ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាមេរិក​មាន​​ចំនួន​អ្នក​ស្លាប់​​​កើន​ខ្ពស់​ ​​ខណៈ​ពលរដ្ឋ​​រាប់លាន​នាក់​​នៅ​តែ​ធ្វើ​ដំណើរ​​​អំឡុង​​បុណ្យ​Thanksgiving


អ្នក​ធ្វើ​ដំណើរ​រង់​ចាំ​ចុះ​ឈ្មោះ​យក​សំបុត្រ​ដើម្បី​ឡើង​យន្តហោះ​ នៅ​អាកាសយានដ្ឋាន LaGuardia នៅ​ទី​ក្រុង​ញូវយ៉ក កាល​ពី​ថ្ងៃ​ទី​២៥ ខែ​វិច្ឆិកា ឆ្នាំ២០២០។
អ្នក​ធ្វើ​ដំណើរ​រង់​ចាំ​ចុះ​ឈ្មោះ​យក​សំបុត្រ​ដើម្បី​ឡើង​យន្តហោះ​ នៅ​អាកាសយានដ្ឋាន LaGuardia នៅ​ទី​ក្រុង​ញូវយ៉ក កាល​ពី​ថ្ងៃ​ទី​២៥ ខែ​វិច្ឆិកា ឆ្នាំ២០២០។

កាលពីថ្ងៃ​ពុធ​សហ​រដ្ឋ​អាមេរិក​បាន​បាន​កត់ត្រា​ចំនួនខ្ពស់​បំផុតនៃ​អ្នកស្លាប់​ដោយ​សារ​ជំងឺ​កូវីដ១៩​ប្រចាំថ្ងៃ​តាំង​ពី​ខែ​ខែឧសភា​មក ហើយថែម​ទាំង​បន្ថែម​ករណី​ឆ្លង​ជិត ២០០.០០០​ ករណី​ទៀត​ទៅ​នឹង​រលក​នៃ​ការឆ្លង​ថ្មី ដែល​ពេលនេះជា​ស្ថានភាព​អាក្រក់​បំផុត​ដែល​ប្រទេស​នេះ​បាន​ជួប​ប្រទះ​តាំង​ពីមាន​ការ​រាតត្បាត​នេះ។​

មនុស្ស​ជាង ​៨៩.០០០ ​នាក់​កំពុង​ព្យាបាលនៅ​មន្ទីរពេទ្យ​គិត​ត្រឹម​ថ្ងៃ​ពុធ​ដែល​ជា​តួលេខ​ខ្ពស់​មិន​ធ្លាប់​មាន និង​កើត​ឡើង​ចំពេល​មាន​ការព្រួយ​បារម្ភ​ថា​ថ្ងៃ​ឈប់​សម្រាក​បុណ្យ​រំឭកគុណ​ Thanksgiving​របស់​សហរដ្ឋ​អាមេរិកនៅ​ថ្ងៃ​ព្រហស្បតិ៍នឹង​នាំ​ឱ្យ​មាន​ការ​ឆ្លង​កាន់​តែ​ច្រើន​ដោយសារ​ប្រជាជន​ធ្វើដំណើរ​ទៅជួប​ជុំជាមួយ​គ្រួសារ​និង​មិត្ត​ភក្តិ។

មាន​មនុស្ស​ប្រមាណ​១​លាន​នាក់​បាន​ឆ្លងកាត់​ប៉ុស្តិ៍​ត្រួត​ពិនិត្យនៅ​តាម​ព្រលាន​យន្តហោះទូទាំង​សហ​រដ្ឋ​អាមេរិក​ក្នុង​មួយ​ថ្ងៃៗ​ចាប់​ពីថ្ងៃ​សុក្រ​សប្តាហ៍​មុន​ដល់​ថ្ងៃ​អង្គារ​សប្តាហ៍​នេះ​ដែល​ជា​ចំនួនធ្លាក់​ចុះ​៦០% បើប្រៀប​ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​កាល​ពី​ឆ្នាំ​មុន​ប៉ុន្តែ​នៅ​តែ​ជា​ចំនួន​ដ៏​ច្រើន​បំផុត​ចាប់តាំង​ពី​វិបត្តិកូវីដ១៩បានកើត​មាន​នៅអាមេរិក​មក។

ការ​មិន​អើពើ​របស់​អ្នក​ដំណើរ​ចំពោះ​ការព្រមានកំពុង​បង្ក​ឱ្យមាន​ការ​ព្រួយ​បារម្ភ​អំពី​រលក​នៃ​ការ​ឆ្លង​វីរុស​និង​ការ​ស្លាប់​ដោយសារ​កូវីដ១៩​ក្នុង​ពេល​រដូវ​បុណ្យឈប់​សម្រាកនៅ​ខែ​ធ្នូ។​ កំណើន​ការ​ឆ្លង​ខ្លាំងជាធម្មតា​បណ្តាល​ឱ្យ​មាន​ចំនួន​អ្នកស្លាប់​កើន​ឡើង​នៅ​ប៉ុន្មាន​សប្តាហ៍​ក្រោយ​មក។

​មន្ត្រីនៅ​ក្នុង​រដ្ឋ​ជា​ច្រើន​បាន​ដាក់​ការ​រឹតត្បិត​ដើម្បី​បន្ថយ​ការ​រីករាល​ដាល​នៃ​វីរុស​នេះ។

ទោះយ៉ាង​ណា​តុលាការ​កំពូល​សហរដ្ឋ​អាមេរិក​បាន​ចេញ​បទ​បញ្ជា​បណ្តោះ​អាសន្ន​មួយ​ដែល​រារាំង​រដ្ឋ​ញូវយ៉កពី​ការ​រឹត​បន្តឹង​ចំនួន​មនុស្សជួប​ជុំគ្នា​នៅ​ឯ​កន្លែង​គោរព​បូជា​នៅ​តាម​តំបន់​ដែល​ការ​ឆ្លង​ច្រើន។​

​តុលាការ​បាន​ចង្អុល​បង្ហាញ​អំពី​ការ​កម្រិត​មនុស្ស​១០​ឬ ​២៥​ នាក់​នៅក្នុង​កន្លែង​គោរព​បូជា​ហើយ​ហាង​នៅ​តំបន់​តែមួយ​នេះនិង​កន្លែង​អាជីវកម្ម​សំខាន់ៗ​ដទៃ​ទៀត​អាច​ដំណើរការ​បាន​ដោយ​គ្មាន​កម្រិតចំនួន​មនុស្ស។​

នៅ​ទូទាំង​សហ​រដ្ឋ​អាមេរិក​គិត​ត្រឹម​ថ្ងៃ​ព្រហស្បតិ៍​ជំងឺ​កូវីដ១៩បាន​ឆ្លង​ដល់​មនុស្ស​ជាង ១២,៧​លាន​នាក់​និង​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​ជាង​២៦២.០០០​នាក់។​នេះបើ​យោងតាម​សាកល​វិទ្យាល័យ​Johns Hopkins៕

XS
SM
MD
LG