោយនូវវឌ្ឍនភាព និងថែមទាំងសបញ្ជាក់ច្បាស់ពីកង្វះឆន្ទៈគាំទ្រកិច្ចប្រឹងប្រែង ជាពិសេសរបស់ប្រធានអាស៊ាន ក្នុងការជួយពន្លឿនវឌ្ឍនភាពនៃកិច្ចព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុច ពោលគឺការកសាងភាពជឿជាក់និងទំនុកចិត្ត ដើម្បីធ្វើឱ្យមានកិច្ចសន្ទនាក្នុងចំណោមភាគីពាក់ព័ន្ធទាំងអស់ សំដៅបញ្ចប់អំពើហិង្សានិងសម្រាលទុក្ខវេទនារបស់ប្រជាជនស្លូតត្រង់»។
ប្រធានអាស៊ានជំរុញឱ្យរបបយោធាចាត់វិធានការជាក់ស្តែង ដើម្បីអនុវត្តកិច្ចព្រមព្រៀងឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព។ នេះបើតាមសេចក្តីថ្លែងការណ៍។ សេចក្តីថ្លែងការណ៍បន្ថែមថា អាស៊ាននៅតែតាំងចិត្តរកវិធីសាស្ត្រជួយមីយ៉ាន់ម៉ាឱ្យទៅរកប្រក្រតីភាពវិញ និងដំណើរការកែប្រែទៅរកលទ្ធិប្រជាធិបតេយ្យ ហើយស្វែងរកដំណោះស្រាយនយោបាយដោយសន្តិវិធីចំពោះវិបត្តិបច្ចុប្បន្ន។
កាលពីខែមិថុនា ឆ្នាំ២០២២ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្នើមេដឹកនាំយោធាមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង (Min Aung Hlaing) ឱ្យពិចារណាឡើងវិញ ចំពោះការសម្រេចកាត់ទោសប្រហារជីវិតក្រុមប្រឆាំង ដែលលោកថាវានឹងបង្កឱ្យមានប្រតិកម្មអវិជ្ជមានរីករាលដាលពេញសហគមន៍អន្តរជាតិ និងប៉ះពាល់ចំណុចឯកភាពទាំង៥ កាលពីកន្លងទៅ។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីស្ថានទូតមីយ៉ាន់ម៉ាប្រចាំនៅទីក្រុងភ្នំពេញ តាមសារអ៊ីមែល បាននៅឡើយទេ។
អ្នកស្រាវជ្រាវនៅវិទ្យាស្ថានខ្មែរសម្រាប់សហប្រតិបត្តិការនិងសន្តិភាព លោក វណ្ណ ប៊ុនណា មើលឃើញថា ស្ថានភាពនៅប្រទេសមីយ៉ាន់ម៉ានឹងកាន់តែអាក្រក់ ហើយថាសកម្មភាពរបស់របបសឹកភូមានេះបង្ហាញថាពួកគេព្យាយាមបន្លាចក្រុមអ្នកនយោបាយប្រឆាំងណាដែលហ៊ានងើបឡើងតតាំងជាមួយខ្លួន ព្រមទាំងបញ្ជាក់ពីភាពមិនខ្វល់ជាមួយកង្វល់របស់សហគមន៍អន្តរជាតិជាពិសេសអាស៊ាន។
លោកថ្លែងថា៖ «អាស៊ានគ្មានតម្លៃ ឬគ្រាន់តែជាខ្លាក្រដាសដែលគ្មានឥទ្ធិពលអ្វីចាប់បង្ខំខ្លួនឱ្យធ្វើទៅតាមអ្វីដែលអាស៊ានចង់បាននោះទេ»។
អ្នកស្រាវជ្រាវរូបនេះបន្តថា អាស៊ានគួរតែពិនិត្យមើលនូវវិធានការក៏ដូចជាយន្តការរបស់ខ្លួន ហើយប្តូរមកចាត់វិធានការបែបក្តៅវិញ តាមរយៈទណ្ឌកម្មសេដ្ឋកិច្ច ក៏ដូចជាយុទ្ធសាស្ត្រការទូតផ្សេងពីនេះ ខណៈយន្តការសម្របសម្រួល និងការទូតមិនអាចធ្វើឱ្យក្រុមយោធាភូមាញញើតឡើយ។
ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត គិន ភា ប្រាប់វីអូអេនៅថ្ងៃអង្គារនេះថាការសម្រេចប្រហារជីវិតសកម្មជន និងអតីតមន្ត្រីមីយ៉ាន់ម៉ា៤នាក់ពីសំណាក់ក្រុមយោធា រឹតតែធ្វើឱ្យស្ថានភាពនៅប្រទេសមួយនេះ កាន់តែយ៉ាប់យឺន និងពិបាករកច្រកចេញ និងថារបបសឹកភូមាកំពុងតែធ្វើឱ្យខ្លួនឯងកាន់តែឯកោ។
លោក គិន ភា មើលឃើញថា ហេតុផលនៅពីក្រោយដែលនាំឱ្យយោធាមីយ៉ាន់ម៉ាធ្វើសកម្មភាព«គឃ្លើន»បែបនេះ អាចមកពីទណ្ឌកម្មសេដ្ឋកិច្ចរបស់សហគមន៍អន្តរជាតិមិនអាចធ្វើឱ្យរង្គោះរង្គើធ្ងន់ធ្ងរដល់អំណាចរបស់ពួកគេ និងការមិនឯកច្ឆន្ទគ្នារបស់សមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាតិទៅលើបញ្ហានេះ ជាពិសេសការល្អូកល្អើនគ្នាខ្លាំងរវាងរបបសឹកភូមាជាមួយនឹងសហព័ន្ធរុស្ស៊ី ដែលជាខ្នងបង្អែកសម្រាប់ពួកគេ។
លោកបន្តថាសហគមន៍អន្តរជាតិមិនទាន់បោះជំហានណាមួយគួរឱ្យកត់សម្គាល់ ដែលអាចដាក់សម្ពាធរបបសឹកភូមាឡើយ។
លោកថ្លែងថា៖ «យើងឃើញមកដល់ពេលនេះ សហគមន៍អន្តរជាតិហាក់ដូចជាមិនទាន់បានធ្វើសកម្មភាពឱ្យសមល្មម ឱ្យគ្រប់គ្រាន់ ដើម្បីជាការដាក់សម្ពាធទៅលើមេដឹកនាំយោធាដែលប្លន់អំណាចពីរដ្ឋាភិបាលស៊ីវិលដែលកើតចេញពីការបោះឆ្នោត»។
បណ្ឌិតរូបនេះបន្ថែមថាអាស៊ានគួរតែពិចារណាព្យួរសមាជិកភាពរបស់ភូមាសិន ដើម្បីជាការដាក់សម្ពាធបន្ថែមទៅលើរបបសឹកភូមា ហើយថាសហគមន៍អន្តរជាតិជាពិសេសសមាជិកអចិន្ត្រៃយ៍របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាតិត្រូវតែចាត់វិធានការឱ្យបានសមស្រប និងមានការឯកភាពគ្នាលើករណីនេះ។
គួរបញ្ជាក់ថា កាលពីខែមេសា ឆ្នាំ២០២១ មេដឹកនាំអាស៊ានដែលមានទាំងមេដឹកនាំយោធាមីយ៉ាន់ម៉ាផងដែរ បានមូលមតិគ្នាជាឯកច្ឆន្ទទៅលើ៥ចំណុច។ ទី១ បញ្ឈប់រាល់អំពើហិង្សាជាបន្ទាន់ ហើយគ្រប់ភាគីត្រូវរក្សាភាពអត់ធ្មត់ខ្ពស់បំផុត។ ទី២ កិច្ចសន្ទនាប្រកបដោយការស្ថាបនារវាងភាគីពាក់ព័ន្ធ ដើម្បីផលប្រយោជន៍របស់ប្រជាជន។ ទី៣ ចាត់តាំងប្រេសិតពិសេសរបស់អាស៊ាន ដើម្បីសម្របសម្រួលកិច្ចសន្ទនា ដោយមានជំនួយពីអគ្គលេខាធិការអាស៊ាន។ ទី៤ ផ្តល់ជំនួយមនុស្សធម៌តាមរយៈមជ្ឈមណ្ឌលអាស៊ាន។ ទី៥ ទស្សនកិច្ចរបស់ប្រេសិតពិសេសនៅប្រទេសមីយ៉ាន់ម៉ាដើម្បីជួបជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕
កម្ពុជាអំពាវនាវឱ្យបញ្ឈប់សកម្មភាពដែលបង្កវិបត្តិមីយ៉ាន់ម៉ាកាន់តែដុនដាប ខណៈមានការប្រហារជីវិតមនុស្ស៤នាក់
ភ្នំពេញ —