ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធានាធិបតី​ Biden ​ដាក់​ផែនការ​ថ្មី​ចាក់​វ៉ាក់សាំង​កូវីដ​១៩ ​ដល់​ពលរដ្ឋ​អាមេរិក​​​ឱ្យ​បាន​ ៧០%​ ត្រឹម​ថ្ងៃ​បុណ្យ​ឯករាជ្យ​ ៤​ កក្កដា


រូបឯកសារ៖ ស្ត្រីម្នាក់ទទួលចាក់វ៉ាក់សាំងបង្ហារជំងឺកូវីដ១៩ Moderna នៅមណ្ឌលចាក់វ៉ាក់សាំងមួយកន្លែង ក្នុងទីក្រុង Chicago រដ្ឋ Ilinois កាលពីថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ២០២១។
រូបឯកសារ៖ ស្ត្រីម្នាក់ទទួលចាក់វ៉ាក់សាំងបង្ហារជំងឺកូវីដ១៩ Moderna នៅមណ្ឌលចាក់វ៉ាក់សាំងមួយកន្លែង ក្នុងទីក្រុង Chicago រដ្ឋ Ilinois កាលពីថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ២០២១។

ប្រធានាធិបតីសហរដ្ឋ​អាមេរិក​លោក ​Joe Biden បាន​ប្រកាស​ពី​គោលបំណងចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​១៩​ យ៉ាង​ហោច​ណាស់​ក្នុង​ដូស​ទី​ ១ ​ដល់​ពលរដ្ឋ​អាមេរិក​ពេញ​វ័យ ​ឲ្យ​បាន​ចំនួន ​៧០% នៅ​ត្រឹមថ្ងៃ​ទី ៤ ខែ​កក្កដា ខាង​មុខ​នេះ​ ដែល​ជា​ថ្ងៃ​បុណ្យ​ឯករាជ្យ​ជាតិ​របស់​សហរដ្ឋ​អាមេរិក។​

​លោក​ប្រធានាធិបតី ​Biden ​បាន​ប្រកាសថា ​រដ្ឋបាល​របស់​លោក​មាន​បំណង​ចាក់​វ៉ាក់សាំង​ឲ្យ​បាន​ ១០០​ លាន​ដូស ដល់​ពលរដ្ឋ​អាមេរិក​ក្នុង​រយៈ​ពេល​ ៦០ ​ថ្ងៃ​ខាង​មុខ​នេះ ដែល​នឹង​ធ្វើ​ឲ្យ​ពលរដ្ឋ​អាមេរិក​ពេញ​វ័យ​យ៉ាង​ហោច​ណាស់​ចំនួន ​១៦០ លាននាក់ ​ទទួល​បាន​ការ​ចាក់​វ៉ាក់សាំងគ្រប់​ចំនួន​ដូស​នៅ​ត្រឹម​ថ្ងៃ​បុណ្យ​ឯករាជ្យ​អាមេរិក។​

លោកប្រធានាធិបតី​ក៏​បាន​គូស​បញ្ជាក់​ផង​ដែរ​ថា ​រដ្ឋាភិបាល​អាមេរិកបាន​ផ្លាស់ប្តូរ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​របស់​ខ្លួន ​ពី​ទី​តាំងធំៗ​សម្រាប់ចាក់​មហាជន មក​ជា​ការ​ចាក់​តាម​គ្លីនិក​ចល័ត​តូចៗ ​និង​បង្កើត​ឡើង​ភ្លាមៗ ក៏​ដូច​ជា​ណែនាំ​ដល់​ឱសថស្ថាន​នានា​ដែល​តម្រូវ​ឲ្យ​ពលរដ្ឋត្រូវណាត់ជា​មុន​ដើម្បី​ទទួល​បាន​ការ​ចាក់​វ៉ាក់សាំង​នោះ ​អាច​ចូល​មក​ចាក់​ដោយ​មិនចាំ​បាច់ធ្វើការ​ណាត់ទុក​ជា​មុន​នោះ​ទេ។ ​យុទ្ធសាស្ត្រ​នេះ​ដើម្បី​តម្រូវ​ស្ថានភាព​របស់​ពលរដ្ឋ​អាមេរិក​នៅ​តាម​ទី​ជនបទ។

​ការ​ប្តូរ​យុទ្ធសាស្ត្រសម្រាប់​ការ​ចាក់​វ៉ាក់សាំងនេះ​ត្រូវ​ប្រកាស​ឡើង ​បន្ទាប់​ពី​អត្រា​នៃ​អ្នក​ទទួល​វ៉ាក់សាំងក្នុង​សហរដ្ឋ​អាមេរិក​មាន​ការ​ធ្លាក់ចុះ ​ដែលនិន្នាការ​នេះ​អ្នក​ជំនាញបន្ទោស​ថា បណ្តាលមក​ពីពលរដ្ឋ​អាមេរិក​ជា​ច្រើន​នៅ​មិន​ទាន់​ជឿ​ទុក​ចិត្ត​ទាំង​ស្រុង​ពី​សុវត្ថិភាព​នៃ​វ៉ាក់សាំង​នោះ​ ហើយពលរដ្ឋ​អាមេរិក​វ័យ​ក្មេង​មួយ​ចំនួន​នៅ​តែ​ជឿ​ជាក់​ថា ពួកគេ​មិន​ប្រឈម​នឹង​ហានិភ័យ​នៃ​ការ​ឆ្លង​វីរុស​កូរ៉ូណា​នោះ​ទេ។

ម្យ៉ាង​ទៀត លោក​ប្រធានាធិបតី​ Biden ក៏​បាន​និយាយនៅ​ថ្ងៃ​អង្គារកន្លង​ទៅ​ផង​ដែរ​ថា ​រដ្ឋាភិបាលអាមេរិក​នឹង​ចាប់​ផ្តើម​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩ ​ភ្លាមៗ​ដល់​សិស្ស​ពី​អាយុ​ ១២ ​ឆ្នាំ ​ដល់​ ១៥ ​ឆ្នាំ​ ប្រសិន​បើ​ទី​ភ្នាក់ងារ​ឱសថ​និង​ស្បៀង​អាហារ​អាមេរិក ​FDA អនុញ្ញាតឱ្យ​ចាក់​វ៉ាក់សាំងរបស់​ក្រុមហ៊ុន​Pfizer​ ទៅ​លើ​ក្មេង​ជំទង់​ទាំង​នោះ។​ ការ​អនុញ្ញាត​របស់​ទី​ភ្នាក់ងារ​នេះ​ត្រូវ​គេ​រំពឹង​ថា នឹង​អាច​ធ្វើ​ឡើង​នៅ​សប្តាហ៍​ក្រោយ៕​

XS
SM
MD
LG