ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​ប្ដូរ​ប្រភេទ​ដំណាំ​គ្រាប់​ធញ្ញជាតិ​អាច​ជួយ​ឥណ្ឌា​ឲ្យ​បង្កើន​កសិផល​ដែល​មាន​ជីវជាតិ និង​កាត់​បន្ថយ​ការ​ប្រើប្រាស់​ទឹក


រូបភាព​ឯកសារ៖ បុរ​ស​ម្នាក់​លី​បាវ​មួយ​ពេញ​ដោយពោត​នៅ​ក្នុង​ផ្សារ​លក់​បន្លែ​ដុំក្នុង​ទីក្រុង​ Ahmedabad ភាគខាងលិច​ប្រទេស​ឥណ្ឌា​កាលពី​ថ្ងៃទី​១៤ សីហា ឆ្នាំ ២០១២។
រូបភាព​ឯកសារ៖ បុរ​ស​ម្នាក់​លី​បាវ​មួយ​ពេញ​ដោយពោត​នៅ​ក្នុង​ផ្សារ​លក់​បន្លែ​ដុំក្នុង​ទីក្រុង​ Ahmedabad ភាគខាងលិច​ប្រទេស​ឥណ្ឌា​កាលពី​ថ្ងៃទី​១៤ សីហា ឆ្នាំ ២០១២។

កាល​ពី​អតីតកាល ការ​ច្នៃ​ប្រឌិត​ថ្មី​បែប​បច្ចេកវិទ្យា​បាន​តាម​ទាន់​កំណើន​ប្រជាជន ប៉ុន្តែ​ការ​សិក្សា​ស្រាវជ្រាវ​ថ្មី​មួយ​នេះ​បាន​បង្ហាញ​ថា យើង​ប្រហែល​ជា​មិន​ចាំបាច់​ត្រូវការ​បច្ចេកវិទ្យា​ទំនើប​ដើម្បី​សម្រេច​ឲ្យ​បាន​នូវ​តម្រូវការ​អាហារ​ដែល​មាន​ជីវជាតិ​នោះ​ទេ។

ប្រជាជន​សរុប​នៅ​លើ​ពិភពលោក​នឹង​មាន​ចំនួន ៩ ពាន់ ៧ រយ​លាន​នាក់​នៅ​ត្រឹម​ឆ្នាំ ២០៥០។ តើ​យើង​អាច​មាន​អាហារ​គ្រប់គ្រាន់​សម្រាប់​ពួកគេ​ហូប​ចុក ដោយ​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បរិស្ថាន​ដែរ​ឬ​ទេ? ដើម្បី​ឲ្យ​ដឹង​ថា​តើ​អ្នក​វិទ្យាសាស្ត្រ​អាច​ជួយ​សម្រេច​ឲ្យ​បាន​នូវ​គោល​បំណង​ផ្នែក​សន្តិសុខ​ស្បៀង​អាហារ និង​គោល​បំណង​ផ្នែក​បរិស្ថាន​ក្នុង​ពេល​ជាមួយ​គ្នា​តាម​របៀប​ណា​នោះ លោក Kyle Frankel Davis នៃ​សាកលវិទ្យាល័យ Columbia បាន​ធ្វើ​ការ​សិក្សា​ទៅ​លើ​ផលិតកម្ម​គ្រាប់​ធញ្ញជាតិ​នៅ​ក្នុង​ប្រទេស​ឥណ្ឌា។

លោក Kyle Frankel Davis បាន​និយាយ​ថា៖ «ខ្ញុំ​មាន​ចំណាប់​អារម្មណ៍​ខ្លាំង​នៅ​ក្នុង​ការ​ប្រើ​វិទ្យាសាស្ត្រ​ដែល​អាច​រក​ដំណោះស្រាយ​បាន។ ដូច្នេះ ដោយសារ​ការ​ជម្រុល​ចិត្ត​ដូច​នេះ​ហើយ បាន​ជា​ខ្ញុំ​ចាប់ផ្ដើម​ផ្ដោត​លើ​ករណី​សិក្សា​ផ្សេងៗ​គ្នា​នៅ​ក្នុង​បណ្ដា​ប្រទេស​កំពុង​អភិវឌ្ឍន៍​ដែល​មាន​ប្រជាជន​ច្រើន និង​ជា​ពិសេស​នៅ​ក្នុង​ប្រទេស​ឥណ្ឌា»។

