ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​អ្នក​អភិរក្ស​និយម​របស់​គណបក្ស​សាធារណរដ្ឋ​រិះគន់​លោក Trump


លោក Donald Trump ជួប​អ្នក​គាំទ្រ​បន្ទាប់​ពី​ថ្លែង​នៅ​កន្លែង​ប្រមូល​ផ្តុំ​សម្រាប់​យុទ្ធនាការ​នៅ​ក្នុង​រដ្ឋ New Orleans កាលពី​ថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៦។
លោក Donald Trump ជួប​អ្នក​គាំទ្រ​បន្ទាប់​ពី​ថ្លែង​នៅ​កន្លែង​ប្រមូល​ផ្តុំ​សម្រាប់​យុទ្ធនាការ​នៅ​ក្នុង​រដ្ឋ New Orleans កាលពី​ថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៦។

ការ​ប្រជុំ​នៃ​អង្គការ​សន្និសីទ​សកម្មភាពនយោបាយ​អភិរក្ស​និយម​ហៅ​កាត់ថា CPAC នៅ​ក្នុង​ស.រ.អា.​មិនមែន​ជា​កន្លែង​មួយ​សម្រាប់​ស្វែង​រក​អ្នក​គាំទ្រ​លោកស្រី Hillary Clinton ​បេក្ខនារី​ប្រធានាធិបតី​ស.រ.អា.​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ទេ​ ក៏​ប៉ុន្តែ​ពួក​សកម្មជន​ច្រើន​នាក់​ខាង​គណបក្ស​សាធារណរដ្ឋ​ហាក់​ដូចជា​យល់​ឃើញ​ថា​លោកស្រី​គ្រាន់បើ​ជាង​លោក Donald Trump ដែល​ជា​បេក្ខជន​នាំ​មុខ​គេ​ខាង​គណបក្ស​របស់​ពួក​គេ​ផ្ទាល់។​

លោក Brad Matthews មក​ពី​ក្រុង​ Brookville រដ្ឋ Maryland បាន​និយាយ​ថា «ទោះ​ណា​ជា​លោកស្រី​ Hillary Clinton មាន​ការ​ឆ្គាំ​ឆ្គង​ច្រើន​ក៏​ដោយ​ ក៏​លោកស្រី​មាន​ការ​ពិសោធ​ជាមួយ​រដ្ឋាភិបាល។​ លោក Trump គ្មាន​ការ​ពិសោធ​ខាង​រដ្ឋាភិបាល​ទេ។​ លោក​គ្មាន​ជំនឿ​ម៉ឺងម៉ាត់​ឡើយ»។ ចំពោះ​លោក Matthews លោក Trump ជា​មនុស្ស «មាន​គ្រោះថ្នាក់​ណាស់» សម្រាប់​តំណែង​ប្រធានាធិបតី។ លោក Matthews បាន​និយាយ​ថា «ប្រសិន​បើ​ការ​បោះឆ្នោត​នេះ​ជា​ការ​ប្រជែង​រវាង​លោក Trump និង​លោកស្រី​ Clinton ខ្ញុំ​មិន​ដឹង​ថា ​ខ្ញុំ​នឹង​ទៅ​បោះឆ្នោត​ឬ​បែប​ណា​ទេ។​ នេះ​គ្រាន់​តែ​ជា​ការ​ស្មោះ​ត្រង់​មួយ​ដែល​ជា​ជម្រើស​មួយ​ដែល​ខ្ញុំ​មិន​ចង់​ធ្វើ»។

