ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាមេរិកពិចារណា​ជា​ថ្មី​អំពី​កិច្ច​ព្រមព្រៀង​ពង្រឹង​ពាណិជ្ជ​កម្ម​នៅ​ក្នុង​ក្រុម​ហ៊ុនចិន​


រូបឯកសារ៖ ផ្សារហ៊ុននៅក្រុងញូវយ៉ក ដែលបានបិទនៅពេលមានការរាតត្បាតវីរុសកូរ៉ូណា កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០។
រូបឯកសារ៖ ផ្សារហ៊ុននៅក្រុងញូវយ៉ក ដែលបានបិទនៅពេលមានការរាតត្បាតវីរុសកូរ៉ូណា កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០។

រដ្ឋបាល​លោក​ប្រធានាធិបតី ​Donald Trump ​ប្រុង​ប្រៀប​លុប​ចោល​កិច្ច​ព្រមព្រៀង​មួយ​កាលពី​ឆ្នាំ​២០១៣ ​រវាង​សហរដ្ឋអាមេរិកនិង​អាជ្ញាធរ​សវនកម្ម​ចិន​នៅ​ក្នុង​វិធានការ​មួយ​បង្កើន​សម្ពាធ​លើ​ក្រុមហ៊ុន​ចុះ​ឈ្មោះ​ក្នុង​ប្រទេស​ចិន​ឲ្យធ្វើ​តាម​ស្តង់ដារ​សវនកម្ម​សហរដ្ឋអាមេរិក។​

ទីភ្នាក់ងារ​ព័ត៌មាន ​Reuters ​បាន​និយាយ​យោង​ដល់​លោក​ Keith Krach ​អនុរដ្ឋមន្ត្រី​ខាង​ការ​លូតលាស់​សេដ្ឋកិច្ច ​ ថាមពល​ និង​បរិស្ថាន​នៅ​ឯ​ក្រសួង​ការ​បរទេស​សហរដ្ឋអាមេរិក ដែល​បាន​និយាយ​ថា​ ការ​ខ្វះ​តម្លាភាព​បាន​នាំ​ឱ្យ​ពួក​មន្ត្រី​រៀបចំ​វិធានការ​ដក​ខ្លួន​ចេញ​ពី​អនុស្សរណៈ​នៃ​ការ​យល់​គ្នា​កាលពី​ឆ្នាំ​២០១៣។​

លោក ​Krach​ បាន​និយាយ​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​ Reuters​ ថា៖ ​«នេះ​ជា​បញ្ហា​សន្តិសុខ​ជាតិ​ ពីព្រោះ​យើង​មិន​អាច​ដាក់​ពួក​ម្ចាស់​ភាគ​ហ៊ុន​អាមេរិកាំង​ឱ្យ​ឋិត​ក្នុង​ហានិភ័យ ​ដាក់​ក្រុមហ៊ុន​អាមេរិកាំង​ក្នុង​ឋានៈ​គ្មាន​ប្រៀប​ និង​អនុញ្ញាត​ឱ្យ​ឧត្តមភាព​នៃ​ស្តង់ដារ​ល្អ​ប្រសើរ​នៃ​ផ្សារ​ហិរញ្ញ​វត្ថុ​របស់​យើង​ចុះថម​ថយ​ត​ទៅ​ទៀត​បាន​ទេ»។

ហេតុ​ការណ៍​នេះ​មាន​ឡើង​នៅ​ក្រោយ​មាន​ភាព​តានតឹង​ច្រើន​ឆ្នាំ​មក​ហើយ​រវាង​ពួក​សវនករអាមេរិកាំង​និង​ក្រុមហ៊ុន​ចិន​អំពី​ឯកសារ​ហិរញ្ញ​វត្ថុ​តម្រូវ​ពី​ក្រុមហ៊ុន​ចិន​ដែល​ឋិត​នៅ​ក្នុង​បញ្ជី​នៃ​ផ្សារ​ជួញ​ដូរ​ភាគហ៊ុន​សហរដ្ឋអាមេរិក ជាពិសេស​ក្រុមហ៊ុន​ Nasdaq exchange​ ខាង​បច្ចេក​វិទ្យា។​

កិច្ចព្រម​ព្រៀង​ឆ្នាំ២០១៣​

ទីភ្នាក់ងារ​ព័ត៌មាន ​Reuters​ បាន​ផ្សាយ​ថា​ ការ​បញ្ចប់​កិច្ច​ព្រម​ព្រៀង​ឆ្នាំ​២០១៣​មិន​អាច​គំរាម​កំហែង​ជា​បន្ទាន់​ដល់​ឋានៈ​របស់​ក្រុមហ៊ុន​ទាំង​នោះ​ដែល​បាន​ចុះ​ឈ្មោះ​ក្នុង​បញ្ជី​ក្នុង​ផ្សារ​ជួញ​ដូរ​ភាគហ៊ុន​ទេ។ សេចក្តី​ព្រាង​ច្បាប់​នេះ​ដែល​កំពុង​នៅ​ក្នុង​ដៃ​សភា​សហរដ្ឋអាមេរិកអាច​បង្ខំ​ឱ្យ​មាន​ការ​ដក​ក្រុមហ៊ុន​ចិន​ទាំង​ឡាយ​ណា​ដែល​មិន​បាន​ធ្វើតាម​លក្ខខណ្ឌ​ខ្លះ​នៃ​កិច្ច​ព្រម​ព្រៀង​នេះ។​

