សាសនាឥស្លាមជ្រុលនិយម គោលនយោបាយការបរទេស និងពាណិជ្ជកម្មគឺជាបញ្ហាដែលត្រូវបានលើកយកមកពិភាក្សាដេញដោលនៅក្នុងវេទិកាពិភាក្សាដេញដោលចុងក្រោយបង្អស់របស់បេក្ខជនទាំង៤រូបខាងគណបក្សសាធារណរដ្ឋ មុននឹងឈានដល់ការបោះឆ្នោតបឋម និងកិច្ចប្រជុំរបស់គណបក្សដើម្បីជ្រើសរើសបេក្ខជនប្រធានាធិបតី នៅថ្ងៃអង្គារសប្តាហ៍ក្រោយនេះ។
នៅក្នុងពិភាក្សាដេញដោលរយៈពេលវែងទៅលើការគំរាមកំហែងរបស់អ្នកកាន់សាសនាឥស្លាមជ្រុលនិយម លោក Donald Trump ដែលជាបេក្ខជនឈរឈ្មោះប្រធានាធិបតីអាមេរិកខាងគណបក្សសាធារណរដ្ឋបានឈរលើជំហររបស់លោកដែលថា «អ្នកកាន់សាសនាឥស្លាមជាច្រើនស្អប់ជនជាតិអាមេរិកាំង ហើយលោកនឹងពិចារណាបញ្ជូនកងកម្លាំងយោធាផ្លូវគោកអាមេរិករហូតដល់៣ម៉ឺននាក់ ទៅវាយប្រយុទ្ធជាមួយនឹងក្រុមឧទ្ទាមរដ្ឋឥស្លាមនៅមជ្ឈឹមបូព៌ា។
លោក Trump ត្រូវបានគេសាកសួរអំពីអ្វីដែលលោកបានលើកឡើងនៅក្នុងបទសម្ភាសន៍មួយក្នុងសប្តាហ៍នេះដែលថា «អ្នកកាន់សាសនាឥស្លាមស្អប់ជនជាតិអាមេរិកាំង»។ នៅពេលត្រូវបានសាកសួរនៅក្នុងវេទិកាពិភាក្សាដេញដោលអំពីថាតើ លោកសំដៅលើអ្នកកាន់សាសនាឥស្លាមទាំងអស់ ឬយ៉ាងណា លោក Trump បានឆ្លើយតបមកវិញថា «លោកសំដៅលើអ្នកកាន់សាសនាឥស្លាមជាច្រើននាក់»។ លោក Trump បានមានប្រសាសន៍ថា លោកមិនចាប់អារម្មណ៍នឹងគេចវេសពីសម្តីដែលលោកបានលើកឡើង ដើម្បីឲ្យត្រឹមត្រូវទៅតាមនយោបាយនោះទេ។
លោក Marco Rubio ដែលជាគូប្រជែងបានឆ្លើយតបដោយម៉ឺងម៉ាត់ថា «ខ្ញុំមិនចាប់អារម្មណ៍នឹងសម្តីដែលត្រឹមត្រូវទៅតាមនយោបាយនោះទេ។ ខ្ញុំចាប់អារម្មណ៍នឹងសម្តីដែលត្រឹមត្រូវតែម្តង»។ សមាជិកព្រឹទ្ធសភារដ្ឋ Florida រូបនេះបានមានប្រសាសន៍ថា មធ្យោបាយតែមួយគត់ក្នុងការដោះស្រាយបញ្ហាសាសនាឥស្លាមជ្រុលនិយមគឺត្រូវចងមិត្តជាមួយនឹងអ្នកកាន់សាសនាឥស្លាមដែលមិនជ្រុលនិយម។ ហើយលោកបានព្រមានថា «ប្រធានាធិបតីទាំងឡាយមិនមែនគ្រាន់តែនិយាយនូវអ្វីដែលខ្លួនចង់និយាយនោះទេ ព្រោះវាផ្តល់ផលប៉ះពាល់ដល់ពិភពលោកទាំងមូល»។
លោក Ted Cruz សមាជិកព្រឹទ្ធសភារដ្ឋ Texas បានរិះគន់នូវអ្វីដែលលោកហៅថា ជាដំណោះស្រាយសាមញ្ញរបស់លោក Trump ទៅលើពាណិជ្ជកម្ម និងអំពើហិង្សាដែលកើតឡើងដោយសារជនជ្រុលនិយម។ លោកបានមានប្រសាសន៍ថា «ចម្លើយគឺមិនមែនសាមញ្ញដោយគ្រាន់តែស្រែកថា «ប្រទេសចិនអាក្រក់ ហើយអ្នកកាន់សាសនាឥស្លាមអាក្រក់នោះទេ»។
ទំនាក់ទំនងជាមួយនឹងប្រទេសគុយបាក៏ត្រូវបានលើកយកមកពិភាក្សាផងដែរ ដោយលោក Rubio និងលោក Cruz បានថ្កោលទោសទំនាក់ទំនងការទូតក្តៅគគុករវាងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន និងរដ្ឋាភិបាលក្រុងឡាហាវ៉ាន (Havana)។
លោក John Kasich អភិបាលរដ្ឋ Ohio ដែលទទួលបានសំឡេងឆ្នោតគាំទ្រតិចជាងគេនៅក្នុងការស្ទង់មតិសាធារណៈ មិនបានបញ្ចេញយោបល់ច្រើននោះទេ ប៉ុន្តែបានបញ្ចេញជំហររបស់លោកទៅលើច្បាប់ស្តីពីការប្រែប្រួលអាកាសធាតុ។ លោកបានមានប្រសាសន៍ថា លោកមានជំនឿថា សកម្មភាពរបស់មនុស្សរួមចំណែកធ្វើឲ្យអាកាសធាតុប្រែប្រួល ប៉ុន្តែលោកបានលើកឡើងថា វាអាចទៅរួចក្នុងការបន្តឹងបទបញ្ញត្តិបរិស្ថានដែលមិនប៉ះពាល់ដល់សេដ្ឋកិច្ច។
លោក Rubio បានឆ្លើយតបមកវិញថា មិនមានច្បាប់ណាមួយដែលបានអនុម័តដោយសភាអាចកែប្រែអាកាសធាតុបាននោះទេ៕