ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Kerry អំពាវនាវ​ឲ្យ​ចិន​បញ្ឈប់​ការ​សាងសង់​ទាំងឡាយ​ណា​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង


លោក​រដ្ឋ​មន្រ្តី​ការបរទេស​សហរដ្ឋ​អាមេរិក John Kerry ចូលរួម​កិច្ច​ប្រជុំ​ថ្នាក់​រដ្ឋ​មន្រ្តី​នៅ​ឯ​កិច្ចប្រជុំ​កំពូល​អាស៊ី​បូព៌ា​ នៅ​ក្នុង​ទីក្រុង​គូឡាឡាំពួ​ ប្រទេស​ម៉ាឡេស៊ី កាលពី​ថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៥។
លោក​រដ្ឋ​មន្រ្តី​ការបរទេស​សហរដ្ឋ​អាមេរិក John Kerry ចូលរួម​កិច្ច​ប្រជុំ​ថ្នាក់​រដ្ឋ​មន្រ្តី​នៅ​ឯ​កិច្ចប្រជុំ​កំពូល​អាស៊ី​បូព៌ា​ នៅ​ក្នុង​ទីក្រុង​គូឡាឡាំពួ​ ប្រទេស​ម៉ាឡេស៊ី កាលពី​ថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៥។

លោក​រដ្ឋ​មន្រ្តី​ការបរទេស​សហរដ្ឋ​អាមេរិក John Kerry ​បាន​អំពាវនាវ​ដោយ​ផ្ទាល់​ដល់​ប្រទេស​ចិន​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ឲ្យ​បញ្ឈប់​ការ​សាងសង់​កោះ​សិប្បនិមិត្ត​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង ​ហើយ​និង​បញ្ឈប់​ការ​សាងសង់​នៅ​លើ​ទឹក​ដី​មាន​ជម្លោះ។

ក្នុង​អំឡុង​ពេល​នៃ​វេទិកា​ប្រចាំ​តំបន់​របស់​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ (ASEAN) ​ក្នុង​ប្រទេស​ម៉ាឡេស៊ី​នៅ​សប្តាហ៍​នេះ ​ជា​ថ្មី​ម្តង​ទៀត ​ក្រុម​អ្នក​ការទូត​បាន​ខិតខំ​ធ្វើ​ឲ្យ​ចេញ​នូវ​កិច្ច​ព្រម​ព្រៀង​ដែល​ជា​សេចក្តី​ថ្លែងការណ៍​រួម​គ្នា​មួយ​ស្តី​ពី​ជម្លោះ​ទឹក​ដី។ ​លោក​រដ្ឋ​មន្រ្តី​ការបរទេស​សហរដ្ឋ​អាមេរិក​ Kerry ​បាន​ហៅ​កិច្ច​ព្រមព្រៀង​នោះ​ថា ​ជា​ការ​សំខាន់​ដើម្បី​រក្សា​សេរីភាព​នៃ​ការ​ធ្វើ​នាវាចរណ៍​ ហើយ​និង​ការ​ហោះ​ហើរ​ឆ្លង​កាត់​តំបន់​នោះ។

លោក​រដ្ឋ​មន្រ្តី​ការបរទេស​សហរដ្ឋ​អាមេរិក​បាន​មាន​ប្រសាសន៍​ថា «ថ្វីបើ​មាន​ការ​ធានា​អះអាង​ថា សេរីភាព​ទាំង​នោះ​នឹង​ត្រូវ​គោរព​ក៏​ដោយ យើង​បាន​ឃើញ​មាន​ការ​ព្រមាន ​និង​ការ​ប៉ុនប៉ងរិតត្បិត​ក្នុង​រយៈ​ពេល​ប៉ុន្មានខែ​ថ្មីៗ​នេះ។ ខ្ញុំ​សូម​បញ្ជាក់​ឲ្យ​ច្បាស់​ថា ​សហរដ្ឋ​អាមេរិក​នឹង​មិន​សុខ​ចិត្ត​ទទួល​យក​ការ​រិតត្បិត​សេរីភាព​នៃ​ការ​ធ្វើ​នាវាចរណ៍​ ហើយ​និង​ការហោះ​ហើរ​ពេល​យប់​ទេ ​ឬ​ក៏​ការ​ប្រើ​ប្រាស់សមុទ្រ​តាម​ផ្លូវ​ច្បាប់​ផ្សេង​ទៀត។

លោក​រដ្ឋ​មន្រ្តី​ការបរទេស​សហរដ្ឋ​អាមេរិក​ Kerry ​បាន​ជំរុញ​ឲ្យ​ប្រទេស​នានា​ធ្វើ​ការ​តាំង​ចិត្ត​បញ្ឈប់​ការ​សាងសង់​ ហើយ​និង​ប្រើប្រាស់​ជា​មូលដ្ឋាន​យោធា​នៅ​ក្នុង​តំបន់​ដើម្បី​កាត់​បន្ថយ​ភាព​តាន​តឹង​នោះ។

ប្រទេស​ចិន វៀតណាម ម៉ាឡេស៊ី កោះ​តៃវ៉ាន់​ និង​ប្រទេស​ហ្វីលីពីន​បាន​ទាមទារ​តំបន់​ត្រួត​ស៊ី​គ្នា​នៅ​ក្នុង​សមុទ្រ​ដាច់​ស្រយាល​ដែល​ជា​ផ្លូវ​នាវាចរណ៍​ ហើយ​និង​ជា​កន្លែង​នេសាទ​ដ៏​សំខាន់៕

XS
SM
MD
LG