ស្របពេលដែលពិភពលោករង់ចាំមើលថាតើ ហើយនឹងនៅពេលណាដែលអ៊ីស្រាអែលបង្កើនការវាយប្រហារប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធហាម៉ាស់នៅក្នុងតំបន់ហ្កាហ្សានោះ មន្ត្រីសហរដ្ឋអាមេរិកព្រមានថា អ្នកគាំទ្រដ៏សំខាន់មួយរបស់ក្រុមហាម៉ាស់កំពុងស្វះស្វែងរកបើករណៈសិរ្សថ្មីមួយនៅក្នុងសង្គ្រាមនេះ ហើយកំពុងជំរុញឱ្យពួករណបរបស់ខ្លួនចាប់ផ្តើមបាញ់គ្រាប់រ៉ុក្កែត និងដ្រូនដាក់កងទ័ពសហរដ្ឋអាមេរិកក្នុងប្រទេសអ៊ីរ៉ាក់និងស៊ីរី។
លោក John Kirby អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិកបានថ្លែងថា៖ «យើងដឹងថា អ៊ីរ៉ង់ក្នុងករណីខ្លះកំពុងសម្របសម្រួលយ៉ាងជិតស្និទ្ធនិងយ៉ាងសកម្មទៅនឹងការវាយប្រហារទាំងនោះ ហើយនឹងកំពុងជំរុញលើកទឹកចិត្តភាគីផ្សេងទៀតដែលអាចចង់កេងអត្ថប្រយោជន៍ពីជម្លោះនេះ»។
អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិលោក John Kirby និយាយថា សហរដ្ឋអាមេរិកនឹងមិនអនុញ្ញាតឱ្យការគំរាមកំហែងទាំងនេះគ្មានការប្រឆាំងនោះទេ។ ក៏ប៉ុន្តែ មន្ត្រីជាន់ខ្ពស់ម្នាក់របស់ក្រសួងការពារជាតិសហរដ្ឋអាមេរិកនិយាយថា ពួកកងជីវពលផ្សេងៗនៅក្នុងប្រទេសអ៊ីរ៉ាក់និងស៊ីរីទំនងប្រុងប្រៀបពង្រីក«សង្គ្រាមនោះឱ្យធំ»ក្នុងប៉ុន្មានថ្ងៃខាងមុខទៀតនេះ។
សហរដ្ឋអាមេរិកបានបញ្ជូនរួចហើយនូវយន្តហោះចម្បាំងបន្ថែមទៀត ហើយនឹងក្រុមនាវាពិឃាតទៅកាន់តំបន់នោះ ដោយកងនាវាចម្បាំងទី២កំពុងធ្វើដំណើររួមជាមួយប្រព័ន្ធការពារកាំជ្រួចមីស៊ីលបន្ថែមទៀត។
អ្នកនាំពាក្យក្រសួងការពារជាតិសហរដ្ឋអាមេរិកលោកឧត្តមសេនីយ៍ត្រី Patrick Ryder បានបន្ថែមថា អ៊ីរ៉ង់មិនគួរសង្ស័យពីការដោះស្រាយរបស់សហរដ្ឋអាមេរិកឡើយ។
លោកបានថ្លែងថា៖ «គ្មានប្រទេសណាមួយចង់ឃើញជម្លោះក្នុងតំបន់រីកកាន់តែធំឡើងនោះទេ ក៏ប៉ុន្តែ យើងនឹងមិនស្ទាក់ស្ទើរដើម្បីការពារកងទ័ពរបស់យើងទេ»៕
ប្រែសម្រួលដោយលោក ជឹង ប៉ូជីន