ពលរដ្ឋពេញវ័យ ៩ នាក់ក្នុងចំណោម ១០ នាក់នៅក្នុងសហរដ្ឋអាមេរិក នឹងអាចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នៅត្រឹមថ្ងៃទី ១៩ ខែមេសាខាងមុខ។ នេះបើយោងតាមការប្រកាសរបស់លោកប្រធានាធិបតី Joe Biden កាលពីថ្ងៃចន្ទម្សិលមិញ។
លោក Biden បានថ្លែងថា៖ «យើងកំពុងប្រយុទ្ធស្លាប់រស់ជាមួយនឹងវីរុសដែលកំពុងឆ្លងរាលដាលយ៉ាងឆាប់រហ័ស ដោយយើងឃើញថាករណីឆ្លងបានកើនឡើងម្តងទៀត។ វីរុសជំងឺកូវីដ១៩ ទម្រង់ថ្មីកំពុងឆ្លងរាលដាល ហើយគួរឲ្យសោកស្ដាយដែលយើងឃើញពលរដ្ឋខ្លះមានឥរិយាបថធ្វេសប្រហែសក្នុងពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ ដែលនេះមានន័យថា ករណីឆ្លងថ្មីនឹងកើតឡើងក្នុងពេលប៉ុន្មានសប្តាហ៍ខាងមុខ»។
កាលពីព្រឹកថ្ងៃចន្ទ អ្នកស្រី Rochelle Walensky នាយកមជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺ (CDC) បានសម្តែងនូវអារម្មណ៍ថាមាន «គ្រោះអាក្រក់ជិតកើតឡើង» ដោយអ្នកស្រីបានចង្អុលបង្ហាញអំពីទិដ្ឋភាពស្រដៀងគ្នាទៅនឹងទិដ្ឋភាពនៅទ្វីបអឺរ៉ុបកាលពីប៉ុន្មានសប្តាហ៍មុន។ រលកឆ្លងថ្មីនៃជំងឺកូវីដ១៩ ឥឡូវនេះកំពុងរាលដាលនៅទ្វីបអឺរ៉ុប។
ក៏ប៉ុន្តែ អ្នកស្រីបានបញ្ជាក់ថា តួលេខឆ្លងថ្មីចុងក្រោយបង្អស់នៅទូទាំងសហរដ្ឋអាមេរិកបានបង្ហាញថា ការឆ្លងជាមធ្យមប្រចាំថ្ងៃបានកើនឡើងចំនួន ១០% ក្នុងពេលមួយសប្តាហ៍កន្លងមកនេះ ដោយបានកើនរហូតដល់ជិត ៧ ម៉ឺនករណីក្នុងមួយថ្ងៃ។ ករណីចូលសម្រាកព្យាបាលក្នុងមន្ទីរពេទ្យបានកើនឡើងជាង ៤% ហើយករណីស្លាប់បានកើនឡើងជិត ៣%។
លោកប្រធានាធិបតី Biden បានអំពាវនាវជាថ្មីដល់អភិបាលរដ្ឋ អភិបាលក្រុង និងមេដឹកនាំមូលដ្ឋាននានា កុំឲ្យបន្ធូរបន្ថយការរឹតត្បិតលើការតម្រូវឲ្យពលរដ្ឋពាក់ម៉ាស៕