ពលរដ្ឋតៃវ៉ាន់ប្រជ្រៀតគ្នានៅផ្លូវដើរក៏តូចមួយក្នុងបណ្ណាគារ Causeway Bay Books របស់លោក Lam Wing-kee នៅពេលដែលបណ្ណាគារនេះត្រូវបានបើកសម្ពោធនៅកោះតៃវ៉ាន់កាលពីថ្ងៃទី២៥ ខែមេសា។ មនុស្សជាច្រើនចង់ជជែកជាមួយនឹងលោក Lam Wing-kee ដែលមានកំណើតនៅក្នុងក្រុងហុងកុង ហើយរត់ភៀសខ្លួនមកកោះតៃវ៉ាន់កាលពីឆ្នាំមុន បន្ទាប់ពីមានការចាប់ខ្លួនជនជាតិចិនជាច្រើននាក់ ដោយសារតែសៀវភៅដែលសរសេរប៉ះពាល់ដល់ថ្នាក់ដឹកនាំកុម្មុយនីស្តចិន។
មនុស្សជាង១.០០០នាក់ ដែលបានទៅបណ្ណាគារលក់សៀវភៅក្នុងក្រុងតៃប៉ិរបស់លោកនៅប៉ុន្មានម៉ោងដំបូងគាំទ្រគំនិតរបស់លោកក្នុងការបើកបណ្ណាគារនេះឡើងវិញនៅកោះតៃវ៉ាន់ ដែលជាកន្លែងមានសេរីភាពបញ្ចេញមតិពេញលេញ និងមានការខឹងសម្បាចំពោះប្រទេសចិនដែលបានបិទប្រតិបត្តិការនៃបណ្ណាគារ Causeway Way Books នៅក្នុងក្រុងហុងកុង ដែលជាដែនដីរបស់ចិន។ លោក Lam គឺជាអ្នកលក់សៀវភៅម្នាក់ក្នុងចំណោមប្រាំនាក់ដែលបានបាត់ខ្លួននៅក្នុងឆ្នាំ២០១៥ ដោយសារតែខ្លឹមសារសៀវភៅរបស់ខ្លួន។
លោក Lam ត្រូវបានចាប់ដាក់ពន្ធនាគារនៅចិនដីគោក ប៉ុន្តែលោកត្រូវបានអនុញ្ញាតឱ្យត្រឡប់មកទីក្រុងហុងកុងវិញ ដើម្បីយកកុំព្យូទ័ររបស់លោក ដែលនេះជាផ្នែកមួយនៃបណ្តឹងប្រឆាំងនឹងបណ្ណាគាររបស់លោក។ លោកមិនដែលត្រឡប់ទៅចិនដីគោកវិញនោះទេ។
ប៉ុន្តែពលរដ្ឋតៃវ៉ាន់ភាគច្រើនត្រូវបានគេជឿថា ទំនងជាមិនទិញសៀវភៅអំពីនយោបាយ និងមេដឹកនាំចិននោះទេ ដោយសារតែពួកគេជាធម្មតាអានឯកសារផ្សេង និងអាចរកព័ត៌មានទាំងនោះបានកាន់តែច្រើនតាមអ៊ីនធឺណិតជាងឯកសារបោះពុម្ភទៅទៀត។ សៀវភៅអំពីនយោបាយ និងមេដឹកនាំចិនជាប្រភេទសៀវភៅដែលធ្វើឲ្យរដ្ឋាភិបាលចិនខឹងសម្បាចំពោះបណ្ណាគារនេះនៅហុងកុង។
លោក Paul Lin ដែលជាអ្នកនិពន្ធម្នាក់ និងជាមិត្តភក្តិរបស់លោក Lam ដែលបានចូលរួមការបើកសម្ពោធបណ្ណាគារនេះបាននិយាយថា៖ «តាមពិតទៅ មនុស្សជាច្រើនដែលទីនេះគាំទ្រហុងកុង។ ហេតុផលមួយគឺដើម្បីបង្ហាញថា តៃវ៉ាន់គឺជាត្បូងពេជ្ររបស់ជនជាតិចិនសម្រាប់សេរីភាពក្នុងការបញ្ចេញមតិ និងសេរីភាពនៃការបោះពុម្ភ ដែលជាការលំបាកនៅកន្លែងផ្សេងទៀត»។
