ដំណើរទស្សនកិច្ចរបស់ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិអ្នកស្រី Linda Thomas-Greenfield និងរដ្ឋមន្ត្រីហិរញ្ញវត្ថុសហរដ្ឋអាមេរិកអ្នកស្រី Janet Yellen ទៅកាន់ទ្វីបអាហ្វ្រិកកាលពីពេលថ្មីៗនេះ បានធ្វើឡើងស្របពេលដែលការសិក្សាស្រាវជ្រាវថ្មីមួយបានរកឃើញថា ការផ្ដល់កម្ចីរបស់ចិនឱ្យរដ្ឋាភិបាលបរទេសនានានៅក្នុងសម័យវិបត្តិជំងឺកូវីដ១៩ មានចំនួនទាប។
របាយការណ៍របស់មជ្ឈមណ្ឌលគោលនយោបាយអភិវឌ្ឍន៍សាកលនៃសាកលវិទ្យាល័យ Boston បានរកឃើញថា ការសន្យាផ្ដល់កម្ចីពីធនាគារពីររបស់ប្រទេសចិន ដែលនោះគឺធនាគារអភិវឌ្ឍន៍ចិន (China Development Bank) និងធនាគារអាហរណ៍នីហរណ៍នៃប្រទេសចិន (Export-Import Bank of China) មានចំនួនសរុប ៣,៧ ពាន់លានដុល្លារអាមេរិកនៅក្នុងឆ្នាំ ២០២១។
ផ្ទុយមកវិញ នៅរវាងឆ្នាំ ២០០៨ និងឆ្នាំ ២០២១ ការសន្យាផ្ដល់កម្ចីរបស់ចិនមានចំនួន ៤៩៨ ពាន់លានដុល្លារអាមេរិក ដែលជាមធ្យមមានចំនួន ៣៥,៦ ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។
ប្រទេសចិនបានប្រឹងប្រែងយ៉ាងលំបាកនៅក្នុងការធ្វើយ៉ាងណាឱ្យទទួលបានប្រាក់សំណងពីប្រទេសមួយចំនួននៅទ្វីបអាហ្វ្រិក ហើយឥឡូវនេះចិនត្រូវចូលរួមក្នុងការចរចារៀបចំលក្ខខណ្ឌកម្ចីឡើងវិញដ៏ស្មុគស្មាញ។ នាពេលបច្ចុប្បន្ននេះ ការចរចារឿងបំណុលនេះកំពុងធ្វើឡើងនៅក្នុងប្រទេសសំប៊ី។
នៅពេលដែលគេសួរថាតើរដ្ឋាភិបាលចិនបានរងគ្រោះដោយសារបទពិសោធន៍ទាំងអស់នេះដែលបណ្ដាលឱ្យមានការធ្លាក់ចុះនូវការសន្យាផ្ដលកម្ចីឬក៏យ៉ាងណានោះ អ្នកស្រាវជ្រាវជាន់ខ្ពស់អ្នកស្រី Rebecca Ray ដែលជាសហអ្នកនិពន្ធនៃរបាយការណ៍នេះ បាននិយាយថា បើទោះបីជាប្រទេសចិនបានឈប់ផ្ដល់កម្ចីថ្មីដល់ប្រទេសមួយចំនួនដែលមិនអាចសងបំណុលដែលមានស្រាប់ដូចជាប្រទេសវ៉េណេស៊ុយអេឡាក៏ដោយ ក៏ចិនបានបញ្ចប់ការចរចារឿងកម្ចីដ៏ធំសម្រាប់ផ្ដល់ជូននាពេលអនាគតដល់ប្រទេសប៉ាគីស្ថាន ដែលជាប្រទេសមួយកំពុងជាប់បំណុលរបស់ខ្លួនផងដែរ។
អ្នកស្រីបានកត់សម្គាល់ថា៖ «ទោះបីជាប្រទេសចិនប្រហែលជាស្ទាក់ស្ទើរនៅក្នុងការ «ផ្ដល់ប្រាក់កម្ចី ថ្មីដើម្បីប៉ះប៉ូវបំណុលចាស់មកវិញ» ដែលនៅក្នុងករណីខ្លះដែលអ្នកខ្ចីមិនអាចមានលទ្ធភាពសងបានក៏ដោយ ក៏កម្រិតបំណុលខ្ពស់ដែលមានស្រាប់ហាក់ដូចជាមិនអាចបង្អាក់ចិនទាំងស្រុងនោះទេ»។
