ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

WHO សម្រេច​ផ្អាក​ការ​ប្រើ​​ថ្នាំ​គ្រុន​ចាញ់ hydroxychloroquine ក្នុង​ការ​​សាកល្បង​ព្យាបាល​​កូវីដ១៩


រូបឯកសារ៖ ប្រធាន​អង្គការ​សុខភាព​ពិភពលោក WHO លោក Tedros Adhanom Ghebreyesus ចូលរួមក្នុងកិច្ចប្រជុំជាវីដេអូមួយ នៅការិយាល័យរបស់អង្គការ WHO ក្នុងក្រុងហ្សឺណែវ ប្រទេសស្វីស។
រូបឯកសារ៖ ប្រធាន​អង្គការ​សុខភាព​ពិភពលោក WHO លោក Tedros Adhanom Ghebreyesus ចូលរួមក្នុងកិច្ចប្រជុំជាវីដេអូមួយ នៅការិយាល័យរបស់អង្គការ WHO ក្នុងក្រុងហ្សឺណែវ ប្រទេសស្វីស។

ប្រធាន​អង្គការ​សុខភាព​ពិភពលោក WHO ​បាន​និយាយ​កាល​ពី​ថ្ងៃ​ចន្ទ​ថា ស្ថាប័ន​អន្តរជាតិ​របស់​លោកបាន​សម្រេច​ផ្អាក​ការ​ប្រើប្រាស់​ថ្នាំ​គ្រុន​ចាញ់ hydroxychloroquine នៅ​ក្នុង​ការ​សាកល្បង​នានា ​ដើម្បី​រក​មើលវិធី​ព្យាបាល​មាន​ប្រសិទ្ធភាព​ប្រឆាំង​នឹង​វីរុស​កូរ៉ូណា ខណៈ​ដែល​អ្នក​ជំនាញ​កំពុង​ពិនិត្យ​សុវត្ថិភាព​នៃ​ថ្នាំ​នេះ។​

លោក Tedros Adhanom Ghebreyesus បាន​យោងលើ​ការ​សិក្សា​មួយ​ដែល​ត្រូវ​បាន​បោះពុម្ព​នៅ​ក្នុង​ទស្សាវដ្តី​សុខាភិបាល​ឈ្មោះ Lancet ដែលរក​ឃើញ​ថា អ្នក​ជំងឺ​កូវីដ​១៩​ដែល​បាន​ប្រើ​ថ្នាំ hydroxychloroquine នេះមាន​អត្រា​នៃ​ការ​ស្លាប់​ខ្ពស់​ជាង​អ្នក​មិន​ប្រើ​ថ្នាំ​នេះ។ លោក Tedros សង្កត់​ធ្ងន់​ថា ថ្នាំ​នេះ​ជា​ទូទៅ​មាន​សុវត្ថិភាព​ចំពោះ​អ្នក​ជំងឺ​គ្រុនចាញ់​ឬ​ជំងឺ​ស្វ័យ​ស៊ាំ។​

ប្រធាន​ផ្នែក​សង្គ្រោះ​បន្ទាន់​នៃអង្គការ WHO លោក Michael Ryan ថ្លែង​ថា ក្នុង​ការ​ព្យាបាល​សាកល្បង​ប្រើ​ថ្នាំ​គ្រុនចាញ់​នេះ​សម្រាប់​អ្នក​ជំងឺ​កូវីដ១៩​កន្លង​មក​របស់​ WHO មិន​មាន​បញ្ហា​ទេ ប៉ុន្តែ​ការ​សម្រេច​ផ្អាក​នេះ​ធ្វើ​ឡើង​ដើម្បីជា​ការ​ប្រុងប្រយ័ត្ន​ខ្ពស់។​

កន្លង​មក ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump បាន​សរសើរ​ថ្នាំ​គ្រុន​ចាញ់ hydroxychloroquine នេះ​ថា ​អាច​ព្យាបាល​ជំងឺ​កូវីដ១៩​ដ៏​មាន​ប្រសិទ្ធភាព​ ហើយ​ថែម​ទាំង​អះអាង​ថា​លោក​បាន​លេប​ថ្នាំ​នេះ​ទៀត ថ្វី​បើ​លោក​មិន​មាន​ធ្វើ​តេស្ត​វិជ្ជមាន​ឃើញ​វីរុស​កុរ៉ុណា​នោះ​ទេ។

នៅ​ជុំវិញ​ពិភពលោកប្រទេសជា​ច្រើន​ចាប់​ផ្តើម​បន្ត​បន្ធូរបន្ថយ​វិធានការ​រឹតត្បិតសកម្មភាព​សង្គម។​

ប្រទេស​អារ៉ាប៊ី​សាអ៊ូឌីត​ដែល​មាន​ករណី​ឆ្លង​កូវីដ១៩​ជាង​៧៦.០០០​ករណី​ បាន​និយាយ​កាល​ពី​ថ្ងៃ​អង្គារ​ថា នៅ​ក្នុង​ថ្ងៃ​អាទិត្យ​ទី​៣១ ខែ​ឧសភា ខាង​មុខ ខ្លួន​នឹងចាប់​ផ្តើម​បន្ធូរ​បន្ថយវិធានការ​រឹតត្បិត​ជា​បណ្តើរៗ​ដូច​ជា​ អនុញ្ញាត​ឲ្យ​ធ្វើ​ដំណើរ​ក្នុង​ស្រុក​វិញ​បាន ទៅ​ព្រះវិហារ​ឥស្លាម និង​បើក​ភោជនីយដ្ឋាន​និង​ហាង​កាហ្វេ​វិញ។ ហើយ​វិធានការ​រឹតត្បិត​ទាំង​អស់​នឹង​ត្រូវ​បញ្ចប់​នៅ​ថ្ងៃ​ទី​២១ ខែ​មិថុនា​ខាង​មុខ។

ប៉ុន្តែ​នៅ​ប្រទេស​ឥណ្ឌូណេស៊ីវិញ ក្រុម​ទាហាន​និង​ប៉ូលិស​ចាប់​ផ្តើម​ពង្រឹង​វិធាន​តម្រូវ​ឲ្យ​ពាក់​ម៉ាស់​និង​រក្សា​គម្លាត​ពី​គ្នា​ក្នុង​សង្គម។ ឥណ្ឌូណេស៊ី​បាន​រាយការណ៍​ថា ត្រឹម​ថ្ងៃ​អង្គារ ខ្លួន​មានអ្នក​ឆ្លង​កូវីដ១៩​ចំនួនជាង​២៣.០០០​នាក់​និង​អ្នក​ស្លាប់​១.៤១៨​នាក់។

​នៅ​ប្រទេស​អង់គ្លេស​វិញ នាយករដ្ឋមន្ត្រី Boris Johnson បាន​ប្រកាស​ពី​គម្រោង​បើក​ផ្សារ​លក់​ទំនិញ​ឡើង​វិញនៅ​ថ្ងៃទី​១​ខែ​មិថុនា និង​អនុញ្ញា​តឲ្យ​ហាង​ទាំង​អស់​អាច​បើក​ទ្វារ​វិញ​នៅ​ថ្ងៃ​ទី​១៥ ខែ​មិថុនា ប៉ុន្តែ​លោក​ថា ចាំ​បាច់​ត្រូវ​រក្សា​វិធានការ​ខ្លះ​ដើម្បី​បង្ការ​ការ​ផ្ទុះ​រាតត្បាត​ជា​ថ្មី​នៃ​វីរុស​កូរ៉ូណា៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG