ឆ្នាំនេះនឹងក្លាយជាឆ្នាំមានការបោះឆ្នោតដោយផ្ញើសន្លឹកឆ្នោតទៅប្រៃសណីយ៍ច្រើនបំផុតនៅក្នុងការបោះឆ្នោតស.រ.អា.ហើយការណ៍នេះបានបង្កើនកង្វល់អំពីសន្តិសុខ អំពីដំណាក់កាលនីមួយៗនៃដំណើរការនេះ។
ក៏ប៉ុន្តែពួកមន្ត្រីរៀបចំការបោះឆ្នោតនិយាយថា ពួកគេមានប្រព័ន្ធដើម្បីធ្វើឱ្យការបោះឆ្នោតដោយផ្ញើសន្លឹកឆ្នោតតាមប្រៃសណីយ៍មានជោគជ័យទោះណាជាការខ្វល់ខ្វាយខាងសុខភាពអំពីការបោះឆ្នោតនៅពេលមានការរាតត្បាតជាសាកលនៃជំងឺកូវីដ១៩បានជំរុញឱ្យរដ្ឋមួយចំនួនពង្រីកជម្រើសបច្ចុប្បន្នរបស់ពួកគេដោយធ្វើការបោះឆ្នោតដោយផ្ញើសន្លឹកឆ្នោតតាមប្រៃសណីយ៍ក៏ដោយ។
លោក Eddy Perez ជានាយកសាកលអភិវឌ្ឍន៍បច្ចេកវិទ្យានៅឯវិទ្យាស្ថាន OSET ដែល ជាអង្គការមួយមិនគិតកម្រៃខាងបច្ចេកវិជ្ជា។ លោកបាននិយាយថា៖«នឹងមានសន្លឹកឆ្នោតពីរវាង៩០លាននិង១០៥លានត្រូវផ្ញើតាមប្រៃសណីយ៍។ ប្រសិនបើអ្វីដែលយើងបានឃើញនៅក្នុងការបោះឆ្នោតបឋមឯទៀតៗគឺជាការណែនាំដែលធ្វើតាមយើងប្រហែលជាអាចនិយាយបានថា សន្លឹកឆ្នោតរវាងពី៦៥ភាគរយទៅ៧៥ភាគរយនៃសន្លឹកឆ្នោតទាំងអស់នៅក្នុងការបោះឆ្នោតក្នុងខែវិច្ឆិកាខាងមុខនេះអាចជាសន្លឹកឆ្នោតផ្ញើតាមរយៈប្រៃសណីយ៍។នេះជាចំនួនច្រើនណាស់តាមរយៈការបោះឆ្នោតផ្ញើតាមប្រៃសណីយ៍»។
ដើម្បីឱ្យដឹងអំពីសារៈសំខាន់នៃចំនួនអ្នកបោះឆ្នោតតាមវិធីផ្ញើសន្លឹកឆ្នោតតាមប្រៃសណីយ៍ គេគួរពិនិត្យមើលការវិភាគមួយដោយមជ្ឈមណ្ឌលស្រាវជ្រាវ Pew អំពីទិន្នន័យបន្ថែមរបស់ការិយាល័យស្ថិតិស្តីពីពួកអ្នកបោះឆ្នោត។ ចំនួននេះបានកើនឡើងបីដងរវាងឆ្នាំ១៩៩៦និងឆ្នាំ២០១៦គឺពី៧,៨%ទៅដល់២១%។ ជាការណ៍ពិត ចំនួនក្រុមអ្នកបោះឆ្នោតនៅក្នុងការបោះឆ្នោតនីមួយៗមិនដូចគ្នាទេហើយគេក៏មិនដឹងអំពីចំនួនអ្នកបោះឆ្នោតក្នុងឆ្នាំ២០២០នេះដែរ។ ដូច្នេះការប្រៀបធៀបនេះមិនប្រាកដប្រជាទេ។ក៏ប៉ុន្តែការកើនឡើងពីចំនួនជិត២១%ទៅដល់៧៥%ឬទោះណាតែ៦៥%នៃចំនួនសន្លឹកឆ្នោតទាំងអស់នៃការបោះឆ្នោតតាមរយៈប្រៃសណីយ៍ក៏ដោយ ក៏តួលេខនេះគឺជាចំនួនច្រើនគួរសមដែរ។
ឧបសគ្គជាច្រើនខាងភស្តុភារនិងខាងសន្តិសុខត្រូវតែដោះស្រាយដើម្បីធ្វើឱ្យប្រាកដថា ការបោះឆ្នោតដោយផ្ញើសន្លឹកឆ្នោតតាមប្រៃសណីយ៍ប្រព្រឹត្តដោយរលូន។ កង្វល់ជាពិសេសគឺអំពីសន្តិសុខនៃមូលដ្ឋានទិន្នន័យចុះឈ្មោះអ្នកបោះឆ្នោតរបស់រដ្ឋក្នុងស.រ.អា.ដែលអាចជាទីដៅសំខាន់មួយរបស់ពួកចោរតាមអ៊ីនធើណិត។
ពួកអ្នកជំនាញខាងការបោះឆ្នោតថ្លែងថា ដំណើរការនៃការបោះឆ្នោតដោយផ្ញើសន្លឹកឆ្នោតតាមប្រៃសណីយ៍មានការពិនិត្យមើលហ្មត់ចត់ណាស់ដោយប្រើបច្ចេកវិជ្ជានិងកម្មវិធីការបោះឆ្នោតដោយចាប់ផ្តើមពីការបញ្ជូនសន្លឹកឆ្នោតទៅឱ្យពួកអ្នកបោះឆ្នោត។
លោក Perez បាននិយាយថា៖«នៅពេលខ្លះ លោកអ្នកបានឮថា សន្លឹកឆ្នោតទទេត្រូវបញ្ជូនទៅដោយគ្មានការត្រួតពិនិត្យ ហើយនេះមិនមែនជាករណីមានបញ្ហាទេ។ជានិច្ចកាលមានទិន្នន័យទាក់ទងគ្នាច្បាស់លាស់រវាងអ្នកបោះឆ្នោតដែលសិទ្ធិបោះឆ្នោតរបស់គេត្រូវពិនិត្យផ្ទៀងផ្ទាត់ហើយក៏មានវិធានការបញ្ជូនសន្លឹកឆ្នោតទៅអ្នកបោះឆ្នោតនេះដែរ»។
វិធានផ្ទៀងផ្ទាត់តាមឌីជីថល
នៅពេលណាអ្នកបោះឆ្នោតផ្ញើសន្លឹកឆ្នោតតាមប្រៃសណីយ៍ប្រព័ន្ធកម្មវិធីនៃការបោះឆ្នោតរបស់អាជ្ញាធររៀបចំការបោះឆ្នោតក៏ដំណើរការ។ប្រដាប់ស្កេនថតស្រោមសំបុត្រដែលមានដាក់សន្លឹកឆ្នោតដើម្បីធ្វើឱ្យប្រាកដថា ហត្ថលេខារបស់អ្នកបោះឆ្នោតនៅលើស្រោមសំបុត្រនេះដូចហត្ថលេខាដែលមាននៅក្នុងសំណុំឯកសារ។ ព័ត៌មានគំនូសលេខកូដនៅលើសន្លឹកឆ្នោតត្រូវស្កេន ហើយពិនិត្យផ្ទៀងផ្ទាត់ហ្មត់ចត់ជាមួយឯកសារចុះឈ្មោះអ្នកបោះឆ្នោត។
លោក Eddy Perez ដែលជានាយកសាកលអភិវឌ្ឍន៍បច្ចេកវិជ្ជានៅឯវិទ្យាស្ថានOSET បាននិយាយថា៖«អាជ្ញាធររៀបចំការបោះឆ្នោតតែងតែដឹងថានរណាផ្ញើសន្លឹកឆ្នោតមក។ តើជននេះមានសិទ្ធិបោះឆ្នោតឬទេ?តើសន្លឹកឆ្នោតនីមួយៗត្រូវបានទទួលពីមនុស្សមានសិទ្ធិបោះឆ្នោតឬទេ?ក្រៅពីការផ្ទៀងផ្ទាត់ទាំងនេះនៅមានដំណើរការសំខាន់មួយទៀតដោយពិនិត្យផ្ទៀងផ្ទាត់ថា សន្លឹកឆ្នោតនិងឈ្មោះអ្នកបោះឆ្នោតប្រាកដជាមកពីអ្នកបោះឆ្នោតរូបនេះមែនឬទេ»។
