ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ស.រ.អា.​ធានា​រ៉ាប់​រង​ជា​ថ្មី​​ដល់​​អ៊ីស្រាអែល​អំពី​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ទប់​ទល់​នឹង​អ៊ីរ៉ង់​ពេល​មាន​ចលាចល​នៅ​ស៊ីរី


រដ្ឋ​មន្ត្រី​ការបរទេស​អាមេរិក លោក Mike Pompeo (ឆ្វេង) និង​នាយករដ្ឋ​មន្ត្រី​អ៊ីស្រាអែល លោក Benjamin Netanyahu ក្នុង​ស​ន្និសីទ​សារព័ត៌មាន ក្នុង​ជុំ​នួប​នៅ​ទីក្រុង​ហ្ស៊េរុយសាឡិម កាល​ពី​ថ្ងៃ​ទី​១៨ តុលា ២០១៩។
រដ្ឋ​មន្ត្រី​ការបរទេស​អាមេរិក លោក Mike Pompeo (ឆ្វេង) និង​នាយករដ្ឋ​មន្ត្រី​អ៊ីស្រាអែល លោក Benjamin Netanyahu ក្នុង​ស​ន្និសីទ​សារព័ត៌មាន ក្នុង​ជុំ​នួប​នៅ​ទីក្រុង​ហ្ស៊េរុយសាឡិម កាល​ពី​ថ្ងៃ​ទី​១៨ តុលា ២០១៩។

នៅ​ក្នុង​កិច្ច​ចរចា​ជាមួយនាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល​ លោក​ Benjamin Netanyahu កាល​ពី​ថ្ងៃ​សុក្រ ​លោក​រដ្ឋមន្ត្រី​ការបរទេស​ស.រ.អា.​ Mike Pompeo​ បាន​បញ្ជាក់​ជា​ថ្មី​អំពី​ចំណង​ទាក់​ទង​គ្នា​រវាង​ស.រ.អា.​និង​អ៊ីស្រាអែល​ និង​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​រួម​គ្នាដើម្បី​ទប់​ទល់​នឹង​ប្រទេស​អ៊ីរ៉ង់។

ការ​ធានា​នេះ ធ្វើ​ឡើនៅ​ពេល​មាន​កង្វល់​នៅ​ក្នុង​ប្រទេស​អ៊ីស្រាអែល​ ដែល​ថា​រដ្ឋាភិបាល​ក្រុង​តេហេរ៉ង​ អាច​ទាញ​យក​អត្ថប្រយោជន៍​ពី​ការ​ដក​ពួក​ទាហាន​អាមេរិកាំង​ចេញ​ពី​ប្រទេស​ស៊ីរី។

លោក ​Pompeo​ បាន​និយាយ​នៅ​ក្រោយ​ជំនួប​របស់​លោក​ជាមួយ​លោក Netanyahu ថា៖ «យើង​បាន​និយាយ​គ្នា​អំពី​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ទាំង​អស់​ដែល​យើង​បាន​ធ្វើ​ដើម្បី​រុញ​ច្រាន​ប្រឆាំង​នឹង​ការ​គំរាម​កំហែង​របស់​សាធារណរដ្ឋ​ឥស្លាម​ អ៊ីរ៉ង់ ​មិន​មែន​តែ​សម្រាប់​ប្រទេស​អ៊ីស្រាអែល​ប៉ុណ្ណោះទេ ​ក៏​ប៉ុន្តែ​សម្រាប់​តំបន់​នេះ​និង​ពិភព​លោក​ផង​ដែរ។ យើង​បាន​ប្តូរ​យោបល់​គ្នា​អំពី​យើង​អាចធ្វើ​បែប​ណា​ដើម្បី​ធ្វើ​ឱ្យ​ប្រាកដ​ប្រជា​ឱ្យ​មាន​ស្ថិរភាព​នៅ​ក្នុង​ភូមិភាគមជ្ឈិម​បូព៌ា​និង​អំពី​ថា​តើ​ធ្វើ​បែប​ណា​ដើម្បី​ឱ្យ​យើង​បង្កើន​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​យើង​ក្នុង​ការ​ប្រយុទ្ធ​រួម​គ្នា​ប្រឆាំង​នឹង​ឧបសគ្គ​ទាំង​អស់​ដែល​ពិភព​លោក​ប្រឈម​នៅ​ក្នុង​ភូមិ​ភាគ​មជ្ឈិម​បូព៌ា»។

ជំនួប​នេះ​មាន​ឡើង​មួយ​ថ្ងៃ​ក្រោយ​ពី​គណៈ​ប្រតិភូ​ស.រ.អា.​មួយ​ដឹក​នាំ​ដោយ​លោក​អនុ​ប្រធានាធិបតី​ Mike Pence ​បាន​សម្រេច​កិច្ច​ព្រម​ព្រៀង​មួយ​ជាមួយ​ប្រទេស​តួកគី​ ដើម្បី​ឱ្យ​រដ្ឋាភិបាលក្រុង​អង់ការ៉ា​ ផ្អាក​ការ​វាយ​លុក​យោធា​ប្រឆាំង​នឹង​កង​កម្លាំង​ Kurde នៅ​ក្នុង​ផ្នែក​ឦសាន​នៃ​ប្រទេស​ស៊ីរី​ចំនួន​ប្រាំ​ថ្ងៃ។

នៅ​ពេល​ត្រូវ​សួរ​អំពី​កិច្ច​ព្រម​ព្រៀង​ឈប់​បាញ់គ្នា​សម្រប​សម្រួល​ដោយ​ស.រ.អា.​និង​ថា​តើ​ការ​បញ្ឈប់​អរិភាព​នឹង​មាន​ជាប់​លាប់​រវាង​ប្រទេស​តួកគី​ និង​ពួក​ជន​អំបូរ​ Kurde ​ស៊ីរី​ឬ​ទេ លោក Netanyahu ​បាន​និយាយ​កាល​ពី​ថ្ងៃ​សុក្រ​ថា «យើង​សង្ឃឹម​ថា​អ្វីៗ​នឹង​ល្អ​ប្រសើរ​ជាង​មុន»៕

XS
SM
MD
LG