សហគ្រិនជាស្រ្តីខ្មែរម្នាក់គឺ អ្នកស្រី គីមស្រ៊ុន អេលីដា ត្រូវបានជ្រើសរើសឲ្យចូលរួមក្នុងកិច្ចប្រជុំកំពូលសហគ្រិនភាពពិភពលោកឆ្នាំ២០១៦ ឬ Global Entrepreneurship Summit ដែលនឹងធ្វើឡើងនៅសាកលវិទ្យាល័យ Standford រដ្ឋកាលីហ្វញ៉ា នៅសប្តាហ៍ក្រោយនេះ។
លោកប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា នឹងផ្តល់កិត្តិយសបើកកិច្ចប្រជុំកំពូលនៅក្នុងឆ្នាំនេះ ដោយមានការចូលរួមពីសំណាក់សហគ្រិន ជាង៧០០នាក់ មកពីប្រទេសជាង១៧០ប្រទេស ហើយកិច្ចប្រជុំនេះត្រូវបានផ្ដួចផ្ដើមឡើងដោយលោក អូបាម៉ា ផ្ទាល់កាលពីឆ្នាំ២០១០។
កិច្ចប្រជុំកំពូលនេះនឹងធ្វើជាវេទិកាសម្រាប់ឲ្យសហគ្រិន និងនាយកក្រុមហ៊ុនធំៗនៅ Silicon Valley ចែករំលែកបទពិសោធន៍ និងគំនិតរបស់ពួកគេជាមួយអ្នកដែលចង់ក្លាយជាសហគ្រិន ក៏ដូចជាសហគ្រិនជំនាន់ថ្មីដែលធ្វើដំណើរមកពីជុំវិញពិភពលោក។
ឆ្លងតាមការជ្រើសរើសរបស់ស្ថានទូតសហរដ្ឋអាមេរិក អ្នកស្រីអេលីដា គឺជាអ្នកចូលរួមពីប្រទេសកម្ពុជាតែម្នាក់គត់ដែលនឹងធ្វើដំណើរទៅចូលរួមកិច្ចប្រជុំកំពូលនៅក្នុងឆ្នាំនេះ។ សព្វថ្ងៃនេះ សហគ្រិនវ័យ៣៧ឆ្នាំរូបនេះ គឺជាអ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន Camcona Trading Cambodia។
ក្នុងកិច្ចសម្ភាសន៍តាមទូរស័ព្ទមួយ អ្នកស្រីបានថ្លែងប្រាប់ VOA ថា៖ «ខ្ញុំសង្ឃឹមថានឹងទទួលបានបទពិសោធន៍ គំនិតច្នៃប្រឌិតថ្មីៗពីក្រុមហ៊ុនផ្សេងៗដែលនាងខ្ញុំនឹងបានជួប (នៅឯកិច្ចប្រជុំ)»។
អ្នកស្រីក៏សង្ឃឹមផងដែរថា នឹងអាចរកបានដៃគូនានាសម្រាប់កិច្ចសហការអាជីវកម្មនាពេលអនាគត។
អ្នកស្រី អេលីដា ក៏បានបន្ថែមទៀតថា៖ «សហគ្រិនភាពចូលរួមចំណែក និងមានតួនាទីយ៉ាងសំខាន់ក្នុងសេដ្ឋកិច្ចជាតិតាមរយៈការបង្កើតឲ្យមានការងារផ្សេងៗ»។
អ្នកស្រី អេលីដា ថ្លែងបន្តទៀតថា ក្នុងអំឡុងពេលពីរបីឆ្នាំចុងក្រោយនេះ «ឃើញមានការវិវត្តច្រើន ជាពិសេសយើងឃើញមានសហគ្រិនវ័យក្មេងជាច្រើន គាត់បានកកើតឡើងយ៉ាងច្រើន។ ហើយអ្នកខ្លះក៏គាត់ចងជាសមាគមជាដើម។ ... យើងឃើញថានៅក្នុងប្រទេសកម្ពុជាឥឡូវ ដូចមានការរីកលូតលាស់នៃអាជីវកម្មជាច្រើនដូចជាការរីកលូតលាស់នៃវិស័យទាក់ទងជាមួយនឹងចំណីអាហារ ឃើញមានហាង មានអាជីវកម្មដូចជាគ្រឿងសំណង់មានម៉ាកល្បីៗ»។
អ្នកស្រី អេលីដា ក៏មានគម្រោងចែករំលែកអ្វីដែលអ្នកស្រីបានរៀនពីកិច្ចប្រជុំនេះ ជាមួយនឹងក្រុមយុវជនក្មេងៗដែលចង់ក្លាយជាសហគ្រិននៅពេលដែលអ្នកស្រីត្រឡប់ទៅប្រទេសកម្ពុជាវិញផងដែរ។
«នៅខាងស្ថានទូតសហរដ្ឋអាមេរិក គាត់មានទំនាក់ទំនងជាមួយនឹងសមាគមវ័យក្មេងសហគ្រិនអាស៊ានហ្នឹង ហើយពេលនាងខ្ញុំត្រឡប់មកវិញ នាងខ្ញុំនឹងពាំយកនូវបទពិសោធន៍ដែលនាងខ្ញុំទទួលបានដើម្បីចែករំលែកដល់ពួកគាត់»។