សហរដ្ឋអាមេរិកនិយាយថា ការខំប្រឹងប្រែងខាងការទូតកំពុងដាក់គំនាបឲ្យមានការឈប់បាញ់គ្នា បន្ទាប់ពីការរុលចូលរបស់តួកគីក្នុងតំបន់ភាគខាងជើងប្រទេសស៊ីរី នៅពេលដែលរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនព្យាយាមត្រួតត្រាស្ថានការណ៍នេះ។ នេះបើតាមមន្រ្តីជាន់ខ្ពស់ម្នាក់របស់ក្រសួងការបរទេសសហរដ្ឋអាមេរិក។
មន្រ្តីរូបនោះបាននិយាយថា៖ «គោលដៅសំខាន់បំផុតគឺ វិស័យការទូតដើម្បីព្យាយាម ស្វែងរកការឈប់បាញ់គ្នា។ ត្រួតត្រាស្ថានភាពនេះ។ វាមានការច្របូកច្របល់បំផុត។ វាជាការគ្រោះថ្នាក់បំផុតសម្រាប់កងទ័ពរបស់យើង។ ការណ៍នេះកំពុងដាក់ភាពគ្រោះថ្នាក់នៃការដាក់គុកប្រកបដោយសុវត្ថិភាពដល់ក្រុមអ្នកប្រយុទ្ធក្រុមរដ្ឋឥស្លាម។ វា កំពុងដាក់សុវត្ថិភាពអ្នកទោសជិត១ម៉ឺននាក់ស្ថិតក្នុងហានិភ័យ»។
លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានប្រកាសការដាក់ទណ្ឌកម្មប្រឆាំងនឹងមន្រ្តីតួកគីអំពីកិច្ចប្រតិបត្តិការយោធា ហើយលោកមានផែនការបញ្ជូនគណៈប្រតិភូមួយដែលដឹកនាំដោយលោកអនុប្រធានាធិបតី Mike Pence ទៅកាន់រដ្ឋធានីអង់ការ៉ា ដើម្បីចរចាដោះស្រាយស្ថានភាពនេះ។
មន្រ្តីម្នាក់របស់ក្រសួងការបរទេសអាមេរិកបានប្រាប់ក្រុមអ្នកយកព័ត៌មានកាលពីថ្ងៃអង្គារថា «ខ្ញុំអាចនិយាយប្រាប់លោកថា ដំណើរបំពេញទស្សនកិច្ចរបស់អនុប្រធានាធិបតីអាមេរិកលោក Mike Pence នឹងត្រូវចាប់ផ្តើមនៅពេលឆាប់ៗនេះ។ហើយគោលបំណងដ៏សំខាន់របស់យើងគឺការពិភាក្សាដ៏ស្មោះត្រង់ជាមួយតួកគី»។
លោកប្រធានាធិបតីត្រាំបានប្រឈមការរិះគន់យ៉ាងខ្លាំងនៅក្នុងសប្តាហ៍នេះចាប់តាំងពីសេតវិមានបានប្រកាសថា តួកគីមានគម្រោងជាយូរយាណាស់មកហើយ ដើម្បីព្យាយាមបង្កើតតំបន់ទ្រនាប់នៅតាមបណ្តោយព្រំដែនរបស់ខ្លួនជាមួយស៊ីរីដែលគ្នាក្រុមអ្នកប្រយុទ្ធជនជាតិ Kurds ដែលគាំទ្រដោយសហរដ្ឋអាមេរិកដែលតួកគីចោទប្រកាន់ជាភេរវជនដែលមានចំណងទាក់ទងទៅនឹងជនជាតិ Kurds ទាមទារបំបែករដ្ឋក្នុងប្រទេសតួកគី។ យោធាអាមេរិកបាននិយាយជាយូរមកហើយថា សម្ព័ន្ធមិត្តជនជាតិ Kurdsបានធ្វើការប្រយុទ្ធយ៉ាងខ្លាំងប្រឆាំងនឹងក្រុមរដ្ឋឥស្លាម៕