សមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិក ត្រូវគេរំពឹងថា នឹងសួរចម្លើយយ៉ាងខ្លាំងៗ ចំពោះលោក Louis DeJoy អគ្គនាយកប្រៃសណីយ៍ជាតិសហរដ្ឋអាមេរិក នៅក្នុងអំឡុងពេលលោកផ្តល់សក្ខីកម្មនៅព្រឹទ្ធសភា នៅថ្ងៃសុក្រ អំពីវិធានការកាត់ថវិកានៅស្ថាប័នប្រៃសណីយ៍។ ក្រុមគណបក្សប្រជាធិបតយ្យនិយាយថា វិធានការនេះហាក់ដូចជាការប៉ុនប៉ង ដើម្បីបង្កើនឱកាសឲ្យលោកប្រធានាធិបតី Donald Trump បានជាប់ឆ្នោតជាថ្មី។
នៅក្រោមសម្ពាធពីសាធារណជននិងសមាជិកព្រឹទ្ធសភា លោក DeJoy កាលពីថ្ងៃអង្គារ បានផ្អាកផែនការផ្លាស់ប្តូរនានានៅប្រៃសណីយ៍សហរដ្ឋអាមេរិក រហូតដល់ក្រោយការបោះឆ្នោតប្រធានាធិបតី នៅថ្ងៃទី៣ ខែវិច្ឆិកាខាងមុខ។ អ្នករិះគន់បារម្ភថា វិធានការផ្លាស់ប្តូរទាំងនេះ នឹងប៉ះពាល់ដល់ការលទ្ធភាពនៃការបោះឆ្នោតផ្ញើតាមប្រៃសណីយ៍ ដែលគេរំពឹងថា កាន់តែមានការចាំបាច់ ក្នុងអំឡុងនៃការរាតត្បាតនៃជំងឺកូវីដ១៩។
លោកប្រធានាធិបតី Trump តែងតែបានអះអាងដោយមិនមានភស្តុតាងថា ការបោះឆ្នោតតាមប្រៃសណីយ៍កាន់តែច្រើន នឹងនាំឲ្យមានការបន្លំសន្លឹកឆ្នោតកាន់តែច្រើនដែរ បើទោះបីជាពលរដ្ឋអាមេរិកាំងធ្លាប់បានបោះឆ្នោតតាមប្រៃសណីយ៍ជាយូរមកហើយក្តី។
លោក Ron Johnson ប្រធានគណៈកម្មាធិការព្រឹទ្ធសភាមកពីគណបក្សសាធារណរដ្ឋ ដែលបានកោះហៅឲ្យមានការផ្តល់សក្ខីកម្មនេះ ត្រូវគេរំពឹងថា នឹងការពារគម្រោងរបស់លោក Louis DeJoy អគ្គនាយកប្រៃសណីយ៍ជាតិសហរដ្ឋអាមេរិក ក្នុងការកាត់បន្ថយការចំណាយរបស់ស្ថាប័ននេះ ដោយលោកនឹងថា កិច្ចប្រឹងប្រែងនេះត្រូវបានគេទាញចូលនិងបំភ្លៃខុសក្នុងរឿងនយោបាយទៅវិញ៕