រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Mohammed Javad Zarif បាននិយាយនៅថ្ងៃអាទិត្យនេះថា ក្រុមសកម្មភាពអ៊ីរ៉ង់ថ្មីនៅក្រសួងការបរទេសអាមេរិក មានគោលបំណងផ្ដួលរំលំប្រទេសអ៊ីរ៉ង់ ប៉ុន្តែនឹងមិនទទួលជោគជ័យនោះទេ។
លោកថ្លែងដូច្នេះនៅចំខួបលើកទី ៦៥ នៃរដ្ឋប្រហារមួយដែលគាំទ្រដោយសហរដ្ឋអាមេរិកនៅក្នុងការទម្លាក់នាយករដ្ឋមន្ត្រីអ៊ីរ៉ង់ដែលត្រូវបានជ្រើសរើសតាមបែបប្រជាធិបតេយ្យ។ ខួបនេះជាឱកាសមួយដែលអារម្មណ៍ប្រឆាំងនឹងសហរដ្ឋអាមេរិកកើនឡើងខ្លាំងជាពិសេសនៅក្នុងប្រទេសអ៊ីរ៉ង់។
ដោយប្រៀបធៀបការដាក់ទណ្ឌកម្មនាពេលថ្មីៗនេះរបស់ប្រធានាធិបតីអាមេរិកលោក Donald Trump លើរដ្ឋាភិបាលអ៊ីរ៉ង់ជាមួយនឹងរដ្ឋប្រហារឆ្នាំ ១៩៥៣ ដែលទម្លាក់នាយករដ្ឋមន្ត្រីស្នេហាជាតិអ៊ីរ៉ង់លោក Mohammed Mossadegh លោក Zarif បាននិយាយថា រដ្ឋាភិបាលអ៊ីរ៉ង់នឹងមិនឲ្យប្រវត្តិសាស្ត្រដូចនេះកើតឡើងជាថ្មីនោះទេ។
រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Mike Pompeo កាលពីថ្ងៃព្រហស្បតិ៍ បានតែងតាំងទីប្រឹក្សាគោលនយោបាយជាន់ខ្ពស់លោក Brian Hook ជាអ្នកតំណាងពិសេសសម្រាប់កិច្ចការអ៊ីរ៉ង់ ទទួលបន្ទុកក្រុមសកម្មភាពអ៊ីរ៉ង់ដើម្បីសម្របសម្រួលយុទ្ធនាការដាក់សម្ពាធរបស់សហរដ្ឋអាមេរិកលើប្រទេសអ៊ីរ៉ង់ ក្រោយពីសហរដ្ឋអាមេរិកដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់មក។
សហរដ្ឋអាមេរិក និងប្រទេសអ៊ីរ៉ង់មិនមានទំនាក់ទំនងការទូតជាមួយគ្នាតាំងពីសម័យបដិវត្តន៍អ៊ីរ៉ង់ឆ្នាំ ១៩៧៩ មក។ ជម្លោះរវាងប្រទេសទាំងពីរមានភាពធូរស្រាលបន្តិចបន្តួចដោយសារកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់។ ប៉ុន្តែភាពតានតឹងបានកើនឡើងជាថ្មី បន្ទាប់ពីលោក Trump ដកសហរដ្ឋអាមេរិកចេញពីកិច្ចព្រមព្រៀងនេះ ដោយអះអាងថា កិច្ចព្រមព្រៀងនេះផ្ដល់ផលប្រយោជន៍ឲ្យតែប្រទេសអ៊ីរ៉ង់៕