ការរិះគន់ និងការសន្យារបស់សហរដ្ឋអាមេរិក
នៅក្នុងទ្វីបអាហ្វ្រិក អ្នកស្រី Thomas-Greenfield បានរិះគន់ប្រទេសចិនថាបានធ្វើឱ្យបណ្ដាប្រទេសនៅក្នុងទ្វីបនោះជាប់បំណុល។ អ្នកស្រីក៏បានលើកឡើងផងដែរថា បើទោះបីជារដ្ឋមន្ត្រីការបរទេសចិនលោក Qin Gang ធ្វើទស្សនកិច្ចនៅទ្វីបអាហ្វ្រិកកាលពីពេលថ្មីៗនេះក៏ដោយ អ្វីដែលអ្នកស្រីឮពីប្រជាពលរដ្ឋនិងថ្នាក់ដឹកនាំនៅពេលដែលអ្នកស្រីធ្វើទស្សនកិច្ចនៅទីនោះគឺថា «សហរដ្ឋអាមេរិកស្ថិតនៅក្នុងបេះដូងរបស់ពួកគេ ហើយពួកគេបានសម្ដែងនូវការកោតសរសើរយ៉ាងខ្លាំងចំពោះកិច្ចប្រជុំរបស់ថ្នាក់ដឹកនាំអាហ្វ្រិកដែលទើបបានរៀបចំឡើងហើយនឹងកិច្ចប្រឹងប្រែងដែលកំពុងធ្វើឡើងដើម្បីប្រឡូកឱ្យបានកាន់តែសកម្មជាមុនបន្ថែមទៀតនៅទ្វីបអាហ្វ្រិក»។
រដ្ឋាភិបាលសហរដ្ឋអាមេរិកបានសន្យាវិនិយោគជាទឹកប្រាក់ចំនួន ៥៥ ពាន់លានដុល្លារនៅទ្វីបអាហ្វ្រិកនៅឯកិច្ចប្រជុំសហរដ្ឋអាមេរិក-អាហ្វ្រិកកាលពីខែធ្នូឆ្នាំមុន។
អ្នកស្រី Yellen ក៏បានកត់សម្គាល់នៅក្នុងដំណើរទស្សនកិច្ចរបស់អ្នកស្រីទៅកាន់ទ្វីបអាហ្វ្រិកពីថ្ងៃទី ១៧ ដល់ថ្ងៃទី ២៨ ខែមករាកន្លងទៅនេះផងដែរថា រដ្ឋាភិបាលសហរដ្ឋអាមេរិកមានកម្មវិធីជាច្រើន «ដែលមានបំណងជួយដល់កិច្ចប្រឹងប្រែងនានាដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធ ហើយនៅពេលដែលសហរដ្ឋអាមេរិកធ្វើដូច្នេះ រដ្ឋាភិបាលអាមេរិកចង់ធ្វើឱ្យប្រាកដថាសហរដ្ឋអាមេរិកមិនបង្កើតបញ្ហាដូចទៅនឹងបញ្ហាដែលការវិនិយោគរបស់ចិនពេលខ្លះបានបង្កើតឡើងនៅទ្វីបអាហ្វ្រិកនោះឡើយ»។
អ្នកស្រីក៏បានបញ្ជាក់ផងដែរថា រដ្ឋាភិបាលចិនគឺជា «ឧបសគ្គ» ចំពោះកិច្ចប្រឹងប្រែងសាកលលោកនៅក្នុងការរៀបចំលក្ខខណ្ឌឡើងវិញសម្រាប់បំណុលដ៏ច្រើនមហិមារបស់ប្រទេសសំប៊ី។
