សហរដ្ឋអាមេរិកបានសន្យាកាលពីថ្ងៃពុធថា នឹងទទួលយកជនភៀសខ្លួនកាន់តែច្រើនឡើងថែមទៀត ដែលគេចចេញពីសង្គ្រាមនៅក្នុងប្រទសស៊ីរីហើយនឹងទីកន្លែងផ្សេងៗទៀត ទោះបីនៅពេលដែលតំបន់អឺរ៉ុប បានបញ្ចេញផែនការកំណត់កូតាតាមប្រទេសនីមួយៗដើម្បីតាំងទីលំនៅថ្មីជនចំណាកស្រុកចំនួន១សែន៦ម៉ឺននាក់ក៏ដោយ។
បន្ទាប់ពីជំនួបជាមួយសមាជិកសភា លោករដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក John Kerry បានមានប្រសាសន៍ថា៖ «យើងកំពុងពិនិត្យមើលចំនួនដែលយើងអាចទទួលយកបាន ដែលពាក់ព័ន្ធនឹងវិបត្តិនៅក្នុងប្រទេសស៊ីរីនិងអឺរ៉ុប។ ការណ៍នេះត្រូវបានពិនិត្យដ៏ពេញលេញនៅពេលឥឡូវនេះ»។
លោក Jean-Claude Juncker ប្រធានគណៈកម្មការអឺរ៉ុបបានអំពាវនាវដល់រដ្ឋជាសមាជិករបស់សហភាពអឺរ៉ុបឲ្យទទួលយកជនភៀសខ្លួនរាប់ពាន់នាក់បន្ថែមទៀតក្នុងរយៈពេល២ឆ្នាំទៀត ក៏ប៉ុន្តែបានទទួលការជំទាស់ប្រឆាំងពីប្រទេសនានាដល់ប្រព័ន្ធយកជនភៀសខ្លួនតាមចំនួនកូតានេះ។
លោក Juncker បានប្រាប់សភាអឺរ៉ុបថា៖ «អឺរ៉ុបដែលខ្ញុំចង់រស់នៅបានបង្ហាញឲ្យឃើញពីអ្នកដែលកំពុងចង់ជួយ។ អឺរ៉ុបដែលខ្ញុំមិនចង់រស់នៅគឺអឺរ៉ុបដែលបដិសេធអ្នកដែលត្រូវការជួយ»។
ក៏ប៉ុន្តែ រដ្ឋាភិបាលប្រទេសឆែកនិងស្លូវ៉ាគី បានប្រកាន់ជំហរយ៉ាងរឹងមាំជំទាស់ប្រឆាំងដល់ចំនួនកូតាដែលលោក Juncker បាននិយាយថា ជាការចាំបាច់ដើម្បីដោះស្រាយវិបត្តិជនចំណាកស្រុកដ៏អាក្រក់បំផុតរបស់អឺរ៉ុបចាប់តាំងពីសង្គ្រាមលោកលើកទី២មក។
លោក Bohuslav Sobotka នាយករដ្ឋមន្រ្តីឆែក បាននិយាយនៅសប្តាហ៍នេះថា៖ «ខ្ញុំបដិសេធចំនួនយកជនភៀសខ្លួនតាមកូតានេះ ពីព្រោះខ្ញុំមិនបានចាត់ទុកចំនួនកូតានេះជាដំណោះស្រាយពិតប្រាកដដល់វិបត្តិជនចំណាកស្រុកទេ»។
លោក Robert Fico នាយករដ្ឋមន្រ្តីប្រទេសស្លូវ៉ាគី បានសម្តែងនូវការព្រួយកង្វល់ថា ពួកភេរវជនអាចជ្រៀបចូលក្នុងអឺរ៉ុបជាមួយជនភៀសខ្លួនដែលកំពុងស្ថិតនៅមាត់ទ្វារបស់ទ្វីបនោះ៕