អនុរដ្ឋមន្ត្រីរបស់សហរដ្ឋអាមេរិក ដែលមកទស្សនកិច្ចនៅប្រទេសកម្ពុជា បាននិយាយពីបញ្ហាកំណើនសេដ្ឋកិច្ច បរិស្ថាន ការកាប់បំផ្លាញព្រៃឈើ ប្រព័ន្ធអ៊ីនធឺណែត និងការដែលប្រទេសកម្ពុជាអាចចូលជាសមាជិក TPP ដែលមានន័យថា ភាពជាដៃគូពាណិជ្ជកម្មឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក។
អនុរដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកបានជួបជាមួយមេដឹកនាំជាន់ខ្ពស់កម្ពុជានៅរាជធានីភ្នំពេញ កាលពីថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រ ក្នុងអំឡុងពេលដំណើរទស្សនកិច្ចចំនួនបីថ្ងៃរបស់លោកស្រីកាលពីសប្តាហ៍មុន បន្ទាប់ពីការចុះសំចតរបស់លោកស្រីនៅប្រទេសចិន។ លោកស្រីបានពិភាក្សាអំពីបញ្ហាមួយចំនួន រួមមានការកាប់បំផ្លាញព្រៃឈើ បញ្ហាបរិស្ថាន ការវិនិយោគ ថាមពល និងបច្ចេកវិទ្យា។
លោកស្រី Catherine Novelli ដែលជាអនុរដ្ឋមន្ត្រីទទួលបន្ទុកផ្នែកកំណើនសេដ្ឋកិច្ច ថាមពល និងបរិស្ថានរបស់ស.រ.អា. បានមានប្រសាសន៍ថា កម្ពុជាមានលទ្ធភាពគ្រប់គ្រាន់ ដើម្បីចូលរួមក្នុងភាពជាដៃគូពាណិជ្ជកម្មឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក ដែលជាកិច្ចព្រមព្រៀងដ៏ចម្រូងចម្រាសរវាងប្រទេសនៅតំបន់ប៉ាស៊ីហ្វិក ដឹកនាំដោយអាមេរិក។
ទស្សនកិច្ចរបស់លោកស្រីកើតឡើងតែប៉ុន្មានខែប៉ុណ្ណោះ បន្ទាប់ពីទស្សនកិច្ចរបស់លោក John Kerry រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក។ ក្នុងអំឡុងកិច្ចទស្សនកិច្ចនេះ លោកស្រីបានជួបជាមួយមន្ត្រីជាន់ខ្ពស់របស់ប្រទេសកម្ពុជា ដូចជាលោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងលោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងកសិកម្ម។
លោកស្រី Catherine Novelli បានជួបជាមួយនឹងមន្ត្រីទូរគមនាគមន៍ អ្នកកាសែត និងសហគ្រិននៅក្នុងផ្នែកបច្ចេកវិទ្យា និងឌីជីថល។
នៅក្នុងកិច្ចប្រជុំមួយជាមួយក្រុមអ្នកកាសែតកាលពីថ្ងៃព្រហស្បតិ៍នៅស្ថានទូតសហរដ្ឋអាមេរិក លោកស្រីមានប្រសាសន៍អំពីទំនាក់ទំនងសេដ្ឋកិច្ចរវាងស.រ.អា. និងប្រទេសកម្ពុជា។ លោកស្រីបានមានប្រសាសន៍ថា៖
«ខ្ញុំគិតថា ទំនាក់ទំនងសេដ្ឋកិច្ចរបស់យើងទាំងពីរ គឺរឹងមាំណាស់ ដោយពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានទឹកប្រាក់៣ពាន់លានដុល្លារ ហើយយើងគឺជាប្រទេសដៃគូកំពូលរបស់កម្ពុជានៅក្នុងលក្ខខណ្ឌនៃការធ្វើពាណិជ្ជកម្ម។ យើងចង់បង្កើនទំនាក់ទំនងនេះ ដែលរួមមានសន្ធិសញ្ញានៃការវិនិយោគទ្វេភាគី និងស្វែងរកវិធី ដើម្បីធ្វើការរួមគ្នាលើបញ្ហាជាក់ស្តែង ដែលអាចពង្រឹងទំនាក់ទំនងរបស់យើងទាំងពីរ ហើយយើងនឹងជួយឱ្យសេដ្ឋកិច្ចកម្ពុជាកើនឡើងមួយកម្រិតទៀតនៅក្នុងលក្ខខណ្ឌពាណិជ្ជកម្ម»។