ឧបករណ៍ស្កេនឌីជីថលក៏ស្កេនសន្លឹកឆ្នោតហើយការរាប់សន្លឹកឆ្នោតក៏ចាប់ផ្តើមធ្វើ។លក្ខណៈមិនប្រក្រតីដូចជាការគ្មានហត្ថលេខាជាដើមត្រូវបញ្ជូនទៅឱ្យពួកអ្នកចាត់ចែងការបោះឆ្នោតមួយក្រុមដើម្បីពិនិត្យផ្ទៀងផ្ទាត់ថែមទៀត។
លោក Neal Kelly ជាអ្នកចុះឈ្មោះអ្នកបោះឆ្នោតក្នុងស្រុក Orange រដ្ឋ California។លោករំពឹងថា នឹងចាប់ផ្តើមដំណើរការផ្ញើសន្លឹកឆ្នោតតាមប្រៃសណីយ៍៣០ថ្ងៃនៅមុនថ្ងៃបោះឆ្នោតជាផ្លូវការ។
លោកបាននិយាយថា៖«ជាច្រើនដងមកហើយ សន្លឹកឆ្នោតទាំងនោះមានដំណើរការស្វ័យប្រវត្តិពីព្រោះវាដូចនៅក្នុងរោងចក្រដែរ។ នេះជាការគ្រប់គ្រងស្តង់ដារមានគុណភាពខ្ពស់ពីព្រោះយើងត្រូវតែពិនិត្យមើលហត្ថលេខាឱ្យបានដិតដល់ជាងមុន»។
លោក Kelly បានថ្លែងថា ក្រុមអ្នកបោះឆ្នោតអាចតាមដានដំណើរការនៃសន្លឹកឆ្នោតពួកគេគឺដូចជាវិធីដែលពួកគេអាចតាមដានកញ្ចប់ទំនិញដែលបានត្រូវប្រគល់ពិនិត្យសារជា អក្សរ ឬជាកម្មវិធីតាមដាន។
លោកបាននិយាយថា៖« កម្មវិធី តាមដាននេះផ្តល់ទិន្នន័យឱ្យលោកអ្នកច្រើនជាងទិន្នន័យអំពីកញ្ចប់ទំនិញផ្ញើដោយក្រុមហ៊ុនAmazonទៅទៀត»។
សន្លឹកឆ្នោតផ្ញើតាមប្រៃសណីយ៍ដែលមិនត្រូវរាប់
ក៏ប៉ុន្តែការបោះឆ្នោតដោយផ្ញើសន្លឹកឆ្នោតតាមប្រៃសណីយ៍មិនមែនជាដំណោះស្រាយដល់ការពិបាកៗទាំងអស់ទេ។មិនមែនសន្លឹកឆ្នោតរបស់អ្នកបោះឆ្នោតទាំងអស់ត្រូវរាប់ទេ។ បើតាមទីភ្នាក់ងារព័ត៌មាន AP ថានៅក្នុងការបោះឆ្នោតបឋមកាលពីខែមីនាឆ្នាំ២០២០នៅក្នុងរដ្ឋ Californiaសន្លឹកឆ្នោតផ្ញើតាមប្រៃសណីយ៍ប្រហែល១សែនសន្លឹកគឺប្រមាណ១,៥%នៃសន្លឹកឆ្នោត៧លានសន្លឹកដែលបានត្រូវផ្ញើតាមប្រៃសណីយ៍នោះ មិនបានត្រូវរាប់ទេ។
