ក្រសួងការបរទេសសហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍បានប្រកាសនឹងផ្តល់រង្វាន់រហូតដល់ ៥ លានដុល្លារសម្រាប់ការផ្ដល់ព័ត៌មានអំពីជនជាតិសិង្ហបុរីម្នាក់ដែលធ្វើសកម្មភាពខុសច្បាប់គាំទ្រកម្មវិធីអាវុធនុយក្លេអ៊ែររបស់ប្រទេសកូរ៉េខាងជើង ការលាងលុយកខ្វក់ និងប្រតិបត្តិការតាមអ៊ីនធឺណិតមួយចំនួនទៀត។
លោក Kwek Kee Seng រងការចោទប្រកាន់ថាជាប់ពាក់ព័ន្ធនឹងផែនការគេចវេះពីការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកនិងរបស់អង្គការសហប្រជាជាតិ ដោយការដឹកជញ្ជូនប្រេងឥន្ធនៈដោយសម្ងាត់ទៅឱ្យប្រទេសកូរ៉េខាងជើងផងដែរ តាមរយៈក្រុមហ៊ុននាវាដឹកជញ្ជូនមានមូលដ្ឋាននៅសិង្ហបុរីឈ្មោះ Swanseas Port Services (S) Pte Ltd។
សេចក្តីប្រកាសរបស់ក្រសួងការបរទេសក៏បានបញ្ជាក់ថា ទីតាំងដែលគេដឹងថាលោកមានវត្តមានរួមមានប្រទេសកម្ពុជាផងដែរ។
កិច្ចប្រឹងប្រែងរបស់សហរដ្ឋអាមេរិកដើម្បីបង្ក្រាបសកម្មភាពខុសច្បាប់របស់ប្រទេសកូរ៉េខាងជើងនេះបានធ្វើឡើងនៅចំពេលដែលរដ្ឋាភិបាលកូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលជាច្រើនគ្រាប់មិនធ្លាប់មានពីមុនមកនិងបង្កើនការគំរាមកំហែងនុយក្លេអ៊ែរ។
កាលពីថ្ងៃពុធ យោធាកូរ៉េខាងត្បូងបានបញ្ជាក់ថា ប្រទេសកូរ៉េខាងជើងបានបាញ់មីស៊ីល ៣ គ្រាប់តម្រង់ឆ្ពោះទៅកាន់ដែនដីកូរ៉េខាងត្បូង។ ហើយកាលពីថ្ងៃព្រហស្បតិ៍ កូរ៉េខាងជើងបានបាញ់មីស៊ីល ៣ គ្រាប់ថែមទៀត ដោយក្នុងនោះរួមមានទាំងមីស៊ីលរយៈចម្ងាយឆ្ងាយមួយគ្រាប់ផងដែរ។
ប្រភពការទូតមួយដែលសុំមិនបញ្ចេញឈ្មោះបានប្រាប់ VOA ថា ប្រទេសកូរ៉េខាងត្បូងរួមជាមួយនឹងសហរដ្ឋអាមេរិកមាន «សមត្ថភាពពេញលេញ» ដើម្បី «លុបបំបាត់» ប្រទេសកូរ៉េខាងជើងចេញពីផែនទីពិភពលោក ប្រសិនបើកូរ៉េខាងជើងវាយប្រហារកូរ៉េខាងត្បូង។
ប្រភពនេះបានថ្លែងបន្ថែមថា នៅពេលនេះ ប្រទេសកូរ៉េខាងត្បូងគ្មានផែនការស្នើសហរដ្ឋអាមេរិកឱ្យដាក់ពង្រាយជាថ្មីនូវអាវុធនុយក្លេអ៊ែរកលយុទ្ធនោះទេ ដែលអាវុធប្រភេទនេះត្រូវបានរដ្ឋាភិបាលសហរដ្ឋអាមេរិកដកចេញពីប្រទេសកូរ៉េខាងត្បូងកាលពីដើមទសវត្សរ៍ ១៩៩០។
កម្មវិធីរង្វាន់សម្រាប់យុត្តិធម៌ (Rewards for Justice Program) នេះគឺជាកម្មវិធីដែលរៀបចំឡើងដោយផ្នែកសន្តិសុខការទូតនៃក្រសួងការបរទេសសហរដ្ឋអាមេរិក។ កន្លងមក កម្មវិធីនេះបានផ្តល់ប្រាក់ជាង ២៥០ លានដុល្លារដល់មនុស្សជាង ១២៥ នាក់ ដែលបានផ្តល់ព័ត៌មានដែលឈានទៅដល់ការដោះស្រាយបញ្ហាគំរាមកំហែងចំពោះសន្តិសុខជាតិរបស់សហរដ្ឋអាមេរិកតាំងពីឆ្នាំ ១៩៨៤ មក៕