ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ត្រាំ​ គំរាម​ដក​សហរដ្ឋ​អាមេរិក​ចេញ​ពី​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ WTO


ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ដូណាល់ ត្រាំ ថ្លែង​ក្នុង​ពេល​ប្រមូល​ផ្តុំ​ធ្វើ​យុទ្ធនាការ​នៅ​មជ្ឈមណ្ឌល Ford កាល​ពី​ថ្ងៃ​ទី​៣០ សីហា នៅ​ក្រុង Evansville រដ្ឋ Indiana។
ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ដូណាល់ ត្រាំ ថ្លែង​ក្នុង​ពេល​ប្រមូល​ផ្តុំ​ធ្វើ​យុទ្ធនាការ​នៅ​មជ្ឈមណ្ឌល Ford កាល​ពី​ថ្ងៃ​ទី​៣០ សីហា នៅ​ក្រុង Evansville រដ្ឋ Indiana។

លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក ​ដូណាល់ ត្រាំ​ កំពុង​ធ្វើ​ការ​គំរាម​កំហែង​ដក​សហរដ្ឋ​អាមេរិក​ចេញ​ពី​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ WTO ​ប្រសិន​បើ​ក្រុម​ពាណិជ្ជកម្មសកល​មួយ​នេះ​មិន​ធ្វើ​ការ​កែ​តម្រូវ​ឡើង​វិញ​នោះ។

លោក ត្រាំ​ បាន​ប្រាប់​សារព័ត៌មាន ​Bloomberg​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ «ប្រសិន​បើ​ពួក​គេ​មិន​ធ្វើ​ការ​កែ​តម្រូវ​នោះ ​ខ្ញុំ​នឹង​ដក​សហរដ្ឋ​អាមេរិក​ចេញ​ពី​អង្គការ​នេះ»។​ លោក ត្រាំ​ បាន​និយាយ​ថា ​កិច្ច​ព្រម​ព្រៀង​បង្កើត​អង្គការ​ WTO​ គឺ​ជា​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​ដែល​អាក្រក់​បំផុត។

ការ​ដក​ខ្លួន​របស់​សហរដ្ឋ​អាមេរិក​ចេញ​ពី​អង្គការ​នេះ​អាច​នឹង​ប៉ះ​ពាល់​ដល់​មូលដ្ឋាន​នៃ​ប្រព័ន្ធ​ពាណិជ្ជកម្ម​សកល​ដែល​សហរដ្ឋ​អាមេរិក​គឺ​ជា​អ្នក​ចូល​រួម​បង្កើត​វា​ឡើង។
លោក​ ត្រាំ​ បាន​និយាយ​ថា​ នីតិវិធី​ដោះ​ស្រាយ​ជម្លោះ​របស់​អង្គការ​ WTO ​មិន​យុត្តិធម៌​ចំពោះ​សហរដ្ឋ​អាមេរិក​ទេ។ លោក​បាន​ថ្លែង​នៅ​អំឡុង​ពេល​ធ្វើ​បទ​សម្ភាសន៍​ថា​ សហរដ្ឋ​អាមេរិក​បាន​ចាប់​ផ្តើម​ទទួល​ជ័យជម្នះ​លើ​បណ្តឹង​នានា​ប្រឆាំង​នឹង​ដៃគូ​ពាណិជ្ជកម្ម​ដែល​បាន​ធ្វើ​ការ​វាយ​ប្រហារ​ប្រឆាំង​នឹង​ការ​តំឡើង​ពន្ធគយ​របស់​សហរដ្ឋ​អាមេរិក​កាល​ពី​ឆ្នាំ​មុន។​

ការ​គំរាម​កំហែង​របស់​លោក​ ត្រាំ​ ដក​ខ្លួន​ចេញ​ពី​អង្គការ​ WTO​ នេះ​ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​សារព័ត៌មាន​ Bloomberg​ រាយការណ៍​ថា​ លោក ត្រាំ​ កំពុង​រៀប​ចំ​តំឡើង​ពន្ធគយ​លើ​ទំនិញចិន​បន្ថែម​ទៀត​ដែល​មាន​តម្លៃ​ជា​ទឹក​ប្រាក់​ចំនួន​២០០​ពាន់​លាន​ដុល្លារ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ៕

XS
SM
MD
LG