ទាក់ទងនឹងភាពតានតឹងផ្នែកនយោបាយនៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ លោកស្រី Catherine Novelli បាននិយាយថា រដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ត្រូវធ្វើយ៉ាងណា ដើម្បីធានាឱ្យមានស្ថិរភាពនយោបាយ ដើម្បីជៀសវាងមិនឱ្យមានការប៉ះពាល់ដល់ការវិនិយោគអន្តរជាតិ។
លោកស្រីបានប្រាប់ឲ្យដឹងផងដែរថា រឿងមួយដែលលោកស្រីបានលើកឡើងនោះគឺថា មតិខ្លះគិតថា នយោបាយ និងសេដ្ឋកិច្ច គឺដាច់ដោយឡែកពីគ្នាទាំងស្រុង។ ប៉ុន្តែលោកស្រីសង្កត់ធ្ងន់ថា កិច្ចការរបស់អង្គការ និងបញ្ហានយោបាយមួយចំនួននៅតែពាក់ព័ន្ធជាមួយសេដ្ឋកិច្ច និងនយោបាយ។
«ខ្ញុំគ្រាន់តែចង្អុលបង្ហាញថា ក្រុមហ៊ុនមើលយ៉ាងដិតដល់បំផុតទៅលើរឿងទាំងនេះ នៅពេលដែលពួកគេសម្រេចចិត្តអំពីកន្លែងដែលពួកគេធ្វើការវិនិយោគ។ ក្រុមហ៊ុនចង់ដឹងថា ពួកគេនៅក្នុងកន្លែងដែលបើកចំហ និងមានស្ថិរភាព ដូច្នេះបញ្ហាដែលកំពុងកើតឡើងនៅទីនេះក៏អាចមានឥទ្ធិពលទៅលើការវិនិយោគផងដែរ។ វាអាចនឹងមិនមានការប៉ះពាល់ភ្លាមៗនោះទេ ប៉ុន្តែវាប្រាកដជាមានឥទ្ធិពលទៅលើការវិនិយោគ»។
លោកស្រីបាននិយាយថា ប្រទេសកម្ពុជាបានបង្ហាញពីសក្តានុពលសេដ្ឋកិច្ចដែលនឹងអាចក្លាយជាសមាជិកនៃភាពជាដៃគូពាណិជ្ជកម្មឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក ដែលជាផ្នែកមួយនៃគោលនយោបាយរបស់លោកប្រធានាធិបតីបារ៉ាក់ អូបាម៉ា នៅក្នុងតំបន់អាស៊ី។
លោកស្រីបានឲ្យដឹងថា ក្នុងគម្រោង TPP ជំហានដំបូង ស.រ.អា.នឹងចាប់ផ្តើមធ្វើការជាមួយបណ្តាលប្រទេស ដែលជាសមាជិកដំណាក់កាលដំបូង។ ប៉ុន្តែស.រ.អា.តែងតែគ្រោងទុកថា កិច្ចព្រមព្រៀង TPP នេះនឹងត្រូវពង្រីកបន្ថែម។ លោកស្រីបន្ថែមថា នៅពេលដែលប្រទេសដៃគូពាណិជ្ជកម្មទាំងនោះទទួលបានការយល់ព្រមទៅលើកិច្ចព្រមព្រៀង TPP បច្ចុប្បន្ន ហើយបានចាប់ផ្តើមដំណើរការហើយនោះ លោកស្រីក៏ចង់ឲ្យប្រទេសកម្ពុជាចូលរួមជាមួយ TPP ផងដែរ។
ទោះបីជាយ៉ាងនេះក៏ដោយ លោកស្រីបាននិយាយថា ដើម្បីចូលជាសមាជិកដៃគូពាណិជ្ជកម្មនេះ កម្ពុជាត្រូវបង្ហាញថា កម្ពុជាមានចំណាប់អារម្មណ៍ក្នុងការបើកទូលាយមួយដំណាក់កាលបន្ថែមទៀត ហើយអ្នកនឹងបន្តអនុវត្តតាមការតាំងចិត្តនេះ។
លោកស្រីបានបន្តថា៖
