ជាលើកទីមួយចាប់តាំងពីមេរោគកូរ៉ូណាបានមកដល់ក្នុងសហរដ្ឋអាមេរិក ករណីឆ្លងបានឡើងទៅដល់៥ម៉ឺនករណីដែលជាចំនួនឆ្លងជំងឺកូវីដ១៩ខ្ពស់បំផុតក្នុងរយៈពេលតែមួយថ្ងៃ។
តួលេខដែលបានកត់ត្រាកាលពីថ្ងៃពុធម្សិលមិញបាននាំមុខដោយរដ្ឋ California ដែលបានចុះផ្សាយចំនួនឆ្លងថ្មី៩ពាន់៧រយ៤០ករណី។ នេះតាមគម្រោងតាមដានជំងឺកូវីដដែលប្រតិបត្តិការដោយទស្សនាវដ្តី Atlantic បន្ទាប់មករដ្ឋ Texas មានចំនួន៨ពាន់៧៦ករណី។ រដ្ឋ Florida មានការឆ្លងលំដាប់ទី៣ ដោយមានចំនួន៦ពាន់៥រយ៦៣ករណី រដ្ឋ Arizona មាន៤ពាន់៨រយ៧៧ករណី។
រដ្ឋផ្សេងៗទៀតមានការឆ្លងជំងឺកូវីដ១៩ថ្មីខ្ពស់កាលពីថ្ងៃពុធគឺរដ្ឋ Alaska រដ្ឋ Georgia រដ្ឋ Louisiana រដ្ឋ North Carolina និងរដ្ឋ Tennessee។
ចំនួនឆ្លងថ្មីដែលកើនឡើងមិនធ្លាប់មាននេះគឺ កើតឡើងស្របពេលជាមួយនឹងការកើនឡើងនូវអ្នកជំងឺសម្រាកក្នុងមន្ទីរពេទ្យខ្ពស់នៅពេលបច្ចុប្បន្ននេះនៅក្នុងរដ្ឋចំនួន៨ ដោយរដ្ឋ Texas បានរាយការណ៍ថា មានអ្នកជំងឺ៦ពាន់៩រយ៤នាក់ កាលពីថ្ងៃពុធ។ ស្ថានភាពនេះបានធ្វើឲ្យមានវិបត្តិនៅក្នុងរដ្ឋដ៏ធំបង្អស់មួយនេះ ដោយមន្ទីរពេទ្យខ្លះបានឡើងជិតទៅដល់ចំណុះពេញនៃចំនួនផ្ទុកអ្នកជំងឺ។
ចំនួនឆ្លងថ្មីដ៏ខ្ពស់បំផុតដែលមិនធ្លាប់មានកាលពីពេលមុនកាលពីថ្ងៃពុធនៅក្នុងសហរដ្ឋអាមេរិកបានកើតមានឡើងមួយថ្ងៃ បន្ទាប់ពីលោកវេជ្ជបណ្ឌិត Anthony Fauci ប្រធានវិទ្យាស្ថានជាតិសម្រាប់ការពារជំងឺឆ្លងសហរដ្ឋអាមេរិក បានប្រាប់គណៈកម្មាធិការព្រឹទ្ធសភាសហរដ្ឋអាមេរិកថា អត្រាឆ្លងថ្មីនៅពេលបច្ចុប្បន្ននេះ អាចកើនឡើងទ្វេដងទៅដល់១សែនករណីក្នុងមួយថ្ងៃ ប្រសិនបើការកើនឡើងនូវការឆ្លងនៅពេលបច្ចុប្បន្ននេះមិនត្រូវបានរាំងខ្ទប់ទេនោះ៕