ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋ​អាមេរិក​កៀរគរ​ការ​គាំទ្រ​ឲ្យ​តៃវ៉ាន់​ចូលរួម​ក្នុង​មហាសន្និបាត​សុខភាព​ពិភពលោក


ស្លាក​សញ្ញាអង្គការ​សុខភាព​ពិភពលោក​ ក្នុង​ទីក្រុង​ហ្ស៊ឺណែវ​ប្រទេស​ស្វីស​កាលពី​ថ្ងៃទី​០៦ ខែកុម្ភៈ ឆ្នាំ២០២០។
ស្លាក​សញ្ញាអង្គការ​សុខភាព​ពិភពលោក​ ក្នុង​ទីក្រុង​ហ្ស៊ឺណែវ​ប្រទេស​ស្វីស​កាលពី​ថ្ងៃទី​០៦ ខែកុម្ភៈ ឆ្នាំ២០២០។

សហរដ្ឋ​អាមេរិក​កំពុង​កៀរគរ​ការ​គាំទ្រ​ចំពោះ​ឋានៈ​របស់​តៃវ៉ាន់​ក្នុង​នាម​ជា​អ្នក​សង្កេតការណ៍​នៅ​ក្នុង​មហាសន្និបាត​សុខភាព​ពិភពលោក ដែល​ជា​ស្ថាប័ន​ធ្វើ​សេចក្ដី​សម្រេច​ចិត្ត​របស់​អង្គការ​សុខភាព​ពិភពលោក។ មហាសន្និបាត​នេះ​នឹង​បើក​កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ​របស់​ខ្លួន​ពី​ថ្ងៃ​ទី ១៧ ដល់​ថ្ងៃ​ទី ២១ ខែ​ឧសភា​នេះ។

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Mike Pompeo បាន​បញ្ជាក់​នៅ​ក្នុង​សន្និសីទ​កាសែត​កាល​ពី​ថ្ងៃ​ពុធ​ថា៖ «ថ្ងៃ​នេះ ខ្ញុំ​ចង់​អំពាវនាវ​ដល់​ប្រទេស​ទាំង​អស់ រួម​ទាំង​ប្រទេស​នៅ​អឺរ៉ុប​ផង​ដែរ ឲ្យ​ជួយ​គាំទ្រ​ការ​ចូលរួម​របស់​កោះ​តៃវ៉ាន់​ក្នុង​នាម​ជា​អ្នក​សង្កេតការណ៍​នៅ​មហា​សន្និបាត​សុខភាព​ពិភពលោក និង​កិច្ច​ប្រជុំ​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត​របស់​អង្គការ​សហប្រជាជាតិ»។

មន្ត្រី​ការទូត​កំពូល​របស់​សហរដ្ឋ​អាមេរិក​រូប​នេះ​បាន​ស្នើ​ដល់​អគ្គលេខាធិការ​អង្គការ​សុខភាព​ពិភពលោក​លោក Tedro Adhanom Ghebreyesus ឲ្យ «អញ្ជើញ​តៃវ៉ាន់​មក​សង្កេតការណ៍​មហា​សន្និបាត​សុខភាព​ពិភពលោក​នៅ​ក្នុង​ខែ​នេះ ដោយសារតែ​លោក​មាន​អំណាច​ធ្វើ​ដូច្នេះ និង​ដូច​ដែល​អគ្គលេខាធិការ​មុនៗ​ធ្លាប់​បាន​ធ្វើ​ជា​ច្រើន​លើក​ច្រើន​សារ​រួច​មក​ហើយ»។

ការិយាល័យ​កិច្ចការ​អង្គការ​អន្តរជាតិ​នៃ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​បាន​បង្ហោះ​សារ​មួយ​ចំនួន​នៅ​លើ Twitter ដោយ​ប្រើ​សញ្ញា #TweetforTaiwan និង #Taiwanmodel កាល​ពី​ថ្ងៃ​ទី ១ ខែ​ឧសភា​កន្លង​ទៅ​នេះ ដែល​ជា​វិធានការ​ដ៏​កម្រ​មួយ​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ។

វិធានការ​របស់​សហរដ្ឋ​អាមេរិក​នេះ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ជា​ការ​ប្រឆាំង​ដោយ​បើក​ចំហរ​ចំពោះ​ប្រទេស​ចិន។ រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​រារាំង​តៃវ៉ាន់​មិន​ឲ្យ​មាន​វត្តមាន​នៅ​ក្នុង​កិច្ច​ប្រជុំ​នានា​របស់​អង្គការ​សុខភាព​ពិភពលោក បន្ទាប់ពី​ប្រជាពលរដ្ឋ​តៃវ៉ាន់​បាន​បោះ​ឆ្នោត​ជ្រើសរើស​អ្នកស្រី Tsai Ing-wen ដែល​ជា​អ្នក​រិះគន់​ប្រទេស​ចិន ឲ្យ​ធ្វើ​ជា​ប្រធានាធិបតី​តៃវ៉ាន់​កាល​ពី​ឆ្នាំ ២០១៦ និង​ជាប់​ឆ្នោត​សារជា​ថ្មី​នៅ​ឆ្នាំ ២០២០ នេះមក៕

XS
SM
MD
LG