«យើងសប្បាយចិត្តនឹងធ្វើការជាមួយកម្ពុជា និងពន្យល់អំពីកិច្ចព្រមព្រៀងរបស់ TPP។ មូលហេតុមួយដែលធ្វើឲ្យយើងចាប់អារម្មណ៍ខ្លាំង ហើយចង់ឲ្យមានសន្ធិសញ្ញាដៃគូពាណិជ្ជកម្មជាមួយកម្ពុជានោះ គឺដោយសារតែកិច្ចព្រមព្រៀងទ្វេភាគីរវាងសហរដ្ឋអាមេរិក និងកម្ពុជា ស្ទើរតែដូចគ្នាជាមួយកិច្ចព្រមព្រៀងពាណិជ្ជកម្ម TPP។ ដូច្នេះបញ្ហាមួយចំនួនត្រូវបានដោះស្រាយរួចទៅហើយ ហើយប្រទេសកម្ពុជាមានគោលនយោបាយពាណិជ្ជកម្មបើកចំហ»។
លោកស្រីមានប្រសាសន៍ថា សហរដ្ឋអាមេរិកមានគោលបំណងចង់ជួយប្រទេសកម្ពុជាឲ្យចូលជាសមាជិកកិច្ចព្រមព្រៀង TPP នេះ។ លោកស្រីបានបន្ថែមថា លោកស្រីរីករាយ ហើយអាចចាប់ផ្តើមពិភាក្សាអំពីភាពជាដៃគូពាណិជ្ជកម្មឆ្លងមហាសមុទ្រប៉ាស៊ីហ្វិកនេះ នៅពេលណាដែលប្រទេសកម្ពុជាបានត្រៀមខ្លួនរួចរាល់ហើយនោះ។
នៅខណៈពេលដែលលោកស្រី Catherine Novelli មកធ្វើទស្សនកិច្ចនៅកម្ពុជា លោកស្រីក៏បានទៅមើលតំបន់ព្រៃឈើដែលនៅសេសសល់ និងតំបន់ព្រៃឈើដែលរងការកាប់បំផ្លាញផងដែរ។
លោកស្រីនិយាយថា៖ «វាច្បាស់ណាស់ចំពោះខ្ញុំដែលថា ការកាប់បំផ្លាញព្រៃឈើគឺជាបញ្ហា»។
លោកស្រីមានការភ្ញាក់ផ្អើលចំពោះការតាំងចិត្តរបស់លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ក្នុងការទប់ស្កាត់ការបំផ្លាញព្រៃឈើ។
លោកស្រី Catherine Novelli បានចូលរួមក្នុងការពិភាក្សាមួយហៅថា «Unlocking Cambodia's Creative Economy» កាលពីថ្ងៃសុក្រសប្តាហ៍មុន នៅសណ្ឋាគារកាំបូឌីយ៉ាណា។ ថ្នាក់ដឹកនាំនៃក្រុមហ៊ុនបច្ចេកវិទ្យាដែលមានមូលដ្ឋាននៅប្រទេសកម្ពុជាក៏បានចូលរួមក្នុងកិច្ចពិភាក្សានេះដែរ។ សហគ្រិនទាំងនោះបាននិយាយថា ការកែលម្អប្រព័ន្ធអប់រំ គឺជាគន្លឹះក្នុងការអភិវឌ្ឍធនធានមនុស្សនៅប្រទេសកម្ពុជា ដើម្បីធ្វើការនៅក្នុងឧស្សាហកម្មឌីជីថល និងអ៊ីនធឺណែត ដែលជាឧស្សាហកម្មថ្មីនៅក្នុងប្រទេសនេះ។
ទោះបីជាប្រទេសកម្ពុជាមានការជឿនលឿននៅក្នុងផ្នែកសេដ្ឋកិច្ចក្តី លោក Steven Path ប្រធានសហព័ន្ធនៃកម្ពុជា Cambodia ICT Federation បានថ្លែងថា កង្វះការបណ្តុះបណ្តាលបុគ្គលិក គឺជារនាំងធំសម្រាប់ការវិនិយោគនៅក្នុងប្រទេសនេះ។
លោក Len Tan នាយកប្រតិបត្តិក្រុមហ៊ុនអេឡិចត្រូនិក ICE មានការយល់ឃើញដូចគ្នាទៅលើបញ្ហានេះ។
លោកបានថ្លែងថា ការអភិវឌ្ឍធនធានមនុស្សគឺមានសារៈសំខាន់ខ្លាំងណាស់។«ប្រសិនបើយើងមានស្ថាប័នអប់រំដែលធ្វើការផ្តោតទៅលើការបណ្តុះបណ្តាលធនធានមនុស្ស នោះខ្ញុំគិតថា វានឹងជួយឱ្យសេដ្ឋកិច្ចរបស់ប្រទេសនេះរីកចម្រើនយ៉ាងខ្លាំង»។
ក្រុមសហគ្រិន និងអ្នកជំនាញនិយាយថា ការអភិវឌ្ឍធនធានមនុស្សគឺជាចលករដ៏សំខាន់សម្រាប់ជំរុញសេដ្ឋកិច្ចកម្ពុជាក្នុងសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន៕