លោក John Bolton ទីប្រឹក្សាសន្តិសុខជាតិអាមេរិក បាននិយាយកាលពីថ្ងៃអាទិត្យថាលោកជឿជាក់ថា កម្មវិធីអាវុធនុយក្លេអ៊ែរ អាវុធគីមី និងអាវុធជីវសាស្ត្រភាគច្រើនរបស់កូរ៉េខាងជើងអាចត្រូវគេរុះរើក្នុងរយៈពេលមួយឆ្នាំ។ លោក Bolton បានប្រាប់បណ្តាញទូរទស្សន៍ CBS ថា «ប្រសិនបើរដ្ឋាភិបាលក្រុងព្យុងយ៉ាងបានសម្រេចចិត្តជាយុទ្ធសាស្ត្ររួចហើយដើម្បីបញ្ចប់កម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួនហើយពួកគេសហការនោះ យើងអាចធ្វើបានចប់យ៉ាងឆាប់រហ័ស។ តាមលក្ខណៈជាក់ស្តែង យើងនឹងអាចរំសាយកម្មវិធីអាវុធនុយក្លេអ៊ែរដ៏ច្រើនលើសលប់របស់កូរ៉េខាងជើងក្នុងពេលមួយឆ្នាំ» ។
ប៉ុន្តែលោក Bolton បានបដិសេធមិនធ្វើអត្ថាធិប្បាយលើសេចក្តីរាយការណ៍របស់កាសែតវ៉ាស៊ីនតោនប៉ុស្តិ៍ដែលថា កូរ៉េខាងជើងកំពុងព្យាយាមលាក់បាំងកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន សូម្បីបន្ទាប់ពីមេដឹកនាំកូរ៉េខាងជើងលោកគីម ជុងអ៊ុនបានយល់ព្រមនៅឯកិច្ចប្រជុំកំពូលនៅប្រទេសសិង្ហបុរីកាលពីខែមុនជាមួយលោក Donald Trump ប្រធានាធិបតីសហរដ្ឋអាមេរិក ដើម្បី «ធ្វើការឆ្ពោះទៅរកការលុបបំបាត់នុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េក៏ដោយ»។
មិនមានព័ត៌មានលម្អិតនៃកិច្ចព្រមព្រៀងនៅសិង្ហបុរីដែលលោក គីមជុងអ៊ុន និងលោក Trump បានចុះហត្ថលេខាអំពីវិធីនិងពេលវេលា ដែលរដ្ឋាភិបាលក្រុងព្យុងយ៉ាងអាចបញ្ចប់កម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួននោះទេ។ លោក Bolton បាននិយាយថា លោក Mike Pompeo រដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិកនឹងចាប់ផ្តើមកិច្ចពិភាក្សាជាមួយមន្ត្រីកូរ៉េខាងជើងនាពេលឆាប់ៗនេះស្តីពីការរំសាយអាវុធនុយក្លេអ៊ែរ។
លោក Bolton បានសម្តែងសុទិដ្ឋិនិយមថា លោក គីម ជុងអ៊ុននឹងគោរពតាមការសន្យារបស់លោកក្នុងការរំសាយអាវុធនុយក្លេអ៊ែរ៕