មន្រ្តីជាន់ខ្ពស់សហរដ្ឋអាមេរិកទទួលបន្ទុកការអនុវត្តច្បាប់ព្រំដែន កាលពីថ្ងៃចន្ទ បានទទួលស្គាល់ថា អាជ្ញាធរមិនអាចអនុវត្តគោលនយោបាយដែលគ្មានការលើកលែងរបស់រដ្ឋបាលលោក ត្រាំ ស្តីពីការឃុំខ្លួននិងកាត់ទោសជនណាដែលចូលមកសហរដ្ឋអាមេរិកដោយខុសច្បាប់បានឡើយ ខណៈពេលដែលមន្ត្រីរដ្ឋាភិបាលកំពុងរៀបចំគោលនយោបាយមួយ ដែលនឹងអនុញ្ញាត្តឲ្យមានការកាត់ទោសដោយមិនចាំបាច់បំបែកក្រុមគ្រួសារ។
លោក Kevin McAleenan ឧត្តមស្នងការជាន់ខ្ពស់ប្រចាំទីភ្នាក់ងារគយ និងការពារព្រំដែន បានប្រាប់អ្នកយកព័ត៌មាននៅក្នុងរដ្ឋ Texas ថា លោកបានបញ្ឈប់ការបញ្ជូនសំណុំរឿងឪពុកម្តាយដែលចូលមកសហរដ្ឋអាមេរិកដោយខុសច្បាប់ទៅឲ្យរដ្ឋអាជ្ញាទៀតហើយ បន្ទាប់ពីប្រធានាធិបតី ដូណាល់ ត្រាំ បានចុះហត្ថលេខាលើបទបញ្ជានីតិប្រតិបត្តិមួយកាលពីសប្តាហ៍មុន ក្នុងគោលបំណងបញ្ឈប់ការបំបែកជនអន្តោប្រវេសន៍ពីកូនៗរបស់ពួកគេ។
លោក McAleenan បានទទូចចង់ឲ្យគោលនយោបាយរដ្ឋបាលមួយនេះ នៅតែមានប្រសិទ្ធភាព បើទោះបីជាជួបឧបសគ្គមួយចំនួនក៏ដោយ ហើយលោកបាននិយាយថាលោកកំពុងរៀបចំផែនការដើម្បីឲ្យមានការកាត់ទោសឡើងវិញ។
កាលពីសប្តាហ៍មុន លោក ត្រាំ បានចុះហត្ថលេខាលើបទបញ្ជានីតិប្រតិបត្តិមួយដើម្បីរក្សាទុកគោលនយោបាយដែលគ្មានការលើកលែងរបស់លោក ស្តីពីការឃុំខ្លួន និងកាត់ទោសដល់ជនណាដែលឆ្លងដែនចូលសហរដ្ឋអាមេរិកដោយខុសច្បាប់ ក៏ប៉ុន្តែបានបញ្ឈប់ការបំបែកជនអន្តោប្រវេសន៍ និងកូនៗរបស់ពួកគេ។
ដំណើរការនេះបាននាំឲ្យមានការចោទជាសំណួរឡើងថា តើត្រូវទុកឲ្យក្រុមគ្រួសារជនអន្តោប្រវេសន៍ជួបជុំគ្នាយ៉ាងដូចម្តេច នៅពេលដែលមានការកាត់ទោសឳពុកម្តាយអន្តោប្រវេសន៍។ ប្រការនេះនាំឲ្យស្ថាប័នរដ្ឋាភិបាលជាច្រើនស្វះស្វែងរកវិធីសាស្រ្តក្នុងការផ្តល់ជម្រកដល់ជនអន្តោប្រវេសន៍ដែលត្រូវឃុំខ្លួន។
លោក Jim Mattis រដ្ឋមន្រ្តីការពារប្រទេសបាននិយាយថា យោធានឹងជួយឲ្យក្រុមជនអន្តោប្រវេសន៍ស្នាក់នៅក្នុងមូលដ្ឋានយោធា ដោយរួមបញ្ចូលទាំងមូលដ្ឋានយោធាចំនួនពីរនៅក្នុងរដ្ឋ Texas ផងដែរ។
លោក Mattis បានប្រាប់អ្នកសារព័ត៌មានក្នុងអំឡុងពេលទស្សនកិច្ចទៅកាន់រដ្ឋ Alaska កាលពីយប់ថ្ងៃចន្ទថា ក្រុមយោធានឹងផ្តល់ការគាំទ្រផ្នែកសម្ភារៈ ដោយមិនឆ្លៀតឱកាសកេងចំណេញផ្នែកនយោបាយពីស្ថានការណ៍នេះឡើយ។ លោកបាននិយាយថា យោធាសហរដ្ឋអាមេរិកមានប្រវត្តិយូរលង់ណាស់មកហើយ ក្នុងការផ្តល់ការគាំទ្រសម្ភារៈដល់ប្រជាជនដែលទទួលរងគ្រោះ ដោយគ្រោះមហន្តរាយធម្មជាតិផ្សេងៗ ឬ ប្រជាជនដែលរត់គេពីការធ្វើទុកបុកម្នេញជាដើម។
