ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​ឯករាជ្យ​មួយ​អំពាវនាវ​ឱ្យ​មាន​ការ​ព្រាង​រដ្ឋធម្មនុញ្ញ​ថ្មី​សម្រាប់​កោះតៃវ៉ាន់


រូបឯកសារ៖ ពលរដ្ឋតៃវ៉ាន់ធ្វើបាតុកម្មនៅទីក្រុងតៃប៉ិ កោះតៃវ៉ាន់ មុនការបោះឆ្នោត ដោយទាមទារឲ្យមានគោលនយោបាយការពារកម្មករ កាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០២០។
រូបឯកសារ៖ ពលរដ្ឋតៃវ៉ាន់ធ្វើបាតុកម្មនៅទីក្រុងតៃប៉ិ កោះតៃវ៉ាន់ មុនការបោះឆ្នោត ដោយទាមទារឲ្យមានគោលនយោបាយការពារកម្មករ កាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០២០។

ក្រុម​ឯករាជ្យ​មួយ​នៅ​កោះ​តៃវ៉ាន់​បាន​អំពាវនាវ​ឱ្យ​មាន​ការ​បោះឆ្នោត​ប្រជាមតិ​អំពី​ការ​ព្រាង​រដ្ឋធម្មនុញ្ញ​ថ្មី ដែល​ជា​រឿង​ដ៏​ចម្រូង​ចម្រាស់​មួយ។ ក្រុម​នេះ​បង្កើត​ឡើង​ដោយ​លោក Koo Kwang-ming ដែល​ជា​អតីតទីប្រឹក្សា​ប្រធានាធិបតី និង​ជា​អ្នក​ទាមទារ​ជា​យូរ​មក​ឲ្យ​កោះ​តៃវ៉ាន់ ​មាន​ឯករាជ្យ​ភាព។ លោក​បាន​អំពាវ​នាវ​ឱ្យ​មាន​ការ​បោះឆ្នោត​ប្រជាមតិ​នេះ​ ធ្វើ​ឡើង​នៅ​ខែ​សីហា​ខាង​មុខ។

រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​អះអាង​ថា កោះ​តៃវ៉ាន់​ដែល​គ្រប់គ្រង​តាម​បែប​ប្រជាធិបតេយ្យ ជា​ផ្នែក​មួយ​នៃ​ដែនដី​របស់​ខ្លួន ហើយ​បាន​សម្តែង​ការ​ជំទាស់​រួច​ទៅ​ហើយ​ចំពោះ​សំណើ​នេះ ដោយ​បាន​ព្រមាន​ថា «សកម្មភាព​បំបែក​រដ្ឋ» បែប​នេះ គឺ​ជា «ការ​ទាល់​ច្រក​មួយ​ដែល​ទៅ​មិន​រួច»។

ការ​អំពាវនាវ​ឱ្យ​មាន​រដ្ឋធម្មនុញ្ញ​ថ្មី​នៅ​កោះ​តៃវ៉ាន់​នេះ​ក៏​មាន​ការ​ជំទាស់​មក​វិញ​តាម​អ៊ីនធឺណិត​នៅ​ក្នុង​ប្រទេស​ចិន​ផង​ដែរ ហើយ​គណបក្ស​ជាតិ​និយម ឬ​គណបក្ស Kuomintang ដែល​ជា​គណបក្ស​ប្រឆាំង​នៅ​កោះ​តៃវ៉ាន់ ក៏​បាន​សម្តែង​ការ​ជំទាស់​របស់​ខ្លួន​ ចំពោះ​ការ​ជំរុញ​ណា​មួយ​ឆ្ពោះ​ទៅ​រក​ឯករាជ្យ​ភាព។

បើ​យោង​តាម​មូលនិធិ​រដ្ឋធម្មនុញ្ញ​ថ្មី​នៃ​កោះ​តៃវ៉ាន់​ដែល​ហៅ​កាត់ថា TNC របស់​លោក Koo Kwang-ming ការ​បោះឆ្នោត​ប្រជាមតិ​នេះ​ប្រមូល​បាន​ហត្ថលេខា​ជាង ៣ ពាន់​រួច​មក​ហើយ​សម្រាប់​សំណើ​នេះ ដែល​ជា​ចំនួន​លើស​ការ​កំណត់​ចំនួន ១.៩៣១ ហត្ថលេខា ដែល​តម្រូវ​ដោយ​ច្បាប់។

