មេបញ្ជាការនៃកងនាវាទី ៧ មិនទាន់បានបញ្ជាក់អំពីចំនួនសាកសព ដែលបានរកឃើញពីនាវាពិឃាដ USS Fitzgerald របស់សហរដ្ឋអាមេរិក ដែលបានបុកជាមួយនឹងនាវា ACX Crystal ដែលជានាវាជំនួញដ៏ធំមួយរបស់ប្រទេសហ្វីលីពីន នៅក្នុងដែនទឹករបស់ប្រទេសជប៉ុន។
លោកឧត្ដមនាវីទោ Joseph P. Aucoin នៅថ្ងៃអាទិត្យនេះ បាននិយាយថា សាកសពជាច្រើនត្រូវបានរកឃើញ ហើយឥឡូវនេះ ទាហានជើងទឹកកំពុងទាក់ទងសាច់ញាតិរបស់សាកសពទាំងនោះ។
លោកបានបញ្ជាក់យ៉ាងដូច្នេះថា៖ «ដើម្បីកុំឲ្យប៉ះពាល់ដល់ក្រុមគ្រួសាររបស់ជនរងគ្រោះ និងដំណើរការផ្ដល់ព័ត៌មានដល់អ្នកទាំងនោះ ខ្ញុំនឹងមិនបញ្ជាក់ថា សាកសពចំនួនប៉ុន្មាននាក់ដែលយើងបានរកឃើញនៅពេលនេះទេ»។
អ្នកជិះលើនាវានោះចំនួន ៧ នាក់ ត្រូវបានរាយការណ៍ថាបានស្លាប់ នៅក្នុងឧបទ្ទវហេតុបុកនាវា រវាងនាវា USS Fitzgerald ដែលមានប្រវែង ១៥៤ ម៉ែត្រ និងទម្ងន់ ៨ ពាន់ ៣១៥ តោន និងនាវា ACX Crystal ដែលមានប្រវែង ២២២ ម៉ែត្រ និងទម្ងន់ ២ ម៉ឺន ៩ ពាន់តោន កាលពីថ្ងៃសៅរ៍ម្សិលមិញ។
នាវា USS Fitzgerald បានត្រឡប់ទៅកាន់កំពង់ផែវិញនៅទីក្រុង Yokosuka ប្រទេសជប៉ុន កាលពីថ្ងៃសៅរ៍ម្សិលមិញ។
នាវា ACX Crystal បានធ្វើដំណើរទៅកាន់ទីក្រុងតូក្យូ កាលពីរសៀលថ្ងៃសៅរ៍ដោយមានការខូចខាតផ្នែកខាងក្បាលនាវាបន្តិចបន្តួច។ គ្មាននរណាម្នាក់ក្នុងចំណោមសមាជិកទាំង ២០ នាក់នៅលើនាវា ACX Crystal នេះត្រូវគេរាយការណ៍ថារងរបួសនោះទេ។
លោក Aucoin បាននិយាយថា នាវាជើងទឹកសហរដ្ឋអាមេរិក នឹងធ្វើការស៊ើបអង្កេតទៅលើហេតុការណ៍បុកនាវានេះ ដើម្បីផ្ដល់មូលហេតុដល់សាច់ញាតិជនរងគ្រោះ និងនាវាជើងទឹកសហរដ្ឋអាមេរិក ឲ្យដឹងអំពីអ្វីដែលបានកើតឡើង៕