មនុស្សពេញវ័យទាំងអស់នៅក្នុងសហរដ្ឋអាមេរិក នឹងអាចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ បាន នៅត្រឹមថ្ងៃទី១៩ ខែមេសាខាងមុខនេះ។ នេះបើតាមការប្រកាសរបស់លោកប្រធានាធិបតី Joe Biden កាលពីថ្ងៃអង្គារម្សិលមិញ។
លោក Biden បានមានប្រសាសន៍នៅឯសេតវិមានថា នៅត្រឹមថ្ងៃទី ១៩ ខែមេសាខាងមុខ ពលរដ្ឋគ្រប់រូបដែលមាន «អាយុ ១៨ ឆ្នាំឡើងទៅនឹងអាចចាក់វ៉ាក់សាំង [កូវីដ១៩] បានហើយ»។ លោកបានបន្ថែមថា៖ «គ្មានក្បួនច្បាប់ដែលធ្វើឲ្យភាន់ច្រឡំទៀតទេ។ គ្មានលក្ខខណ្ឌដែលធ្វើឲ្យភាន់ច្រឡំទៀតទេ»។
ការប្រកាសរបស់លោក Biden នេះបានធ្វើឡើង ស្របពេលដែលមានរលកកើនឡើងលើកទី ៤ នៃករណីឆ្លងជំងឺកូវីដ១៩ នៅក្នុងសហរដ្ឋអាមេរិក ដោយការឆ្លងមានការកើនឡើងក្នុងចំណោមពលរដ្ឋវ័យក្មេង។
លោក Biden បានរំឮកថា៖ «យើងមិនទាន់ទៅដល់ខ្សែបន្ទាត់ផ្តាច់ព្រាត់ទេ។ យើងនៅមានកិច្ចការជាច្រើនទៀតដែលត្រូវធ្វើ។ យើងនៅស្ថិតនៅក្នុងការប្រកួតស្លាប់រស់ជាមួយនឹងវីរុសនេះនៅឡើយ»។
ជាងមួយសប្តាហ៍កន្លងមកនេះ ករណីឆ្លងថ្មីនៃជំងឺកូវីដ១៩ បានកើនឡើងចំនួន ៧% បើប្រៀបធៀបទៅនឹងរយៈពេល ៧ ថ្ងៃមុនហ្នឹង។ ការចូលសម្រាកព្យាបាលក្នុងមន្ទីរពេទ្យបានកើនឡើង ៣% ចំណែកឯការស្លាប់ដោយសារជំងឺនេះបានធ្លាក់ចុះបន្តិចបន្តួចមកនៅប្រហែល ៨០០ នាក់ក្នុងមួយថ្ងៃ។
ការកើនឡើងនៃការឆ្លងជំងឺនេះត្រូវបានគេរិះគន់ថា ដោយសារតែការបន្ធូរបន្ថយការតម្រូវឲ្យពាក់ម៉ាស់ ការចូលរួមរបស់មនុស្សជាច្រើនក្នុងព្រឹត្តិការណ៍សាធារណៈ ការកើនឡើងនូវការធ្វើដំណើរក្នុងប្រទេស និងការលេចឡើងនូវវីរុសជំងឺកូវីដ១៩ ប្រភេទថ្មី ដែលមានលក្ខណៈឆ្លងខ្លាំងជាងមុន៕