ក្រុម​នេះ​បាន​បញ្ជាក់​ថា ការ​បោះឆ្នោត​ប្រជាមតិ​នេះ​នឹង​សួរ​អ្នក​បោះឆ្នោត​នូវ​សំណួរ​ពីរ ដែល​នោះ​គឺ​ថា៖ «តើ​អ្នក​គាំទ្រ​ប្រធានាធិបតី​នៅ​ក្នុង​ការ​ផ្តើម​គំនិត​ឱ្យ​មាន​ដំណើរការ​កែទម្រង់​រដ្ឋធម្មនុញ្ញ​សម្រាប់​កោះ​តៃវ៉ាន់​ដែរ​ឬ​ទេ?» និង «តើ​អ្នក​គាំទ្រ​ប្រធានាធិបតី​ក្នុង​ការ​ជំរុញ​ឱ្យ​មាន​ការ​តាក់តែង​រដ្ឋធម្មនុញ្ញ​ថ្មី​មួយ ដែល​ឆ្លុះ​បញ្ចាំង​ពី​ការ​ពិត​នៅ​ពេល​បច្ចុប្បន្ន​នៃ​កោះ​តៃវ៉ាន់​ដែរ​ឬ​ទេ?»។

លោក Lin Yi-cheng នាយក​ប្រតិបត្តិ​នៃ​មូលនិធិ​រដ្ឋធម្មនុញ្ញ​ថ្មី​នៃ​កោះតៃវ៉ាន់ បាន​និយាយ​ប្រាប់​វីអូអេ​ថា បន្ទាប់ពី​ធ្វើ​ប្រជាធិបតេយ្យ​នីយកម្ម​អស់​រយៈពេល ៣០ ឆ្នាំ​មក ដល់​ពេល​វេលា​ដែល​ត្រូវ​ដោះស្រាយ​បញ្ហា​អត្តសញ្ញាណ​ជាតិ​នៃ​កោះ​តៃវ៉ាន់ និង​ដល់​ពេល​ដែល​ត្រូវ​កែប្រែ​គោលជំហរ​របស់​តៃ​វ៉ាន់​នៅ​លើ​ឆាក​អន្តរជាតិ​ហើយ។

លោក Lin បាន​និយាយ​ថា៖ «កាល​ពី ៣០ ឆ្នាំ​មុន មាន​ពលរដ្ឋ​តែ ១៣% ប៉ុណ្ណោះ ដែល​ចាត់ទុក​ខ្លួន​ឯង​ថា​ជា​ជនជាតិ​តៃវ៉ាន់ មិនមែន​ជា​ជនជាតិ​ចិន។ ប៉ុន្តែ​នៅ​ក្នុង​ឆ្នាំ ២០២០ នេះ តួលេខ​នេះ​បាន​កើន​ឡើង​ដល់ ៨៣%»។

លោក Lin បាន​កត់​សម្គាល់​ថា រដ្ឋធម្មនុញ្ញ​បច្ចុប្បន្ន​នៃ​សាធារណរដ្ឋ​ចិន ដែល​ជា​ឈ្មោះ​ផ្លូវការ​របស់​កោះ​តៃវ៉ាន់ ត្រូវ​បាន​អនុម័ត​នៅ​មុន​ពេល​លោក Chiang Kai-shek មេដឹកនាំ​គណបក្ស Kuomintang រត់​គេច​ខ្លួន​ពី​ប្រទេស​ចិន​ទៅ​កាន់​កោះ​តៃវ៉ាន់។ គណបក្ស Kuomintang បាន​ចាញ់​គណបក្ស​កុម្មុយនិស្ត​ចិន​នៅ​ក្នុង​សង្គ្រាម​ស៊ីវិល និង​បាន​ប្ដូរ​ទីតាំង​ទៅ​កាន់​កោះ​តៃវ៉ាន់​កាល​ពី​ឆ្នាំ ១៩៤៩។

លោក Lin បាននិយាយ​ថា រដ្ឋធម្មនុញ្ញ​ដែល​បាន​តាក់តែង​កាល​ពី​ឆ្នាំ ១៩៤៦ នេះ បាន​ដាក់​ប្រទេស​ចិន​និង​កោះតៃវ៉ាន់​ឱ្យ​ឋិត​នៅ​ក្រោម​ដែន​សមត្ថកិច្ច​នៃ​សាធារណរដ្ឋ​ចិន ទោះបីជា​តាម​ការ​ពិត ចិន​ដី​គោក និង​តៃវ៉ាន់​ត្រូវ​បាន​គ្រប់គ្រង​ដាច់​ដោយ​ឡែក​ពី​គ្នា​អស់​រយៈពេល​ជាង ៦០ ឆ្នាំ​ក៏​ដោយ។