លោក Davis បាន​ថ្លែង​តាម​ប្រព័ន្ធ​ទំនាក់ទំនង Skype ថា លោក និង​អ្នក​និពន្ធ​មួយ​រូប​ទៀត​ចង់​ធ្វើ​ការ​សាកល្បង​មើល​ថា​តើ​វិធីសាស្ត្រ​ដែល​កសិករ​ឥណ្ឌា​ប្ដូរ​ពី​ការ​ដាំ​ស្រូវ និង​ស្រូវ​សាឡី ទៅ​ដាំ​ពោត ស្ពៅ ឬ​ក៏​ស្រូវ​មីយេ​វិញ អាច​ទទួល​បាន​ទិន្នផល​ដែល​មាន​តុល្យភាព​ផ្នែក​ជីវជាតិ​ប្រសើរ​ជាង​នេះ និង​អាច​ប្រើប្រាស់​ទឹក​តិច​ជាង​នេះ​ដែរ​ឬ​ក៏​យ៉ាង​ណា​នោះ។

លោក Davis បាន​និយាយ​យ៉ាង​ដូច្នេះ​ថា៖ «យើង​បាន​ធ្វើ​ដំណើរ​ពី​ស្រុក​មួយ​ទៅ​ស្រុក​មួយ និង​ពិនិត្យ​មើល​ទៅ​លើ​ទិន្នផល​ស្រូវ​នៃ​ស្រុក​នីមួយៗ។ បន្ទាប់​មក យើង​ពិនិត្យ​មើល​ទៅ​លើ​ស្រុក​ណា​ដែល​ដាំ​ស្រូវ ហើយ​ប្រសិនបើ​ស្រុក​ទាំង​នោះ​មាន​ដាំ​គ្រាប់​ធញ្ញជាតិ​ផ្សេង​ពី​ស្រូវ យើង​ប្រៀបធៀប​ទិន្នផល​នៃ​ដំណាំ​នោះ​ជាមួយ​នឹង​ទិន្នផល​នៃ​ដំណាំ​ស្រូវ»។

អ្នក​និពន្ធ​ទាំង​ពីរ​រូប​បាន​សាកល្បង​ដំណើរការ​នេះ​ពីរ​ដង។ គំរូ​វិភាគ​ទិន្នន័យ​តាម​កុំព្យូទ័រ​មួយ​ប្រភេទ បាន​ជ្រើសរើស​យក​គ្រាប់​ធញ្ញជាតិ​ណា​ដែល​អាច​បង្កើន​តុល្យភាព​នៃ​បរិមាណ​ជីវជាតិ​រវាង​កាឡូរី ប្រូតេអ៊ីន ជាតិ​ដែក និង​ជាតិ​ស័ង្កសី។ ចំណែក​ឯ​គំរូ​វិភាគ​ទិន្នន័យ​តាម​កុំព្យូទ័រ​មួយ​ប្រភេទ​ទៀត​គឺ​កាត់​បន្ថយ​តម្រូវការ​ទឹក​ដែល​ត្រូវការ​សម្រាប់​ការ​លូតលាស់​នៃ​ធញ្ញជាតិ​ទាំង​នោះ។