លោក John McAdams នៃ​ក្រុង​ Milwaukee រដ្ឋ​ Wisconsin បាន​និយាយ​ថា លោក​នឹង​ «ប្រហែល​ជា​នៅ​ផ្ទះ» ប្រសិន​បើ​ជម្រើស​នៅ​ក្នុង​ការ​បោះឆ្នោត​ទូទៅ​ក្នុង​ខែ​វិច្ឆិកា​មាន​តែ​រវាង​លោក Trump និង​លោកស្រី​ Clinton នោះ។​ លោក McAdams បាន​និយាយ​ថា «ផ្លូវ​ណា​មួយ​ក៏​ទៅ​ឋាន​នរក​ដែរ។ ខ្ញុំ​មិន​ចូលចិត្ត​លោកស្រី​ Clinton ខ្លាំង​ទេ ក៏ប៉ុន្តែ​លោកស្រីមិន​ផ្លាស់​ប្តូរ​ពាក្យ​សម្តី​ដូច​លោក Trump ឡើយ។​ យ៉ាង​ហោច​ណាស់​លោក​អ្នក​ដឹង​ថា ​លោក​អ្នក​នឹង​បាន​អ្វី»។

លោក Trump គ្រោង​ថ្លែង​សុន្ទរកថា​កាល​ពី​ព្រឹក​ថ្ងៃ​សៅរ៍​នៅ​ក្នុង​សន្និសីទ​ CPAC របស់​ពួក​អភិរក្ស​និយម​នៅ​ជិត​រដ្ឋធានី​វ៉ាស៊ីនតោន ក៏​ប៉ុន្តែ​អង្គការ​ចាត់ចែង​ការ​ឃោសនា​បោះឆ្នោត​របស់​លោក​បាន​ប្រកាស​ជា​បន្ទាន់​កាល​ពី​យប់ថ្ងៃ​សុក្រ​ថា​អ្នក​អភិវឌ្ឍ​អចលនទ្រព្យ​មាន​ប្រាក់​រាប់​ពាន់​លាន​ដុល្លារ​រូប​នេះ​ទៅ​ឃោសនា​បោះ​ឆ្នោត​នៅ​ក្នុង​រដ្ឋ​ Kansas នៅ​ក្នុង​ផ្នែក​កណ្តាល​ប្រទេស​វិញ។​

ផ្អែក​លើ​អត្ថាធិប្បាយ​ដោយ​ពួក​សមាជិក CPAC ដែល​អ្នក​យក​ព័ត៌មាន​របស់​ VOA បាន​សម្ភាសន៍​ លោក Trump ហាក់​ដូចជា​ប្រឈម​មុខ​នឹង​អ្នក​ស្តាប់​លោក​និយាយ​ដែលមិន​ចូលចិត្ត​លោក។​

អ្នកស្រី​ Ariana Smith មកពី​ក្រុង​ Morgantown រដ្ឋ​ West Virginia បាន​និយាយ​ថា «ខ្ញុំ​មិន​អាច​ទ្រាំ​នឹង​លោក Trump បាន​ទេ។ ​និយាយ​ដោយ​ត្រង់​ទៅ​ ខ្ញុំ​យល់​ថា​គាត់​ឆ្កួត។​ ខ្ញុំ​មិន​ចូលចិត្ត​គាត់​សោះ»។ អ្នកស្រី​ Smith បាន​និយាយ​ថា​អ្នកស្រី​ស្អប់​ខ្ពើម «ពាក្យ​សម្តី​សឹង​តែ​គ្រប់​ម៉ាត់​ដែល​ចេញ​ពី​មាត់​បុរស​នេះ» ហើយ​អ្នកស្រី​មិន​ឃើញ​មាន​ហេតុផលអ្វី​ដែល​នាំ​ឱ្យ​អ្នកស្រី​បោះឆ្នោត​ឱ្យ​លោក​ Trump ទេ​ដោយ​អ្នកស្រី​បាន​ថ្លែងថា «និយាយ​ដោយ​ស្មោះ​ត្រង់​ទៅ​ ខ្ញុំ​នឹង​បោះ​ឆ្នោត​ឱ្យ​ភាគី​ទី​បី​ប្រសិន​បើ​បេក្ខជន​នេះ​ទទួល​ការ​តែងតាំង»៕

XS
SM
MD
LG