តាម​រយៈច្បាប់​ស្តី​ការ​បោះឆ្នោតប្រជាមតិ​នៃកោះតៃវ៉ាន់ ដំណើរការ​សម្រាប់​ធ្វើការ​បោះឆ្នោត​ប្រជាមតិ​មាន ៣ ដំណាក់កាល ដែល​នោះ​គឺ​ការ​ដាក់​សំណើ ការ​គាំទ្រ​សំណើ​នេះ និង​ការ​បោះឆ្នោត។

ដំណាក់​កាល​នៃ​ការ​គាំទ្រ​សំណើ​តម្រូវ​ឱ្យ​មាន​ហត្ថលេខា​គាំទ្រ​តិច​បំផុត ២ សែន ៩ ម៉ឺន ក្នុង​ពេល​តិច​ជាង ៦ ខែ។ ហើយ​ប្រសិន​បើ​មាន​ការ​បោះឆ្នោត​ប្រជាមតិ ពលរដ្ឋ​ដែល​មាន​សិទ្ធិ​បោះឆ្នោត ចំនួន ៥០% ចេញ​ទៅ​បោះឆ្នោត ជា​ការ​តម្រូវ​ឱ្យ​មាន​ដើម្បី​ឱ្យ​ការ​បោះឆ្នោត​នេះ​មាន​សុពលភាព។ ករណី​នេះ​មាន​ន័យ​ថា យ៉ាង​ហោច​ណាស់​ពលរដ្ឋ​តៃវ៉ាន់​ចំនួន ២៥% ដែល​ស្មើ​នឹង​អ្នក​បោះឆ្នោត​ចំនួន ៥ លាន​នាក់ ត្រូវតែ​បោះឆ្នោត «យល់ព្រម» ដើម្បី​អាច​ឲ្យ​ការ​បោះឆ្នោត​ប្រជាមតិ​នេះ​អាច​អនុម័ត​បាន។

សំណើ​ទាំងនេះ​បាន​នាំ​ឱ្យ​មាន​ការ​ឆ្លើយតប​យ៉ាង​ខ្លាំងក្លា​ពី​ការិយាល័យ​កិច្ចការ​តៃវ៉ាន់​នៃ​ប្រទេស​ចិន។

អ្នកស្រី Zhu Fenglian អ្នក​នាំ​ពាក្យ​នៃ​ការិយាល័យ​កិច្ចការ​តៃវ៉ាន់​នៃ​ប្រទេស​ចិន បាន​ហៅ​ការ​ខិត​ខំ​ប្រឹង​ប្រែង​ជំរុញ​ឱ្យ​មាន «ឯករាជ្យ​នៃ​កោះតៃ​វ៉ាន់» នេះ ថា​ជា​ការ​វិល​ត្រឡប់​ទៅ​ក្រោយ​ខាង​ប្រវត្តិសាស្ត្រ និង​ជា​ភាព​ទាល់ច្រក​មួយ​ផង​ដែរ។

អ្នកស្រី Zhu បាន​និយាយ​ថា៖ «សកម្មភាព​បំបែក​រដ្ឋ​នឹង​ជំរុញ​ឲ្យ​តៃវ៉ាន់​ធ្លាក់​ចូល​ទៅ​ក្នុង​ជ្រោះ​ដ៏​ជ្រៅ​មួយ​ប្រកប​ដោយ​គ្រោះ​ថ្នាក់ និង​នាំ​ឱ្យ​មាន​មហន្តរាយ​ខ្លាំង​ដល់​ប្រជារាស្ត្រ​តៃវ៉ាន់​ជា​ច្រើន»។

នៅ​លើ​បណ្តាញ​ព័ត៌មាន​សង្គម Netizens តាម​អ៊ីនធឺណិត ដែល​ត្រូវបាន​ត្រួតត្រា​យ៉ាង​តឹងរ៉ឹង​របស់​ចិន គេ​ឃើញ​មាន​សារ​គំរាម​កំហែង ដោយ​សារ​ខ្លះ​សុំ​ឱ្យ​ប្រទេស​ចិន​ប្រើ​ឱកាស​នេះ​ដើម្បី​ចាត់​វិធានការ​បែប​យោធា។