នៅ​ក្នុង​គំរូ​ទាំង​ពីរ​នេះ ការ​ប្រើ​គ្រាប់​ធញ្ញជាតិ​ផ្សេង​ដូចជា ស្ពៅ ស្រូវ​មីយេ ឬ​ក៏​ពោត ដើម្បី​ជំនួស​ឲ្យ​ស្រូវ អាច​ឈាន​ទៅ​ដល់​ការ​ប្រើប្រាស់​ទឹក​តិច​ជាង​មុន​ប្រកប​ដោយ​លទ្ធផល​ល្អ និង​ទទួល​បាន​ទិន្នផល​ដែល​សំបូរ​ជីវជាតិ​ល្អ​ជាង​មុន។ ដំណាំ​ពោត​ផ្ដល់​ផល​ល្អ​ជាង​គេ​ក្នុង​នាម​ជា​ដំណាំ​ដែល​មាន​ជីវជាតិ​មួយ​ប្រភេទ​ដែល​អាច​ជំនួស​ឲ្យ​ស្រូវ​បាន។ ហើយ​ដំណាំ​ពោត​នេះ​គឺ​ទទួល​បាន​លទ្ធផល​ប្រសើរ​ជាង​នេះ​ទៅ​ទៀត នៅ​ពេល​ប្រើប្រាស់​ទឹក​តិច​ជាង​មុន។

លោក Davis បាន​និយាយ​ថា៖ «ខ្ញុំ​គិត​ថា ខ្ញុំ​មាន​ការ​ភ្ញាក់ផ្អើល​ចំពោះ​បរិមាណ​ទឹក​ដែល​យើង​អាច​សន្សំ​បាន។ យើង​បាន​ប៉ាន់​ប្រមាណ​ថា គេ​ប្រហែល​ជា​អាច​កាត់​បន្ថយ​តម្រូវការ​ទឹក​ប្រហែល​មួយ​ភាគ​បី ដែល​នេះ​គឺ​ពិតជា​បរិមាណ​មួយ​ដ៏​ល្អ។ ខ្ញុំ​ក៏​មាន​ការ​ភ្ញាក់ផ្អើល​ផង​ដែរ​ថា ដែល​មាន​ដំណោះស្រាយ​ឈ្នះ​ឈ្នះ​ទាំង​នេះ ប៉ុន្តែ​មើល​ទៅ ដំណោះស្រាយ​ទាំង​នេះ​ទំនងជា​មិន​ត្រូវ​បាន​គេ​ប្រើប្រាស់​ពី​មុន​មក​ទេ ហើយ​ករណី​នេះ​ធ្វើ​ឲ្យ​គេ​មាន​ចម្ងល់​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​ជា​ច្រើន​ថា ហេតុអ្វី​បាន​ជា​វិធីសាស្ត្រ​ទាំង​នេះ​មិន​ត្រូវ​បាន​គេ​ប្រើប្រាស់»។

លោក Davis និង​អ្នក​និពន្ធ​ដទៃ​ទៀត​នៃ​ក្រុម​របស់​លោក បាន​ស្នើ​ឡើង​ថា ការ​ផ្លាស់ប្ដូរ​គោល​នយោបាយ​មួយ​ចំនួន​របស់​រដ្ឋាភិបាល​ឥណ្ឌា​ដូចជា គ្រាប់​ធញ្ញជាតិ​ប្រភេទ​ណា​ដែល​គួរ​ផ្ដល់​ជូន​ដល់​ប្រជា​កសិករ​ជា​ដើម គឺ​អាច​ជួយ​ផ្លាស់ប្ដូរ​ប្រទេស​ឥណ្ឌា​ពី​ការ​ដាំ​ស្រូវ និង​ស្រូវ​សាឡី ទៅ​ដាំ​គ្រាប់​ធញ្ញជាតិ​ផ្សេង​វិញ​បាន។