ការលើកឡើងរបស់អ្នកស្រី Yellen នេះបានធ្វើឱ្យមានការរិះគន់ខ្លាំងៗដោយមិនបង្អង់យូរពីស្ថានទូតចិននៅក្នុងប្រទេសសំប៊ី ដែលបានចង្អុលបង្ហាញអំពីបំណុលដ៏ច្រើនក្រាស់ក្រែលរបស់សហរដ្ឋអាមេរិកផ្ទាល់ និងការរិះគន់នៅលើអត្ថបទបញ្ចេញមតិមួយលើវេបសាយរបស់ទីភ្នាក់ងារព័ត៌មាន Xinhua របស់ចិនដែលសរសេរថា «អាកាសយានដ្ឋានដែលមន្ត្រីសហរដ្ឋអាមេរិកបានចុះចត និងផ្លូវនិងស្ពានដែលក្បួនរថយន្តរបស់មន្ត្រីសហរដ្ឋអាមេរិកបានឆ្លងកាត់ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់ពួកគេនៅទ្វីបអាហ្វ្រិកទំនងជាសាងសង់ឡើងក្រោមកិច្ចសហប្រតិបត្តិការជាមួយនឹងក្រុមហ៊ុនចិន»។
ការប្រែក្លាយថវិកាដែលបានចំណាយ
គម្រោងផ្ដួចផ្ដើមក្រវាត់ផ្លូវពាណិជ្ជកម្ម (BRI) របស់ប្រធានាធិបតីចិនលោក Xi Jinping នៅក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍គឺគ្រាន់តែជាការផ្លាស់ប្ដូរវិធីនៃការចំណាយថវិកាតែប៉ុណ្ណោះ។ នេះបើតាមការបញ្ជាក់របស់ក្រុមអ្នកនិពន្ធនៃការសិក្សាស្រាវជ្រាវរបស់សាកលវិទ្យាល័យ Boston។
ការសិក្សាស្រាវជ្រាវនេះបានលើកឡើងថា៖ «ទំនោរនេះគឺជានិមិត្តរូបនៃវិធីសាស្ត្រ «តូចគឺល្អ» ចំពោះការប្រឡូករបស់ចិនផ្នែកសេដ្ឋកិច្ចនៅក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ដែលផ្ដល់អាទិភាពលើគម្រោងតូចជាងមុននិងមានគោលដៅជាក់លាក់ជាងមុន»។
អ្នកស្រី Rebecca Ray ដែលជាសហអ្នកនិពន្ធនៃការសិក្សាស្រាវជ្រាវនេះ បាននិយាយថា នេះមិនមែនជាដំណឹងអាក្រក់នោះទេ ដោយអ្នកស្រីចង្អុលបង្ហាញថា វិធីសាស្ត្រ «តូចគឺល្អ» មាន «ហានិភ័យទាបចំពោះប្រព័ន្ធអេកូឡូស៊ីនិងសហគមន៍ជនជាតិដើម»។
ការសិក្សាស្រាវជ្រាវនេះបានបញ្ជាក់ថា ប្រទេសចិនបានងាកចេញពីការផ្ដល់កម្ចីរបស់ខ្លួនលើវិស័យនិស្សារណកម្មនិងបំពង់បង្ហូរប្រេងនិងឧស្ម័ន ដោយការសិក្សាស្រាវជ្រាវនេះបានរកឃើញថា តាំងពីឆ្នាំ ២០១៨ មក ថវិកាបន្ថែមត្រូវបានចំណាយលើវិស័យដឹកជញ្ជូនវិញ។
ទោះជាយ៉ាងណាក៏ដោយ ការពិតដែលថា «ស្ថានការណ៍នៅក្នុងប្រទេសចិននិងនៅក្នុងប្រទេសដែលទទួលគម្រោងរបស់ចិនដែលហាក់មិនសូវធ្វើឱ្យមានហិរញ្ញវត្ថុអភិវឌ្ឍន៍ដ៏ច្រើនដូចកាលពីមួយទសវត្សរ៍មុននោះ...គឺជាក្ដីបារម្ភ ដោយសារតែតម្រូវការនៅក្នុងការទទួលបានហិរញ្ញវត្ថុអភិវឌ្ឍន៍នៅពេលឥឡូវនេះគឺខ្ពស់ជាងពេលណាៗទាំងអស់ ដោយសារតែមានវិបត្តិជាច្រើនដូចជាអស្ថិរភាពហិរញ្ញវត្ថុ ការប្រែប្រួលអាកាសធាតុ និងជំងឺកូវីដ១៩ ជាដើម។ នេះបើតាមការបញ្ជាក់របស់លោក Kevin P. Gallagher ដែលជាសហអ្នកនិពន្ធការស្រាវជ្រាវនេះ។
