រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Mike Pompeo បានធ្វើដំណើរទៅដល់ប្រទេសកូរ៉េខាងជើងនៅថ្ងៃពុធនេះ ដើម្បីរៀបចំសម្រាប់ជំនួបដែលនឹងចូលមកដល់រវាងប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន។
កាលពីថ្ងៃអង្គារម្សិលមិញ លោក ត្រាំ បាននិយាយនៅឯសេតវិមានថា៖ «គម្រោងត្រូវបានរៀបចំឡើង។ ទំនាក់ទំនងកំពុងតែកសាងឡើង។ ខ្ញុំសង្ឃឹមថា កិច្ចព្រមព្រៀងមួយនឹងកើតឡើង ហើយដោយមានការជួយជ្រោមជ្រែងពីប្រទេសចិន កូរ៉េខាងត្បូង និងជប៉ុន អនាគតមួយដែលពោរពេញដោយវិបុលភាព និងសន្តិសុខអាចសម្រេចបានសម្រាប់មនុស្សគ្រប់គ្នា»។
ដំណើរទស្សនកិច្ចរបស់លោក Pompeo ទៅដល់ទីក្រុងព្យុងយ៉ាងនៅថ្ងៃពុធនេះ គឺស្របពេលនឹងជំនួបត្រីភាគីដែលធ្វើឡើងនៅក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន រវាងនាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe នាយករដ្ឋមន្ត្រីចិនលោក Li Keqiang និងប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae In។ ជំនួបត្រីភាគីនេះធ្វើឡើងដើម្បីពិភាក្សាអំពីដំណើរវិវឌ្ឍទៅមុខនៃទំនាក់ទំនងការទូតរវាងប្រទេសកូរ៉េខាងជើង និងកូរ៉េខាងត្បូង ដែលបានបង្ហាញឡើងដោយជំនួបជាប្រវត្តិសាស្ត្ររវាងលោក Moon Jae In និងលោក គីម ជុងអ៊ុន កាលពីខែមុន។
ដំណើរទស្សនកិច្ចរបស់លោក Pompeo លើកនេះគឺធ្វើឡើងដើម្បីពិភាក្សាពីការដោះលែងពលរដ្ឋអាមេរិកាំងដើមកំណើតកូរ៉េ ៣ នាក់ ដែលរដ្ឋាភិបាលក្រុងព្យុងយ៉ាងកំពុងឃុំខ្លួន។
ពលរដ្ឋអាមេរិកាំងទាំង ៣ នាក់នោះគឺលោក Tony Kim លោក Kim Hak Song និងលោក Kim Dong Chul។ លោក Tony Kim និងលោក Kim Hak Song ជាសាស្ត្រាចារ្យនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាក្រុងព្យុងយ៉ាង។ លោកទាំងពីរត្រូវបានអាជ្ញាធរកូរ៉េខាងជើងចាប់ខ្លួននៅកន្លែងផ្សេងគ្នាកាលពីឆ្នាំ ២០១៧ និងរងការចោទប្រកាន់ថាបានចូលរួមនៅក្នុងសកម្មភាពប្រឆាំងនឹងរដ្ឋ និងព្យាយាមផ្ដួលរំលំរដ្ឋាភិបាល។
ចំណែកឯលោក Kim Dong Chul វិញ ត្រូវបានចាប់ខ្លួននៅក្នុងក្រុង Rason ដែលស្ថិតនៅភាគឦសានបំផុតនៃប្រទេសកូរ៉េខាងជើងកាលពីខែតុលា ឆ្នាំ ២០១៥។ លោក Kim Dong Chul ត្រូវបានកាត់ទោសកាលពីឆ្នាំ ២០១៦ ឲ្យជាប់ពន្ធនាគារ ១០ ឆ្នាំ ដោយតម្រូវឲ្យធ្វើពលកម្មធ្ងន់ធ្ងរ ក្រោយពីលោកត្រូវបានតុលាការផ្ដន្ទាទោសថាបានប្រព្រឹត្តិអំពើចារកម្ម៕