សហរដ្ឋអាមេរិកកំពុងជំរុញឲ្យប្រទេសឥណ្ឌាចូលរួមដោះស្រាយបញ្ហាសន្តិសុខជាមួយរដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិកលោក Mike Pompeo ភ្លាមៗនៅអំឡុងពេលដំណើរទស្សនកិច្ចជាលើកទីមួយរបស់លោកទៅកាន់ទីក្រុងញូវដែលី ក្នុងនាមជាអ្នកការទូតជាន់ខ្ពស់សហរដ្ឋអាមេរិក។
លោក Pompeo និងរដ្ឋមន្រ្តីក្រសួងការពារប្រទេសលោក Jim Mattis នឹងធ្វើការពិភាក្សាថ្នាក់កំពូលជាមួយរដ្ឋមន្រ្តីការបរទេសឥណ្ឌាលោកស្រី Sushma Swaraj និងរដ្ឋមន្រ្តីក្រសួងការពារប្រទេសលោកស្រី Nirmala Sitharaman នៅថ្ងៃទី៦ ខែកញ្ញា ដែលត្រូវបានស្គាល់ថា ជាកិច្ចសន្ទនារសហរដ្ឋអាមេរិក-ឥណ្ឌា ២+២ ។
មន្រ្តីជាន់ខ្ពស់ម្នាក់មកពីក្រសួងការបរទេសសហរដ្ឋអាមេរិកបាននិយាយថា «កិច្ចសន្ទនារ២+២នេះគឺជាជំនួបសំខាន់មួយដើម្បីបង្កើនទំនាក់ទំនងជាមួយប្រទេសឥណ្ឌាផ្នែកការទូតនិងសន្តិសុខដែលជាការងារអាទិភាព។ កិច្ចសន្ទនារនេះបង្ហាញពីដៃគូយុទ្ធសាស្រ្តដ៏រឹងមាំនិងស៊ីជម្រៅរវាងប្រទេសប្រជាធិបតេយ្យទាំងពីរនេះ»។
សំណើឲ្យប្រទេសឥណ្ឌាបញ្ឈប់ការនាំចូលប្រេងពីប្រទេសអ៊ីរ៉ង់ និងសំណើកាត់បន្ថយការពឹងអាស្រ័យលើសព្វាវុធរបស់រុស្ស៊ីនឹងត្រូវដាក់បញ្ជូលទៅក្នុងរបៀបវារៈនៃកិច្ចពិភាក្សានេះផងដែរ។
សហរដ្ឋអាមេរិកកំពុងជំរុញដល់ប្រទេសទាំងអស់ឲ្យឈប់ទិញប្រេងពីអ៊ីរ៉ង់ ខណៈរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនព្យាយាមរាំងខ្ទប់ហរិញ្ញវត្ថុរបស់រដ្ឋាភិបាលក្រុងតេហេរ៉ង់ ពីការធ្វើជំនួញជាមួយប្រទេសនានា។ ឥណ្ឌាគឺជាប្រទេសដែលទិញប្រេងឆៅយ៉ាងច្រើនពីអ៊ីរ៉ង់។ មន្រ្តីជាន់ខ្ពស់រូបនោះបានប្រាប់ VOA កាលពីថ្ងៃព្រហស្បតិ៍ថា៖ «យើងនៅរក្សាគោលបំណងរបស់យើងដដែលគឺត្រូវបញ្ឈប់នាំចូលប្រេងពីអ៊ីរ៉ង់ឲ្យបានឆាប់បំផុត គឺត្រឹមថ្ងៃទី៤ ខែវិចិ្ឆកា ខាងមុខនេះ»។
លោកបានថ្លែងបន្ថែមទៀតថា ក្រុងវ៉ាស៊ីនតោនត្រៀមខ្លួនធ្វើការជាមួយប្រទេសនានាដែលសម្រេចកាត់បន្ថយការនាំចូលពីអ៊ីរ៉ង់។
ក្រុមមន្រ្តីសហរដ្ឋអាមេរិកបានថ្លែងថា ប្រទេសឥណ្ឌាផ្តល់ការគាំទ្រដល់សហរដ្ឋអាមេរិកលើការទប់ទល់នឹងអាកប្បកិរិយាគឃ្លើនរបស់អ៊ីរ៉ង់៕