ប៉ុន្តែ លោក Harry Verhoeven អ្នកស្រាវជ្រាវជាន់ខ្ពស់នៃមជ្ឈមណ្ឌលគោលនយោបាយថាមពលសាកលនៃសាកលវិទ្យាល័យ Columbia ដែលបានសរសេរអត្ថបទអំពីកម្ចីរបស់ចិននិងបំណុល បាននិយាយថា៖ «ខ្ញុំគិតថា វាហាក់ដូចជាឆាប់ពេកនៅក្នុងការបញ្ជាក់ថាតើចិនគឺពិតជាត្រៀមលក្ខណៈរួចរាល់នៅក្នុងការផ្លាស់ប្ដូរពីវិធីសាស្ត្រទ្រង់ទ្រាយធំទៅវិធីសាស្ត្រ «តូចគឺល្អ» នោះ...ជាពិសេសនៅក្នុងបរិបទនៃទ្វីបអាហ្វ្រិក ដែលនេះនឹងតម្រូវឱ្យមានការកែប្រែធំៗមួយចំនួននៅក្នុងលំនាំនៃការប្រឡូកដែលរដ្ឋាភិបាលចិនបានផ្ដល់អាទិភាពលើតាំងពីចុងទសវត្សរ៍ ១៩៩០ មក»។
លោកបានកត់សម្គាល់ថា «ជាការពិត ការរួមបញ្ចូលគ្នានៃវិបត្តិជំងឺកូវីដ១៩ បញ្ហាហិរញ្ញវត្ថុនៅក្នុងប្រទេសចិន និងការស្រងាកចិត្តជាមួយនឹងបញ្ហាកើនឡើងរបស់ប្រទេសអធិបតេយ្យនានានៅទ្វីបអាហ្វ្រិកនៅក្នុងការសងបំណុលដល់ក្រុមហ៊ុនផ្ដល់កម្ចីរបស់ចិន បានធ្វើឱ្យមានការថយចុះនូវការផ្ដល់កម្ចីថ្មីរបស់ចិន។ ...ប៉ុន្តែ គេអាចចោទជាសំណួរទាក់ទិននឹងសមត្ថភាពគ្រប់គ្រងនិងឆន្ទៈរបស់ធនាគារគោលនយោបាយចិននិងស្ថាប័នផ្សេងទៀតរបស់រដ្ឋាភិបាលចិននៅក្នុងការគ្រប់គ្រងកម្ចីតូចៗដែលមានលក្ខណៈលម្អិតច្រើនជាងមុន»។
ការឆ្លើយតបរបស់ចិន
នៅពេលដែលគេសួរអំពីការរកឃើញចម្បងរបស់ការសិក្សាស្រាវជ្រាវនេះដែលថាការផ្ដល់កម្ចីរបស់ចិនឱ្យរដ្ឋាភិបាលបរទេសនានានៅឆ្នាំ ២០២១ មានចំនួនទាបបើប្រៀបទៅនឹងរយៈពេលចាប់ពីឆ្នាំ ២០០៨ មក ស្ថានបេសកកម្មការទូតរបស់សាធារណរដ្ឋប្រជាមានិតចិនប្រចាំសហភាពអាហ្វ្រិកបានសង្កត់ធ្ងន់លើការវិនិយោគដោយផ្ទាល់របស់ប្រទេសចិននៅក្នុងទ្វីបអាហ្វ្រិក ដែលពួកគេបានបញ្ជាក់ថាការវិនិយោគដោយផ្ទាល់នេះតាមការពិតបានកើនឡើង ១៦,៣% នៅក្នុងឆ្នាំ ២០២១។
ស្ថានបេសកកម្មការទូតរបស់ចិននេះបានប្រាប់ VOA ថា៖ «ការវិនិយោគដោយផ្ទាល់របស់ចិននៅក្រៅប្រទេសនៅក្នុងឆ្នាំ ២០២១ បានកើនដល់ចំនួន ១៧៨.៨២០ លានដុល្លារអាមេរិក»។ ស្ថានបេសកកម្មការទូតរបស់ចិននេះបានកត់សម្គាល់ថា កាលពីឆ្នាំមុន «ការវិនិយោគដោយផ្ទាល់មិនមែនហិរញ្ញវត្ថុ» របស់ចិននៅក្រៅប្រទេស ក៏បានកើនឡើងចំនួន ៧,២% ផងដែរ ហើយកិច្ចសន្យាថ្មីៗដែលបានចុះហត្ថលេខានៅក្រៅប្រទេសក្នុងទឹកប្រាក់ជាង ៥០ លានដុល្លារក៏បានកើនឡើងផងដែរ។
