លោកអនុប្រធានាធិបតីស.រ.អា. Mike Pence បានប្រកាសអំពីការឈប់បាញ់គ្នានៅក្នុងការវាយលុករបស់ តួកគីលើក្រុមយុទ្ធជន ឃឺត ក្នុងផ្នែកខាងជើងនៃប្រទេសស៊ីរី នៅក្រោយកិច្ចចរចាជាមួយប្រធានាធិបតី តួកគី Recep Tayyip Erdogan នៅក្នុងក្រុងអង់ការ៉ា។
លោក Pence ដោយមានការចូលរួមពីសំណាក់លោករដ្ឋមន្ត្រីការបរទេស Mike Pompeo និងលោក Robert O'Brien ទីប្រឹក្សាសន្តិសុខជាតិនៃសេតវិមាន បានជួបជាមួយលោក Erdogan។
ជំនួបគ្នានេះបានកើតមានឡើងមួយថ្ងៃក្រោយពីលោកប្រធានាធិបតី ដូណាល់ ត្រាំ បានបដិសេធសារៈសំខាន់នៃលទ្ធផលនៃការប្រយុទ្ធគ្នានេះ ដោយលោកបាននិយាយថាការវាយលុកនេះ«គ្មានទាក់ទិនអ្វីជាមួយយើងទេ» ទោះណាជាសភាតំណាងរាស្ត្រអាមេរិកាំងបានអនុម័តដោយសំឡេងភាគច្រើនលើសលប់នូវសេចក្តីសម្រេចចិត្តមួយថ្កោលទោសការដកទាហានរបស់លោក។ លោក ត្រាំ បានបង្អាប់ពួកយុទ្ធជនឃឺត ដែលបានប្រយុទ្ធជាមួយពួកទាហានអាមេរិកាំងប្រឆាំងនឹងពួករដ្ឋឥស្លាមថាពួកគេ«មិនមែនជាទេវតាទេ»។
ពួកមេដឹកនាំព្រឹទ្ធសភាស.រ.អា.បានប្រកាសផែនការសម្រាប់សេចក្តីព្រាងច្បាប់មួយមានការដាក់ទណ្ឌកម្មទូលំទូលាយប្រឆាំងនឹងប្រទេស តួកគីដែលជាសមាជិកមួយនៃអង្គការអូតង់ចំពោះការវាយលុកប្រឆាំងនឹងក្រុមយុទ្ធជនឃឺត និងការដែលតួកគីបានទិញប្រព័ន្ធការពារនឹងកាំជ្រួចមីស៊ីលផលិតដោយរុស្សីប្រឆាំងនឹងឆន្ទៈរបស់ស.រ.អា.និងរដ្ឋាភិបាលឯទៀតៗជាសមាជិកនៃអង្គការអូតង់។
លោក Lindsey Graham សមាជិកព្រឹទ្ធសភាស.រ.អា.ខាងគណបក្សសាធារណរដ្ឋដែលជាសម្ព័ន្ធមិត្តនយោបាយរបស់លោក Trump និងក៏ជាអ្នករិះគន់ដល់ការដកពួកទាហានអាមេរិកាំងដោយលោក Trump ដែរនោះបាននិយាយថា«យើងមានជំនឿថាសេចក្តីសម្រេចរបស់លោក Erdogan ក្នុងការបញ្ជូនពួកទាហានលោកចូលទៅក្នុងប្រទេសស៊ីរីបានដាក់ឱ្យពួកសម្ព័ន្ធមិត្តយើងឋិតក្នុងគ្រោះថ្នាក់។ យើងមានជំនឿថានឹងមានការរើបឡើងវិញនៃរដ្ឋឥស្លាមប្រសិនបើការណ៍នេះមានតទៅទៀត»៕