បញ្ហាក្នុងការបោះឆ្នោតដោយផ្ញើសន្លឹកឆ្នោតតាមប្រៃសណីយ៍មានរួមបញ្ចូលសន្លឹកឆ្នោតដែលបានត្រូវផ្ញើយឺតពេកឬ ពួកអ្នកបោះឆ្នោតមិនបានចុះហត្ថលេខាលើស្រោមសំបុត្រដាក់សន្លឹកឆ្នោតនិងហត្ថលេខាពួកអ្នកបោះឆ្នោតមិនដូចហត្ថលេខាដែលអាជ្ញាធររៀបចំការបោះឆ្នោតមាននៅក្នុងសំណុំឯកសារ។
កំណែទម្រង់នៅទូទាំងប្រទេសបានដោះស្រាយបញ្ហាទាំងនេះហើយ។ នៅឆ្នាំនេះរដ្ឋ California បានពន្យារពេលទទួលសន្លឹកឆ្នោតដើម្បីរាប់គឺ១៧ថ្ងៃក្រោយថ្ងៃបោះឆ្នោត។ បើសន្លឹកឆ្នោតមានបញ្ហា ដូចជាបញ្ហាហត្ថលេខាមិនដូចគ្នានឹងហត្ថលេខានៅក្នុងសំណុំឯកសារ អាជ្ញាធររៀបចំការបោះឆ្នោតត្រូវទាក់ទងអ្នកបោះឆ្នោតដើម្បីអាចឱ្យពួកគេអាចកែតម្រូវបញ្ហានេះបាន។
ក៏ប៉ុន្តែទោះជាមានការកែទម្រង់ទាំងនោះក៏ដោយ ក៏អ្នកស្រី Kim Alexander ប្រធាននិងជាអ្នកបង្កើតមូលនិធិអ្នកបោះឆ្នោតរដ្ឋ California បាននិយាយថា អ្នកស្រីបារម្ភអំពីពួកអ្នកបោះឆ្នោតវ័យក្មេងនិងក្រុមអ្នកបោះឆ្នោតថ្មី។
អ្នកស្រីបានថ្លែងថា៖«ពួកអ្នកបោះឆ្នោតវ័យក្មេងនិងក្រុមអ្នកបោះឆ្នោតថ្មីមានបញ្ហាបី។ពួកគេមិនធ្លាប់បោះឆ្នោតទេ។ពួកគេមិនដឹងថាតើសេវាប្រៃសណីយ៍ស.រ.អា.មានដំណើរបែបណាទេ។ពួកគេមិនដែលចុះហត្ថលេខាទេ។ពួកគេមិនដែលសរសេរសែកទេ។ពួកគេមិនដែលចុះហត្ថលេខាលើសែកទេ។ដូច្នេះលោកអ្នកបូកសរុបបញ្ហាទាំងបីនេះហើយការណ៍នេះមានន័យថា ត្រូវមានការទាក់ទងណែនាំក្រុមអ្នកបោះឆ្នោតទាំងនេះនិងពន្យល់ពួកគេអំពីដំណើរការនៃការបោះឆ្នោតបែបនេះ»។
នេះជាអ្វីដែលពួកមន្ត្រីរៀបចំការបោះឆ្នោតកំពុងប្រញាប់ប្រញាល់ធ្វើនៅពេលនេះដោយពិនិត្យមើលការចុះឈ្មោះក្រុមអ្នកបោះឆ្នោតនិងបញ្ជូនឯកសារដែលពន្យល់អំពីការបោះឆ្នោតដោយផ្ញើសន្លឹកឆ្នោតតាមប្រៃសណីយ៍។
ក្រុមមន្ត្រីទាំងនេះបាននិយាយថា មិនមែនអ្វីៗគ្រប់យ៉ាងសុទ្ធតែដំណើរការរលូនទាំងអស់ទេហើយសាធារណជនត្រូវតែមានការអត់ធ្មត់។
លទ្ធផលនៃការបោះឆ្នោតប្រហែលនឹងចេញនៅច្រើនសប្តាហ៍ក្រោយថ្ងៃបោះឆ្នោតគឺប្រហែលរហូតដល់ខែធ្នូ៕
ប្រែសម្រួលដោយលោក ឈឹម សុមេធ