សារ​មួយ​សរសេរ​ថា៖ «ការណ៍​នេះ​បង្ខំ​យើង​ឱ្យ​បង្រួបបង្រួម​ប្រទេស​ជាតិ​ដោយ​ប្រើ​កម្លាំង!»។ សារ​មួយ​ទៀត​សរសេរ​ថា៖ «ខ្ញុំ​សង្ឃឹម​ថា តៃវ៉ាន់​អាច​ជំរុញ​ឱ្យ​មាន​ការ​បោះឆ្នោត​ប្រជាមតិ ដូច្នេះ​យើង​នឹង​មាន​ហេតុផល​មួយ​ដើម្បី​បង្កើន​ដំណើរការ​បង្រួប​បង្រួម​តៃវ៉ាន់​ជាមួយ​នឹង​ចិន​ដី​គោក»។

នៅ​តៃវ៉ាន់ គណបក្ស Kuomintang ក៏​បាន​សម្តែង​ការ​ជំទាស់​ផង​ដែរ។ អ្នក​នាំ​ពាក្យ​ម្នាក់​របស់​គណបក្ស​នេះ​បាន​ប្រាប់​វីអូអេ​ថា ទាក់ទិន​នឹង​បញ្ហា​នៃ​ការ​បង្កើត​រដ្ឋធម្មនុញ្ញ​ថ្មី ទោះបីជា​គណបក្ស Kuomintang គោរព​សិទ្ធិ​របស់​ប្រជាពលរដ្ឋ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ប្រជាមតិ​ក៏​ដោយ ក៏​គណបក្ស​យើង​គាំទ្រ​ដល់​ការ​អភិវឌ្ឍន៍​ដោយ​សន្តិវិធី​នៃ​ទំនាក់​ទំនង​ជាមួយ​នឹង​ប្រទេស​ចិន ហើយ​ជំទាស់​ទៅ​នឹង​ឯករាជ្យភាព​របស់​កោះ​តៃវ៉ាន់។

ក្រុម​ប្រឹក្សា​កិច្ចការ​ប្រទេស​ចិន​ដី​គោក​នៃ​កោះ​តៃវ៉ាន់​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ជា​លាយ​លក្ខណ៍​អក្សរ​មួយ​ចង្អុល​បង្ហាញ​ថា «ការ​បោះ​ឆ្នោតប្រជាមតិ​គឺ​ជា​ការ​បង្ហាញ​សិទ្ធិ​នយោបាយ និង​មតិ​សាធារណៈ​ដោយ​ផ្ទាល់ ដែល​ពលរដ្ឋ​តៃវ៉ាន់​សក្តិសម​នឹង​មាន»។ ក្រុមប្រឹក្សា​នេះ​ថែម​ទាំង​បាន​ជំរុញ​អាជ្ញាធរ​កុម្មុយនិស្ត​ចិន​ឱ្យ​គោព​សិទ្ធិ​ទាំង​នេះ​ផង​ដែរ។

លោក Wong Ming-hsien សាស្ត្រាចារ្យ​ផ្នែក​ទំនាក់​ទំនង​អន្តរជាតិ​នៃ​សាកលវីទ្យាល័យ Tamkang នៅ​កោះ​តៃវ៉ាន់ បាន​ប្រាប់​វីអូអេ​ថា ដោយសារ​ប្រធានាធិបតី​តៃវ៉ាន់​អ្នកស្រី Tsai Ing-wen បាន​គូស​បញ្ជាក់​អំពី​ការ​រក្សា​ស្ថានការណ៍​បច្ចុប្បន្ន​នៃ​ទំនាក់​ទំនង​រវាង​តៃវ៉ាន់ និង​ចិន​ដី​គោក មើល​ទៅ​អ្នកស្រី​ទំនង​ជា​មិន​គាំទ្រ​ជា​សាធារណៈ​ចំពោះ​វិធានការ​បង្កើត​រដ្ឋធម្មនុញ្ញ​ថ្មី​នេះ​ទេ។

បន្ថែម​ពី​លើ​នេះ​ទៀត លោក Wong បាន​ថ្លែង​ថា ប្រជាពលរដ្ឋ​តៃវ៉ាន់​ភាគ​ច្រើន​មិន​ចង់​ឱ្យ​មាន​សង្គ្រាម​ជាមួយ​នឹង​ប្រទេស​ចិន​នោះ​ទេ ដែល​ករណី​នេះ​ទំនងជា​នឹង​បន្ថយ​សន្ទុះ​សម្រាប់​ការ​បោះឆ្នោត​ប្រជាមតិ​អំពី​រដ្ឋធម្មនុញ្ញ​ថ្មី​នេះ៕

ប្រែ​សម្រួល​ដោយ ឈឹម សុមេធ

XS
SM
MD
LG