ប៉ុន្តែ អ្នកស្រី Rebecca Ray បាននិយាយថា តួលេខរបស់ស្ថានបេសកកម្មការទូតរបស់ចិននេះមិនស៊ីមេទ្រីជាមួយនឹងតួលេខដែលបានមកពីការសិក្សាស្រាវជ្រាវរបស់អ្នកស្រីទេ ដោយសារតែការវិនិយោគដោយផ្ទាល់នៅក្រៅប្រទេសដែលចិនមានភាគហ៊ុនជាម្ចាស់កម្មសិទ្ធិនៅក្នុងគម្រោងអភិវឌ្ឍន៍ជាក់លាក់មួយ គឺខុសពីកម្ចីដែលរដ្ឋាភិបាលចិនផ្ដល់ឱ្យដល់រដ្ឋាភិបាលបរទេសណាមួយ។
ស្ថានបេសកកម្មការទូតរបស់ចិនប្រចាំសហភាពអាហ្វ្រិកនេះបានប្រាប់ VOA ថា ខ្លួនបានច្រានចោលការលើកឡើងរបស់ក្រុមបស្ចិមប្រទេសអំពីរឿង «អន្ទាក់បំណុល» និងបាននិយាយថា តាមការពិតតួលេខរបស់ធនាគារពិភពលោកបានបង្ហាញថា ស្ថាប័នហិរញ្ញវត្ថុពហុភាគីនិងធនាគារពាណិជ្ជកម្មគឺជាម្ចាស់បំណុលនៃបំណុលជិត ៧៥% នៃបំណុលបរទេសសរុបរបស់ទ្វីបអាហ្វ្រិក គឺច្រើនជាងបំណុលដែលទ្វីបនេះជំពាក់ប្រទេសចិនទៅទៀត។
ស្ថានបេសកកម្មការទូតនេះបានបន្ថែមថា ប្រទេសចិនមិនយល់ឃើញថាខ្លួនកំពុងប្រជែងជាមួយនឹងក្រុមបស្ចិមប្រទេសនៅទ្វីបអាហ្វ្រិក ឬក៏កំពុងដកខ្លួនចេញពីទ្វីបនេះនោះឡើយ។
ស្ថានបេសកកម្មការទូតនេះបានបញ្ជាក់ដូច្នេះថា៖ «ប្រទេសចិននឹងធ្វើបន្ថែមទៀតដើម្បីលើកកម្ពស់និងបង្កើនកិច្ចសហប្រតិបត្តិការរវាងចិននិងទ្វីបអាហ្វ្រិក...បន្តពង្រីកពាណិជ្ជកម្មរបស់ចិនជាមួយនឹងទ្វីបអាហ្វ្រិក លើកកម្ពស់ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់នៃកិច្ចសហប្រតិបត្តិការផ្នែកហិរញ្ញប្បទាននិងការវិនិយោគរវាងចិននិងទ្វីបអាហ្វ្រិក និងបង្កើនកម្លាំងជំរុញថ្មីៗផ្នែកសុខភាព ការអភិវឌ្ឍដែលល្អចំពោះបរិស្ថាន សេដ្ឋកិច្ចឌីជីថល និងផ្នែកផ្សេងៗទៀត ដើម្បីផ្ដល់ការគាំទ្របន្ថែមទៀតដល់ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមរបស់ទ្វីបអាហ្វ្រិក»។
សញ្ញានៃការរើបឡើងវិញរបស់សេដ្ឋកិច្ចចិន
គេឃើញមានសញ្ញាថា កម្ចីអភិវឌ្ឍន៍ទ្រង់ទ្រាយធំរបស់ចិនអាចរើបឡើងវិញនៅពេលអនាគត។ តាំងពីពេលដែលប្រទេសចិនលុបចោលគោលនយោបាយគ្មានជំងឺកូវីដ១៩ (zero-COVID-19) របស់ខ្លួននិងបើកប្រទេសឡើងវិញមក វិស័យផលិតកម្ម សេវាកម្ម និងសំណង់របស់ចិនត្រូវបានពង្រីកឡើងជាលើកដំបូងបង្អស់នៅក្នុងរយៈពេល ៤ ខែចុងក្រោយនេះ។