លោក Lam បើកដំណើរការបណ្ណាគាររបស់លោកនៅពេលនេះនៅក្នុងការិយាល័យដែលមានតែមួយបន្ទប់ ស្ថិតនៅជាន់ទី១០ នៅក្នុងតំបន់ពាណិជ្ជកម្មដែលសម្បូរមនុស្សវ័យក្មេងទាន់សម័យ ដែលសម្បូរទៅដោយហាងកាហ្វេ ហាងធ្វើសក់ និងបណ្ណាគារសៀវភៅផ្សេងទៀត។ អតិថិជនដែលបង្ហាញវត្តមានក្នុងពិធីសម្ពោធនោះបាននិយាយថា ពួកគេចង់គាំទ្រលោកLam បន្ទាប់ពីដឹងអំពីការតវ៉ាហិង្សាដែលកើតមានម្ដងម្កាលនៅក្នុងក្រុងហុងកុងកាលពីឆ្នាំមុន ប្រឆាំងនឹងការគ្រប់គ្រងរបស់ចិន។
អ្នកអានសៀវភៅម្នាក់ឈ្មោះ Ho Liang-xuan វ័យ២២ឆ្នាំ និងជានិស្សិតសាកលវិទ្យាល័យនៅកោះតៃវ៉ាន់។ អ្នកអានម្នាក់នេះនិយាយថា ពួកគេនឹងទិញសៀវភៅដើម្បីបង្ហាញការគាំទ្ររបស់ពួកគេ។ និស្សិត Ho Liang-xuan និយាយថា៖ «ខ្ញុំជឿថា ពលរដ្ឋតៃវ៉ាន់ភាគច្រើនបារម្ភខ្លាំងណាស់ពីការតវ៉ានៅហុងកុង និងគិតថា ពួកគេត្រូវតែជួយហុងកុង។ ដំណើរការក្រុងហុងកុងទាំងមូលមិនងាយស្រួលទេឥឡូវនេះ»។
ប្រទេសចិនក៏អះអាងអធិបតេយ្យភាពលើកោះតៃវ៉ាន់ផងដែរ ទោះជាប្រទេសចិននិងកោះតៃវ៉ាន់មានការដឹកនាំផ្សេងគ្នាក្តី។ ពលរដ្ឋតៃវ៉ាន់ភាគច្រើនដែលត្រូវបានរដ្ឋាភិបាលក្នុងក្រុងតៃប៉ិស្ទង់មតិកាលពីឆ្នាំមុននិយាយថា ពួកគេប្រឆាំងនឹងការរួបរួមគ្នាជាមួយនឹងប្រទេសចិន ហើយក្រុមមន្ត្រីនៅតៃវ៉ាន់និយាយគាំទ្រដល់បាតុករនៅហុងកុងដោយបើកចំហ។
លោក Alexander Huang សាស្ត្រាចារ្យផ្នែកសិក្សាយុទ្ធសាស្ត្រនៅសាកលវិទ្យាល័យ Tamkang នៅកោះតៃវ៉ាន់និយាយថា ជាពិសេសយុវជនតៃវ៉ាន់ប្រហែលជាមិនទិញសៀវភៅអំពីប្រទេសចិនច្រើននោះទេ។
ការសិក្សាមួយរបស់បណ្ណាល័យជាតិតៃវ៉ាន់នៅក្នុងឆ្នាំ២០១៨បង្ហាញថា មានតែសៀវភៅអំពីចិនតែមួយក្បាលទេក្នុងចំណោមសៀវភៅនយោបាយល្បីៗទាំង១០ក្បាលដែលយុវវ័យពេញនិយមបំផុត ហើយសៀវភៅនោះផ្តោតខ្លាំងតែលើការធ្វើដំណើរប៉ុណ្ណោះ។ ពលរដ្ឋតៃវ៉ាន់យកគំរូតាមជប៉ុន និងបណ្ដាប្រទេសផ្សេងទៀតនៅលោកខាងលិច ដែលនេះអាចជាហេតុផលសម្រាប់ការជ្រើសរើសប្រភេទសៀវភៅសម្រាប់អានរបស់ពួកគេ។ ការសិក្សារបស់បណ្ណាល័យនេះបានកត់សម្គាល់ថា ការនិយមចូលចិត្តអានសៀវភៅអេឡិចត្រូនិកបានកើនឡើង៣០%នៅក្នុងឆ្នាំ២០១៨។
លោក Huang និយាយថា៖ «មនុស្សវ័យក្មេងមិនអានសៀវភៅទៀតទេ»។
លោក Lam ជ្រើសរើសសៀវភៅចំនួន១០.០០០ក្បាលដាក់ក្នុងបណ្ណាគាររបស់លោកនៅតៃប៉ិដោយលោកបានគិតពិចារណាដល់អ្នកអានប្រភេទផ្សេងៗគ្នា។
លោក Lam បាននិយាយនៅពេលបើកសម្ពោធបណ្ណាគាររបស់លោកថា៖ «សៀវភៅទាំងនេះត្រូវបានសរសេរជាពិសេសដោយអ្នកនិពន្ធដែលមានទស្សនៈផ្សេងៗគ្នា ដូច្នេះអ្នកមិនអាចនិយាយថា ពួកគេសុទ្ធតែនិយាយពីចិនដីគោកនោះទេ»។