តាម​រយៈ​កិច្ចព្រម​ព្រៀង​នេះ​មាន​ការ​បង្កើត​ទម្រង់​ការ​សម្រាប់​ឱ្យ​ទីភ្នាក់ងារ​មួយ​មាន​ឈ្មោះ​ថា​ ក្រុម​ប្រឹក្សា​មើល​ការ​ខុស​ត្រូវ​លើ​គណនេយ្យ​ក្រុមហ៊ុន​សាធារណៈ​ហៅ​កាត់ថា​ PCAOB ​រក​ឯកសារ​ក្នុង​ករណី​ប្រឆាំង​នឹង​ពួក​សវនករ​ចិន។ ​ ក៏​ប៉ុន្តែ​ PCAOB ​ និយាយ​ថា​ ខ្លួន​នៅ​តែ​មិន​អាច​ធ្វើ​សវនកម្ម​ដែល​ខ្លួន​ត្រូវ​ការ​ធ្វើ​ដើម្បី​ធ្វើ​ឱ្យ​ប្រាកដ​ថា​ ក្រុមហ៊ុន​ចិន​ដែល​បាន​ចុះ​ឈ្មោះ​ក្នុង​បញ្ជី​ មាន​ឯកសារ​ហិរញ្ញ​វត្ថុ​ និង​ឯកសារ​ក្រុមហ៊ុន​ត្រឹមត្រូវ​នោះ​ទេ។​

លោក ​William Duhnke ​ប្រធាន​នៃ​ក្រុមប្រឹក្សា ​PCAOB ​បាន​និយាយ​កាល​ពី​សប្តាហ៍​ទី​ពីរ​នៃ​ខែ​កក្កដា​ថា​ ​មាន​ការ​ពិភាក្សា​គ្នា​ជា​ប្រចាំ​ជា​មួយ​ពួក​សមភាគី​ចិន​របស់​លោក​អំពី​ការ​កែ​លម្អ​ការ​មើល​ខុស​ត្រូវ​លើ​ក្រុមហ៊ុន​ចិន​ដែល​បាន​ចុះ​ឈ្មោះ​ក្នុង​បញ្ជី​ក្នុង​សហរដ្ឋអាមេរិក ទោះ​ណា​ជា​មាន​ការ​ជឿន​លឿន​តែ​បន្តិច​បន្តួច​ក៏​ដោយ។​

លោក ​William Duhnke ​បាន​ថ្លែង​ថា៖ ​«តាម​ទស្សនៈ​របស់​យើង​ ការ​ពិភាក្សា​គ្នា​ថែម​ទៀត​អំពី​ការ​ចូល​មើល​ឯកសារ​ទាំង​នេះ​ទំនង​ជា​នឹង​មិន​មាន​ផល​ល្អទេ​ ​លុះត្រា​តែ​និង​នៅ​ពេល​ដែល​អាជ្ញាធរ​ចិន​ចង់​ធ្វើ​តាម​គោល​ការណ៍​ខ្លះ​ដែល​ធ្វើ​ឱ្យ​ប្រាកដ​ថា​ យើង​មាន​លទ្ធភាព​ជា​មូលដ្ឋាន​ធ្វើឱ្យ​បេសក​កម្ម​របស់​យើង​បាន​សម្រេច»។​

លោក​បាន​និយាយ​ដូច្នេះ​នៅ​ក្នុង​ការ​ពិភាក្សា​តុ​មូល​តាម​ការ​ភ្ជាប់​វីដេអូ​រៀបចំ​ដោយ​គណៈ​កម្មការ​ភាគហ៊ុន​សហរដ្ឋអាមេរិកហៅ​កាត់​ថា​ SEC។​

ក្រុម​ប្រឹក្សា​ PCAOB ​បាន​ត្រូវ​បង្កើត​ឡើង​ដោយ​ច្បាប់ ​Sarbanes-Oxley ​កាល​ពី​ឆ្នាំ​២០០២ ​ដើម្បី​មើល​ការ​ខុស​ត្រូវ​លើ​សវនកម្ម​នៃ​ក្រុមហ៊ុន​សាធារណៈ​ដែល​រក​ស៊ី​ក្នុង​ផ្សារ​ជួញ​ដូរ​ភាគហ៊ុន​សហរដ្ឋអាមេរិក។​ រហូត​មក​ដល់​ពេល​នេះ​ ​ប្រទេស​ចិន​ជា​ប្រទេស​មួយ​ក្នុង​បណ្តា​ប្រទេស​នានា​ក្នុង​ពិភពលោក​ដែល​មិន​បាន​សម្រេច​កិច្ច​ព្រម​ព្រៀង​ជាមួយ​ក្រុម​ប្រឹក្សា​នេះ៕​

ប្រែសម្រួល​ដោយ​លោក​ឈឹម សុមេធ​

XS
SM
MD
LG