ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump និងរដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Jim Mattis កាលពីថ្ងៃសៅរ៍ម្សិលមិញ បានជួបជាមួយនឹងសមភាគីកូរ៉េខាងត្បូងរបស់ពួកគេ បន្ទាប់ពីជំនួបជាប្រវត្តិសាស្ត្ររវាងប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae In និងមេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un បានបញ្ចប់ទៅ។
លោក Trump បាននិយាយថា៖ «រឿងរ៉ាវនានាបានដំណើរការទៅមុខយ៉ាងរលូន»។ លោកថ្លែងដូច្នេះ ស្របពេលដែលលោកត្រៀមខ្លួនដើម្បីជួបជាមួយនឹងលោក Kim Jong Un ដែលគ្រោងនឹងធ្វើឡើងនៅពេលខាងមុខ។
លោក Jim Mattis និងរដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូងលោក Song Young Moo បាននិយាយថា ពួកគេប្ដេជ្ញាស្វែងរកដំណោះស្រាយការទូតមួយដែលអាចសម្រេចបាននូវការធ្វើឲ្យប្រទេសកូរ៉េខាងជើងគ្មានអាវុធនុយក្លេអ៊ែរទាំងស្រុង ដែលអាចផ្ទៀងផ្ទាត់បាន និងមិនអាចកែប្រែបាន។ នេះបើយោងតាមការបញ្ជាក់របស់អ្នកនាំពាក្យរបស់ក្រសួងការពារជាតិអាមេរិកលោកស្រី Dana W. White។
លោក Jim Mattis ក៏បានបញ្ជាក់ឡើងវិញនូវ «ការប្ដេជ្ញាមិនអាចបំពានបានរបស់សហរដ្ឋអាមេរិក» ដើម្បីការពារសម្ព័ន្ធមិត្តរបស់ខ្លួន «ដោយប្រើសមត្ថភាពរបស់សហរដ្ឋអាមេរិកគ្រប់វិសាលភាពទាំងអស់»។
លោក Trump បានសរសេរនៅលើ Twitter កាលពីថ្ងៃសៅរ៍ម្សិលមិញថា លោក «មានការពិភាក្សាដ៏ល្អ និងយូរមួយ» ជាមួយនឹងលោក Moon Jae In។ លោកក៏បានបញ្ជាក់ផងដែរថា លោកបានបញ្ជាក់ប្រាប់នាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe ផងដែរអំពី «ការចរចានានាដែលកំពុងតែបន្តធ្វើ» សម្រាប់ជំនួបរបស់លោកជាមួយនឹងលោក Kim Jong Un ដែលគ្រោងនឹងធ្វើឡើងនៅខែឧសភា ឬក៏ដើមខែមិថុនាខាងមុខនេះ៕