នាវាចម្បាំងបំពាក់ដោយគ្រាប់មីស៊ីលរបស់អាមេរិក បានធ្វើនាវាចរក្នុងរង្វង់ដែនទឹកចម្ងាយ២២គីឡូម៉ែត្រ (១២ណូទីកាល់ម៉ៃ) នៃថ្មប៉ប្រះទឹក ស្ថិតក្នុងតំបន់ប្រជុំកោះស៊្ព្រែតលី (Spratly) ដែលមានជម្លោះ។ ការធ្វើនាវាចរនេះ គឺជាអ្វីដែលគេមើលឃើញថាជា ការតទល់ដ៏ធំបំផុតដែលមិនធ្លាប់មាន ប្រឆាំងទៅនឹងការកំណត់ព្រំដែនទឹកដី ដែលប្រទេសចិនទាមទារនៅជុំវិញកោះដែលប្រទេសនេះ បានបង្កើតឡើង។
នាវាឈ្មោះ USS Lassen ដែលតាមរបាយការណ៍ថា ត្រូវបានអមដោយយន្តហោះស៊ើបការណ៍ P-8A របស់កងទ័ពជើងទឹកអាមេរិក និងប្រហែលជាអមដោយយន្តហោះស៊ើបការណ៍P-3ផងដែរនោះ បានធ្វើដំណើរឆ្ពោះទៅតំបន់ថ្មប៉ប្រះទឹក សូប៊ី (Subi) ដែលប្រទេសចិនកាន់កាប់ និងទាមទារដោយ តៃវ៉ាន់ វៀតណាម និងហ្វីលីពីនផងដែរ។
នាវាចម្បាំង ឡាសែន (Lassen) ដែលចតនៅមូលដ្ឋានកងទ័ពជើងទឹក យូកុស៊ូកា (Yokosuka) ក្នុងប្រទេសជប៉ុន ត្រូវបានគេតាមឃ្លាំមើល និងព្រមាន បន្ទាប់ពីនាវានោះ «បានចូលក្នុងដែនទឹករបស់ចិនដោយខុសច្បាប់»។ នេះបើយោងតាមក្រសួងការបរទេសចិន នៅក្នុងទីក្រុងប៉េកាំង។
បទវិចារណកថាមួយដែលទីភ្នាក់ងារសារព័ត៌មានស៊ីនហ៊ួ (Xinhua) ផ្លូវការរបស់ចិនបានចុះផ្សាយ និយាយថា ទីក្រុងប៉េកាំង មិនបានទាមទារបូរណភាពទឹកដីលើស នៅក្នុងសមុទ្រចិនខាងត្បូងទេ។ ការដែលខ្លួនមានសិទ្ធិកាន់កាប់តំបន់កោះនិងថ្មប៉ប្រះទឹកក្នុងសមុទ្រចិនខាងត្បូងនោះ ត្រូវបានកត់ត្រាយ៉ាងច្បាស់លាស់និងមានសុពលភាពនៅក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន។ មន្ត្រីអាមេរិកទាំងឡាយណាដែលជំទាស់ទៅនឹងសិទ្ធិនេះ ចាំបាច់ត្រូវបង្កើតមេរៀនប្រវត្តិសាស្ត្រដែលបានបាត់បង់នេះ ឬមួយធ្វើជាមិនដឹងអំពីការពិតជាប្រវត្តិសាស្ត្រនេះ។
យ៉ាងណាក៏ដោយ បេសកកម្មរបស់នាវាអាមេរិកកាលពីថ្ងៃអង្គារ បានបញ្ចប់ដោយគ្មានឧបទ្ទវហេតុណាមួយឡើយ។ នេះបើយោងតាមមន្ត្រីយោធាអាមេរិកម្នាក់៕