មហាសេដ្ឋីអចលនទ្រព្យ លោក ដូណាល់ ត្រាំ ដែលបានស្បថចូលកាន់តំណែងកាលពីថ្ងៃសុក្រ ជាប្រធានាធិបតីទី៤៥របស់អាមេរិកបាននិយាយថា លោកនឹងប្រើទស្សនវិស័យថ្មីមួយសម្រាប់អាមេរិក ដែលកម្មករត្រូវបានគេទុកចោលដោយសាររោងចក្រត្រូវបិទទ្វារនិងការធ្លាក់ចុះនៃសេដ្ឋកិច្ច។
«នេះគឺជាពេលវេលារបស់អ្នក។ ប្រជាពលរដ្ឋក្លាយជាអ្នកគ្រប់គ្រងប្រទេសនេះឡើងវិញ»។ នេះគឺជាសម្តីដែលលោក ត្រាំ បាននិយាយទៅកាន់ហ្វូងមនុស្សរាប់សែននាក់ដែលបានប្រមូលផ្តុំគ្នានៅ National Mall ក្នុងរដ្ឋធានីវ៉ាស៊ីនតោន ដើម្បីមើលការស្បថចូលកាន់តំណែងនិងស្តាប់សុន្ទរកថារបស់លោក។
ស្ថិតក្នុងបរិយាកាសដែលមានភ្លៀងធ្លាក់បន្តិចបន្តួច លោក ត្រាំ ក្នុងវ័យ៧០ឆ្នាំ ដែលបានក្លាយជាមេដឹកនាំកំពូលអាមេរិកក្នុងវ័យចាស់ជាងគេបង្អស់ បានមានប្រសាសន៍ថា «ទស្សនវិស័យថ្មីមួយនឹងគ្រប់គ្រងយើងចាប់ពីថ្ងៃនេះតទៅ។ ទស្សនវិស័យនោះគឺផ្តោតលើផលប្រយោជន៍ប្រជាពលរដ្ឋអាមេរិកមុនគេបង្អស់។ ខ្ញុំនឹងមិនធ្វើឲ្យអ្នកទាំងអស់គ្នាខកចិត្តនោះទេ។ អាមេរិកនឹងចាប់ផ្តើមឈ្នះ ជ័យជម្នះដែលមិនធ្លាប់មានពីមុនមក»។
នៅក្នុងយុទ្ធនាការរបស់លោកសម្រាប់ប្រជែងយកតំណែងនៅសេតវិមាន លោក ត្រាំ ខាងគណបក្សសាធារណរដ្ឋបានលើកឡើងពីកម្មករជាច្រើននាក់ដែលមិនត្រូវបានគេអើពើនៅក្នុងប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេបង្អស់នៅក្នុងពិភពលោកមួយនេះ ដោយសារផលប៉ះពាល់ពីការប្រែប្រួលសេដ្ឋកិច្ចពិភពលោក នាំឲ្យពួកគេមិនអាចឆ្លងផុតពីដំណាក់កាលនេះបាន។
អ្នកវិភាគនយោបាយអាមេរិកនិយាយថា អ្នកបោះឆ្នោតទាំងនេះហើយដែលជួយឲ្យលោកទទួលបានជ័យជម្នះនៅក្នុងរដ្ឋសំខាន់ៗ និងជួយឲ្យលោកទទួលបានជ័យជម្នះមិនរំពឹងទុកលើលោកស្រី Hillary Clinton អតីតរដ្ឋមន្ត្រីក្រសួងការបរទេស ខាងគណបក្សប្រជាធិបតេយ្យ នៅក្នុងការបោះឆ្នោតកាលពីខែវិច្ឆិកាកន្លងទៅនេះ។ លោកស្រី Hillary Clinton ក៏បានទៅចូលរួមក្នុងពិធីស្បថចូលកាន់តំណែងនៅឯវិមាន Capitol ដែរ។
លោក Trump បាននិយាយថា៖ « អាមេរិករីកចម្រើន ប៉ុន្តែប្រជាពលរដ្ឋមិនមានទ្រព្យសម្បត្តិស្មើគ្នានោះទេ។ អ្នកនយោបាយទទួលបានជោគជ័យ ប៉ុន្តែបាត់បង់ការងារហើយរោងចក្រត្រូវបិទ»។
លោក ត្រាំ បានប្តេជ្ញាថានឹងស្តារការងារដែលបាត់បង់ទៅបរទេសមកវិញ ហើយលោកក៏នឹងព្យាយាមបង្កើនការងារ ស្តារផ្លូវថ្នល់ ស្ពាន និងហេដ្ឋារចនាសម្ព័ន្ធដទៃទៀតដែលខូចខាតផងដែរ៕