មហាសេដ្ឋីលោក Donald Trump បានទទួលការគាំទ្រនៅក្នុងរដ្ឋមួយទៀតហើយ នៅក្នុងការព្យាយាមរបស់លោក ដើម្បីក្លាយជាបេក្ខជន ដែលទទួលការតាំងតែងពីគណបក្សសាធារណរដ្ឋ សម្រាប់តំណែងប្រធានាធិបតីអាមេរិក។ លោកទទួលបានជ័យជំនះកាលពីថ្ងៃអង្គារនៅក្នុងរដ្ឋNevada ប៉ែកខាងលិចសហរដ្ឋអាមេរិក។
លទ្ធផលចុងក្រោយ បានបង្ហាញថា លោក Trump ទទួលបានសំឡេងគាំទ្រ ៤៦ភាគរយ នាំមុខសមាជិកព្រឹទ្ធសភាប្រចាំរដ្ឋហ្វ្លរីដា (Florida) លោកMarco Rubio ដែលទទួលបានសំឡេង២៤ភាគរយ ។ ចំណែកឯ សមាជិកព្រឹទ្ធសភាប្រចាំរដ្ឋតិចសាស់ (Texas) លោក Ted Cruz វិញ ស្ថិតក្នុងលេខរៀងទី៣ ដោយទទួលបានសំឡេងគាំទ្រ ២១ភាគរយ។
ជោគជ័យរបស់លោក Trump គឺជាជ័យជំនះលើកទី៣ជាប់ៗគ្នា ក្រោយពីលោកឈ្នះក្នុងការបោះឆ្នោតបឋមនៅរដ្ឋNew Hampshire និងរដ្ឋSouth Carolina នៅក្នុងខែនេះ។
ជ័យជំនះនេះ បានផ្ដល់កម្លាំងជំរុញឲ្យលោក Trump បន្តទៅសប្ដាហ៍ដ៏សំខាន់មួយទៀត នៅក្នុងការធ្វើយុទ្ធនាការរកសំឡេងឆ្នោតរបស់លោក នៅពេលដែលរដ្ឋចំនួន១២ នឹងបោះឆ្នោតនៅថ្ងៃទី១ ខែមិនាឬដែលគេហៅថា Super Tuesday នោះ។
លោក Trump បានថ្លែងសុន្ទរកថាក្រោយទទួលជ័យជំនះ ដោយនិយាយថា ទោះបីជាមានការព្យាករណ៍ថា យុទ្ធនាការរបស់លោក ទៅមិនបានឆ្ងាយក៏ដោយ ក៏ឥឡូវ លោក «ទទួលជ័យជំនះទូទាំងប្រទេស»។ លោកថ្លែងថា នៅពេលបេក្ខជន ច្រើនថែមទៀតខាងគណបក្សសាធារណរដ្ឋ ដកខ្លួនចេញពីការប្រកួតនេះ លោកនឹងទទួលបានអ្នកគាំទ្ររបស់ពួកគេច្រើនថែមទៀត៕