លោក ត្រាំ បានចូលរួមក្នុងបាតុកម្មនយោបាយមួយ ដែលធ្វើឡើងកាលពីយប់ថ្ងៃចន្ទ នៅក្នុងរដ្ឋ South Carolina ដោយបង្ហាញឲ្យឃើញថា រូបគាត់ជាមនុស្សម៉ឺងម៉ាត់ នៅពេលដោះស្រាយបញ្ហាសន្តិសុខ។
លោកបាននិយាយថា៖ «ពួកយើងកំពុងការពារព្រំដែនរបស់យើង ព្រោះថាបើអ្នកគ្មានព្រំដែនទេនោះ អ្នកក៏គ្មានប្រទេសដែរ។ ពួកគណបក្សប្រជាធិបតេយ្យចង់បើកចំហរព្រំដែន ហើយពួកគេមិនខ្វល់ខ្វាយពីរឿងឧក្រិដ្ឋកម្មនោះទេ»។
នៅក្នុងពេលចាប់ផ្តើមនាថ្ងៃនោះដែរ លោក ត្រាំ បាននិយាយរិះគន់ទៅលើការត្រួតពិនិត្យដំណើរការច្បាប់ឡើងវិញ ចំពោះជនដែលលួចឆ្លងដែនខុសច្បាប់ ដោយលោកអះអាងថា ជនអន្តោប្រវេសន៍ដែលចូលមកសហរដ្ឋអាមេរិកខុសច្បាប់ គួរតែត្រូវបានចាប់បញ្ជូនទៅកាន់ប្រទេសកំណើតរបស់ពួកគេវិញភ្លាមៗ។
លោក ត្រាំ បានប្រាប់អ្នកសារព័ត៌មាននៅឯសេតវិមានថា៖ «យើងចង់បានប្រព័ន្ធមួយដែលធានាថា នៅពេលដែលមានអ្នកចូលមកខុសច្បាប់ ពួកគេត្រូវតែត្រឡប់ទៅវិញ។ យើងចង់បានព្រំដែនរឹងមាំ និងមិនចង់ឲ្យមានបទឧក្រិដ្ឋនោះទេ»។
លោក ត្រាំ បានសរសេរសារនៅលើបណ្តាញ Twitter របស់លោកថា៖ «ការជួលចៅក្រមរាប់ពាន់នាក់មកធ្វើការ និងដំណើរការនីតិវិធីដ៏ស្មុកស្មាញផងនោះ មិនមែនជាជម្រើសទេ ហើយនឹងមិនអាចសម្រេចការងារបានឡើយ។ លោកបានបន្តទៀតថា ពួកយើងត្រូវតែឃាត់ខ្លួនពួកគេនៅព្រំដែន ហើយប្រាប់ពួកគេថាអ្នកមិនអាចចូលមកសហរដ្ឋអាមេរិកដោយខុសច្បាប់បានឡើយ»។
លោកស្រី Sarah Huckabee Sanders អ្នកនាំពាក្យសេតវិមានបាននិយាយកាលពីថ្ងៃចន្ទថា៖ «វាមិនសមហេតុផលទាល់តែសោះដែលថា ជនបរទេសដែលចូលមកក្នុងទឹកដីសហរដ្ឋអាមេរិកខុសច្បាប់ត្រូវបញ្ជូនទៅតុលាការដែលនឹងត្រូវចំណាយពេល ពី ៣ ទៅ ៥ ឆ្នាំដើម្បីដោះស្រាយបញ្ហានេះ មុននឹងត្រូវបញ្ជួនពួកគេចេញពីប្រទេស»។
លោកស្រីបានបន្តទៀតថា មានច្រកចូលច្រើនកន្លែងដែលបានបង្កើតឡើងសម្រាប់អ្នកស្វែងរកសិទ្ធជ្រកកោនដែលអាចឲ្យពួកគេដាក់ពាក្យស្នើរសុំទិដ្ឋាការ ដើម្បីស្វែងរកសិទ្ធជ្រកកោនបាន។
លោកស្រីថ្លែងថា៖ «ជនគ្រប់រូបអាចចូលតាមច្រកមួយនេះ ដើម្បីស្វែងរកសិទ្ធជ្រកកោន ដែលនេះនឹងមិនត្រូវបានគេកាត់ទោសឡើយ»។
សហជីព The American Civil Liberties Union បាននិយាយកាលពីថ្ងៃអាទិត្យថា ការអំពាវនាវរបស់លោក ត្រាំ ឲ្យបញ្ចប់សវនាការកាត់ទោសជនអន្តោប្រវេសន៍គ្មានឯកសារដែលចូលមកដោយខុសច្បាប់ ដើម្បីស្វែងរកសិទ្ធជ្រកកោននៅក្នុងសហរដ្ឋអាមេរិក គឺផ្ទុយពីរដ្ឋធម្មនុញ្ញ៕
ប្រែសម្រួលដោយ ឆេង ចន្នី