ក្រុមមន្ត្រីកំពូលៗមកពីរដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកដូណាល់ ត្រាំ នឹងថ្លែងប្រាប់សមាជិកសភានៅថ្ងៃអង្គារនេះអំពីការគំរាមកំហែងដែលពួកគេប្រឈមបានអះអាងថា បណ្តាលមកពីប្រទេសអ៊ីរ៉ង់ នៅពេលដែលប្រធានាធិបតីត្រាំ និងមន្ត្រីសំខាន់ម្នាក់របស់អ៊ីរ៉ង់និយាយឡកឡឺយគ្នាទៅវិញទៅមក។
រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកលោក Mike Pompeo រដ្ឋមន្ត្រីក្រសួងការពារប្រទេសស្តីទីលោក Patrick Shanahan ប្រធានអគ្គសេនាធិការរួមលោកឧត្តមសេនីយ៍ Joseph Dunford និងមន្ត្រីសហគមន៍ស៊ើបការណ៍សម្ងាត់ម្នាក់ដែលមិនប្រាប់ឈ្មោះ កំពុងរៀបចំផែនការនិយាយជាមួយសមាជិកសភាបន្ទាប់ពីការមន្ទិលសង្ស័យអស់រយៈពេលប៉ុន្មានថ្ងៃរបស់ក្រុមមន្ត្រីអាមេរិកថា អ៊ីរ៉ង់ជាអ្នកទទួលខុសត្រូវចំពោះការវាយប្រហារកាលពីសប្តាហ៍មុនទៅលើស្ថានីយបូមប្រេង២កន្លែងរបស់អារ៉ាប៊ី សាអូឌីត ហើយនិងការបំផ្លាញកប៉ាល់ដឹកប្រេងបួនគ្រឿងកាលពីពេលមុន។
សមាជិកសភាដ៏សំខាន់ម្នាក់គឺសមាជិកព្រឹទ្ធសភា Linsey Graham បាននិយាយកាលពីថ្ងៃចន្ទបន្ទាប់ពីលោកបានទទួលការថ្លែងត្រួសប្រាប់ៗដោយលោក John Bolton ទីប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិកថា «វាជាការបញ្ជាក់យ៉ាងច្បាស់ថា កាលពីប៉ុន្មានសប្តាហ៍កន្លងមកនេះ អ៊ីរ៉ង់បានវាយប្រហារបំពង់បង្ហូរប្រេង និងកប៉ាល់របស់ប្រទេសផ្សេង ហើយបានគំរាមកំហែងប្រឆាំងនឹងផលប្រយោជន៍អាមេរិកនៅក្នុងប្រទេសអ៊ីរ៉ាក់»។
ប្រធានាធិបតីត្រាំ បានបញ្ជូនសារតាម Twitter កាលពីថ្ងៃអាទិត្យថា «ប្រសិនបើអ៊ីរ៉ង់ចង់ប្រយុទ្ធ ការណ៍នេះនឹងបញ្ចប់អ៊ីរ៉ង់ជាផ្លូវការ។ កុំធ្វើការគំរាមកំហែងសហរដ្ឋអាមេរិកម្តងទៀត»៕