មន្រ្តីស្ថានទូតអាមេរិកប្រចាំនៅកម្ពុជាបានឲ្យដឹងនៅថ្ងៃពុធនេះថាវ៉ាក់សាំង Johnson & Johnsonដែលជាជំនួយរបស់អាមេរិកនឹងត្រូវបញ្ជូនមកកម្ពុជា នាថ្ងៃសុក្រសប្តាហ៍នេះ។
នៅក្នុងលិខិតមួយច្បាប់ចុះថ្ងៃទី២៧ ខែកក្កដា ផ្ញើទៅរដ្ឋមន្រ្តីក្រសួងសុខាភិបាលកម្ពុជា និងត្រូវបានបញ្ជាក់ពីមន្រ្តីនាំពាក្យរបស់ស្ថានទូតអាមេរិកឲ្យដឹងថាវ៉ាក់សាំងបង្ការជំងឺកូវីដ១៩របស់ក្រុមហ៊ុន Johnson & Johnson ចំនួនជាង១លានដូស (១.០៦០.១០០ដូស)នឹងត្រូវបញ្ជូនមកកម្ពុជាតាមយន្តការកូវ៉ាក់ (Covax) ដោយបែងចែកជាពីរជើងយន្តហោះ។ លិខិតដដែលឲ្យដឹងទៀតថាវ៉ាក់សាំងជើងទីមួយនឹងត្រូវបញ្ជូនមកកម្ពុជា នាថ្ងៃសុក្រ ទី៣០ ខែកក្កដានេះ ប៉ុន្តែមិនបានបញ្ជាក់ចំនួនប៉ុន្មាននោះទេ។ ចំណែកវ៉ាក់សាំងជើងទីពីរនឹងត្រូវបញ្ជូនមកនៅថ្ងៃទី២ ខែសីហា។
បើតាមលិខិតនោះ ស្ថានទូតអាមេរិកបានអញ្ជើញរដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក ម៉ម ប៊ុនហេងឲ្យចូលរួមជាមួយតំណាងអង្គការសុខភាពពិភពលោក (WHO) និងអង្គការយូនីសេហ្វ (UNICEF) ដើម្បីចូលរួមពិធីទទួលវ៉ាក់សាំងនេះ។
ស្ថានទូតអាមេរិកបញ្ជាក់ថា ការមកដល់របស់ជើងយន្តហោះទី១គឺនៅវេលាម៉ោង៧និង១៥នាទីព្រឹកថ្ងៃសុក្រ ទី៣០ ខែកក្កដានេះ នៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ។
ស្ថានទូតបញ្ជាក់ថា៖ «រដ្ឋាភិបាលសហរដ្ឋអាមេរិកនៅតែប្តេជ្ញាជាដៃគូក្នុងការធ្វើឲ្យប្រសើរនូវសុខភាពរបស់ប្រជាជនកម្ពុជា។ យើងនឹងបន្តនូវការប្រឹងប្រែងរបស់យើង ដើម្បីគាំទ្រការងាររបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីការពារការឆ្លងជំងឺកូវីដ១៩ និងរកដំណោះស្រាយចំពោះផលប៉ះពាល់ពីការរាតត្បាតជំងឺទៅលើសុខភាពសាធារណៈ និងសេដ្ឋកិច្ច»។
អ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំនៅកម្ពុជាលោក Chad Roedemeier មិនទាន់អាចបញ្ជាក់ថាតើវ៉ាក់សាំងចំនួនប៉ុន្មានដូសដែលនឹងត្រូវបញ្ជូនមកសម្រាប់ជើងទីមួយនោះទេ។
គួរបញ្ជាក់ថាកម្ពុជាបានសម្រុកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ដល់ពលរដ្ឋរបស់ខ្លួន ដែលរហូតមកដល់ពេលនេះបានប្រមាណ៧លាននាក់ហើយ គឺស្មើប្រមាណ៧០%នៃគោលដៅចាក់ឲ្យបានយ៉ាងតិច១០លាននាក់នាត្រឹមខែតុលាខាងមុខនេះ៕