សៀវភៅទាក់ទងនឹងចិនដ៏ល្បីដែលត្រូវបានដាក់លក់ឥឡូវនេះរួមមានសៀវភៅរបស់លោក Liu Xiaobo ដែលជាអ្នកនិពន្ធសៀវភៅប្រឆាំងនឹងចិន និងជាជ័យលាភីពានរង្វាន់ណូបែល និយាយអំពីការសម្លាប់រង្គាលនៅទីលាន Tiananmen កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ១៩៨៩ និងសៀវភៅរបស់លោក Yu Jie ដែលជាអ្នកនិពន្ធសៀវភៅប្រឆាំងនឹងចិន។ លោក Lam សម្រេចមិនលក់សៀវភៅដែលនិយាយអំពីជីវិតឯកជនរបស់មេដឹកនាំចិន ដែលជាសៀវភៅបង្កឱ្យមានបញ្ហាកាលពីឆ្នាំមុននោះទេ ដោយសារតែខ្វះ «ភស្តុតាង» ដើម្បីគាំទ្រការអះអាងរបស់អ្នកនិពន្ធ។
ឥឡូវនេះ ធ្នើរសៀវភៅរបស់លោក Lam ដាក់បង្ហាញសៀវភៅអំពីលោកស្តាលីន ដែលសរសេរដោយលោក Oleg Khlevniuk ដែលជាប្រវត្តិវិទូរុស្ស៊ី និងសៀវភៅបន្ទាប់ពីព្រឹត្តិការណ៍ Holocaust ដែលមានចំណងជើងថា លោក Eichmann ក្នុងក្រុង Jerusalem៖ របាយការណ៍ស្តីពីភាពសាមញ្ញរបស់បិសាច ឬ Eichmann in Jerusalem: A Report on the Banality of Evil។
អ្នកអានសៀវភៅក្មេងៗនឹងស្វែងរកគំនូរផែនទីមកពីចិនបុរាណ សៀវភៅបង្រៀនគណិតវិទ្យា និងសៀវភៅ Where’s Spot ដែលជាប្រភេទសៀវភៅរូបភាព និងបង្ហាញពីការតាមស្វែងរកសុនខដែលលាក់ខ្លួននៅក្នុងផ្ទះ។
លោក Lin និយាយថា៖ «ខ្ញុំសប្បាយចិត្តដែលឃើញអ្នកដែលមកទីនេះ [បណ្ណាគារលក់សៀវភៅ] នៅថ្ងៃនេះជាមនុស្សវ័យក្មេង ដោយសារតែមនុស្សវ័យក្មេងតែងតែពឹងផ្អែកលើអ៊ីនធឺណិត»។
លោកមានគម្រោងទិញសៀវភៅរបស់លោក Yu Jie ដោយសារតែវាស្របទៅនឹងគំនិតផ្ទាល់ខ្លួនរបស់លោកអំពីប្រទេសចិន។
ការបើកបណ្ណាគារនេះឡើងវិញទាមទារឱ្យមានការខិតខំជាបន្តបន្ទាប់។ លោក Lam បានរៃអង្គាសប្រាក់ដើម្បីបើកបណ្ណាគារនេះតាមអ៊ីនធឺណិតបានប្រមាណ ២ សែន ដុល្លារ។ លោក Lam និយាយថា នៅមុនថ្ងៃបើកសម្ពោធប៉ុន្មានថ្ងៃ មានមនុស្សម្នាក់ជះថ្នាំលាបពណ៌ក្រហមដាក់លោក។ លោកបានបន្ថែមថា ប៉ូលិសបានជួយធានាដល់សុវត្ថិភាពនៅថ្ងៃបើកសម្ពោធបណ្ណាគារ។
លោក Lam ត្រូវបង្ខំចិត្តចាកចេញពីក្រុងហុងកុងកាលពីឆ្នាំមុន ដោយសារតែរដ្ឋាភិបាលហុងកុងចាប់ផ្តើមពិចារណាលើច្បាប់បត្យាប័ន ដែលអាចចាប់បង្ខំលោកឱ្យត្រឡប់ទៅចិនដីគោកវិញ។ ច្បាប់បត្យាប័នដែលស្នើឡើងនេះបានធ្វើឱ្យពលរដ្ឋហុងកុងតវ៉ាយ៉ាងខ្លាំងក្លា៕