បើទោះបីជាសេដ្ឋវិទូបានរំពឹងថាការរីកចម្រើននៅក្នុងប្រទេសចិននៅឆ្នាំនេះនឹងមានភាពយឺតយ៉ាវក៏ដោយ ក៏ធនាគារវិនិយោគនានាដូចជាធនាគារ Goldman Sachs និងធនាគារ Morgan Stanley ជាដើមបានធ្វើឱ្យមានភាពប្រសើរឡើងនូវការព្យាករណ៍របស់ខ្លួន។ អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ក៏បានបង្កើនទស្សនវិស័យរបស់ខ្លួនអំពីការរីកចម្រើនសេដ្ឋកិច្ចសម្រាប់ប្រទេសចិនផងដែរកាលពីពេលថ្មីៗនេះ ដោយបានបញ្ជាក់ថាខ្លួនរំពឹងថាសេដ្ឋកិច្ចចិននឹងរីកចម្រើនចំនួន ៥,២% នៅក្នុងឆ្នាំ ២០២៣ នេះ។
ប៉ុន្តែ អ្នកស្រី Rebecca Ray បានប្រាប់ VOA ថា អ្នកស្រីមិនយល់ឃើញថាការធ្វើដូច្នេះនឹងធ្វើឱ្យមានភាពខុសគ្នាច្រើនណាមួយទេ។
អ្នកស្រីបញ្ជាក់ដូច្នេះថា៖ «យើងបានឃើញរួចហើយអំពីមូលធនដែលមានស្រាប់សម្រាប់ការរើបឡើងវិញរបស់ប្រទេសចិន។ ដូច្នេះ ខ្ញុំមិនយល់ថាការបង្កើនការព្យាការណ៍អំពីការរីកចម្រើនសេដ្ឋកិច្ចនឹងធ្វើឱ្យមានការប្រែប្រួលណាមួយច្រើននោះឡើយ។ រដ្ឋាភិបាលចិននៅមានរង្វាន់លើកទឹកចិត្តច្រើនគួរសមសម្រាប់គាំទ្រដល់សាច់ប្រាក់នៃប្រព័ន្ធហិរញ្ញវត្ថុក្នុងប្រទេសរបស់ខ្លួន»។
សេដ្ឋកិច្ចប្រទេសចិនកំពុងព្យាយាមរើបឡើងវិញ បន្ទាប់ពីត្រូវបានបិទខ្ទប់អស់រយៈពេលជាយូរមកក្នុងអំឡុងពេលអនុវត្តគោលនយោបាយគ្មានជំងឺកូវីដ និងក្នុងអំឡុងពេលមានរលកថ្មីនៃការឆ្លងជំងឺនេះបន្ទាប់ពីគោលនយោបាយគ្មានជំងឺកូវីដនេះត្រូវបានលុបចោលមក។
អ្នកស្រី Rebecca Ray បាននិយាយថា សម្រាប់ឥទ្ធិពលនៅក្រៅប្រទេសនិងនៅទ្វីបអាហ្វ្រិក «វាគឺជាការដែលគួរឱ្យកត់សម្គាល់ថា អ្នកស្រី Yellen មិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងធំៗថ្មីណាមួយ ឬក៏ប្រកាសអំពីគម្រោងធំៗថ្មីណាមួយនៅពេលអ្នកស្រីធ្វើទស្សនកិច្ចនៅទ្វីបអាហ្វ្រិកនោះទេ។ ប្រសិនបើសហរដ្ឋអាមេរិកពិតជាឈានចូលក្នុងចន្លោះផ្នែកហិរញ្ញវត្ថុហេដ្ឋារចនាសម្ព័ន្ធដែលបន្សល់ទុកដោយហិរញ្ញវត្ថុអភិវឌ្ឍន៍ធ្លាក់ចុះរបស់ចិន វាប្រហែលជាអាចលេចឡើងតាមរយៈវេទិកាពហុភាគីណាមួយ»៕
ប្រែសម្រួលដោយលោក ឈឹម សុមេធ