អ្នក​វិទ្យាសាស្ត្រ​ជាន់​ខ្ពស់ អ្នកស្រី Kritee Kritee ដែល​បាន​សិក្សា​ទៅ​លើ​កសិកម្ម​ដែល​ផ្ដល់​ទិន្នផល​ខ្ពស់ និង​ជួយ​ដល់​បរិស្ថាន នៃ​អង្គការ​មូលនិធិ​ការពារ​បរិស្ថាន (Environmental Defense Fund) មាន​ភាព​ជឿជាក់ ដោយសារតែ​ការ​រក​ឃើញ​ថ្មីៗ​ទាំង​នេះ។ ប៉ុន្តែ អ្នកស្រី​មិន​សូវ​ជឿជាក់​ថា​គោល​នយោបាយ​របស់​រដ្ឋាភិបាល​ឥណ្ឌា​អាច​បកស្រាយ​ឲ្យ​ឃើញ​អំពី​មូលហេតុ​ដែល​វិធីសាស្ត្រ​ទាំង​នេះ​មិន​ត្រូវ​បាន​គេ​ប្រើប្រាស់​នោះ​ទេ។

អ្នកស្រី​បាន​និយាយ​យ៉ាង​ដូច្នេះ​ថា៖ «ប្រទេស​ឥណ្ឌា​មាន​ដី​ស្រែ​ចម្ការ​តូចៗ​ទំហំ​ពី​មួយ​ទៅ​ពីរ​ហិកតា​ប្រហែល ១ រយ​លាន​កន្លែង ហើយ​កសិករ​ឥណ្ឌា​ដែល​ជា​ម្ចាស់​ស្រែ​ចម្ការ​តូចៗ​ទាំង​នោះ​រក​ចំណូល​បាន​តិច​ជាង ២ ដុល្លារ​អាមេរិក​ក្នុង​មួយ​ថ្ងៃ។ ដំណើរ​ប្រព្រឹត្តិ​ទៅ​គឺ​មិន​មែន​ដោយសារតែ​តម្លៃ​ដែល​រដ្ឋាភិបាល​កំណត់​លើ​ដំណាំ​ទាំង​នោះ​នោះ​ទេ ប៉ុន្តែ​គឺ​ដោយសារតែ​កសិករ​ដែល​ធ្វើ​កសិកម្ម​ទ្រង់ទ្រាយ​តូច​នានា​ចាត់ចែង​ជីវភាព​រស់នៅ​របស់​ពួកគេ។ ជាង​នេះ​ទៅ​ទៀត ការ​គាំទ្រ​របស់​រដ្ឋាភិបាល​លើ​តម្លៃ​នៃ​ដំណាំ​ទាំង​នោះ គឺ​គ្រាន់តែ​ជា​វិធី​មួយ​តែ​ប៉ុណ្ណោះ​ដែល​អ្នក​អាច​ព្យាយាម​ប្ដូរ​ដំណើរ​ប្រព្រឹត្តិ​ទៅ​ដូច​នេះ​បាន»។

ការ​សិក្សា ដែល​បាន​បោះពុម្ព​ផ្សាយ​នៅ​ក្នុង​ព្រឹត្តិបត្រ​ស្រាវជ្រាវ Science Advances គឺ​ជា​ផ្នែក​មួយ​នៃ​កម្មវិធី​ស្រាវជ្រាវ​ដ៏​ទូលំទូលាយ​មួយ​ផ្ដោត​ទៅ​លើ​ទិដ្ឋភាព​ចម្រុះ​នៃ​វិស័យ​កសិកម្ម​នៅ​ក្នុង​ប្រទេស​ឥណ្ឌា។

អ្នក​សិក្សា​ស្រាវជ្រាវ​មាន​ចំណាប់​អារម្មណ៍​ទៅ​លើ​ការ​ពិនិត្យ​តាមដាន​អំពី​វិធី​ដែល​ការ​ប្រែប្រួល​អាកាសធាតុ ការ​ប្រើប្រាស់​ដី និង​កត្តា​ផ្សេង​ទៀត​អាច​ប៉ះពាល់​ដល់​ការ​ធ្វើ​កសិកម្ម ក្នុង​គោល​បំណង​ដើម្បី​បង្កើន​ទិន្នផល​ដោយ​មិន​ឲ្យ​មាន​ការ​ប៉ះពាល់​ដល់​បរិស្ថាន៕

ប្រែ​សម្រួល​ដោយ ភី សុភាដា

XS
SM
MD
LG