ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បញ្ហា​សុខ​ភាព​ផ្លូវ​ចិត្ត​ដោយ​សារ​ជំងឺ​កូវីដ១៩​នឹង​មាន​ត​ទៅ​ទៀត​នៅ​ក្រោយ​ការ​រាតត្បាត​នៃ​ជំងឺ​នេះ


នៅ​ក្នុង​ប្រទេស​ប៉ាណាម៉ា អ្នក​ជំងឺ​ដែល​មាន​ជំងឺ​កូវីដ១៩ ស្ថិត​នៅ​ក្នុង​បន្ទប់​សង្គ្រោះ​បន្ទាន់​នៃ​មន្ទីរពេទ្យ Paitilla កាលពី​ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២០។
នៅ​ក្នុង​ប្រទេស​ប៉ាណាម៉ា អ្នក​ជំងឺ​ដែល​មាន​ជំងឺ​កូវីដ១៩ ស្ថិត​នៅ​ក្នុង​បន្ទប់​សង្គ្រោះ​បន្ទាន់​នៃ​មន្ទីរពេទ្យ Paitilla កាលពី​ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២០។

ការ​សិក្សា​ស្រាវ​ជ្រាវ​បង្ហាញ​ថា​ បញ្ហា​សុខ​ភាព​ផ្លូវ​ចិត្ត​ដោយ​សារ​ជំងឺ​កូវីដ១៩​នឹង​មាន​ត​ទៅ​ទៀត​នៅ​ក្រោយ​ការ​រាតត្បាត​នៃ​ជំងឺ​នេះ។

ផល​ប៉ះពាល់​នៃ​ជំងឺ​កូវីដ១៩​លើ​សុខ​ភាព​ផ្លូវ​ចិត្ត​អាច​មាន​ត​ទៅ​ទៀត​នៅ​ក្រោយ​ការ​រាតត្បាត​ជា​សាកល​នៃ​ជំងឺ​នេះ។​

ការ​សិក្សា​ស្រាវជ្រាវ​ថ្មី​មួយ​បង្ហាញ​ថា​ ​អ្នក​ជំងឺ​ខ្លះ​ដែល​បាន​ទទួល​ទាន​ដំណេក​ក្នុង​មន្ទីរ​ពេទ្យ​ដើម្បី​ព្យាបាល​ជំងឺ​កូវីដ១៩​ទំនង​ជា​នឹង​មាន​ជំងឺ​អារម្ភណ៍​ ការ​ធ្លាក់​ទឹក​ចិត្ត​និង​បញ្ហា​បាក់ស្បាត​ post-traumatic disorder​ ហៅ​កាត់​ថា​ PTSD​ ជា​ច្រើន​ខែ ​ឬ​ច្រើន​ឆ្នាំ​នៅ​ក្រោយ​ចាក​ចេញ​ពី​មន្ទីរពេទ្យ។​

ហានិភ័យ​ក៏​អាច​មាន​ច្រើន​សម្រាប់​សាធារណជន​ទូទៅ​ដែរ។​ ពួក​អ្នក​ជំនាញ​ព្រមាន​ថា​ ​ការ​បាត់បង់​ការងារ​ ការ​ផ្សព្វផ្សាយ​ច្រើន​ពេក​តាម​បណ្តាញ​ព័ត៌មាន ​និង​ការ​នៅ​ឃ្លាត​ពី​គ្នា​ខាង​សង្គម​អាច​បណ្តាល​ឱ្យ​មាន​កំណើន​បញ្ហា​សុខភាព​ផ្លូវ​ចិត្ត​ដែរ។​

ការ​សិក្សា​ស្រាវជ្រាវ​ថ្មី​មួយ​បោះពុម្ព​ផ្សាយ​ក្នុង​ទស្សនាវដ្តី ​The Lancet Psychiatry ​ឲ្យ​ដឹង​ថា ​អ្នក​ជំងឺ​ប្រមាណ​១៥%​ដែល​បាន​ចូល​ដេក​ក្នុង​មន្ទីរ​ពេទ្យ​ដើម្បី​ព្យាបាល​ជំងឺ ​SARS​ ឬ​ជំងឺ ​MERS ដែល​ជា​ប្រភេទ​វីរុស​កូរ៉ូណា​មាន​ការ​ទាក់ទង​ជិត​ស្និទ្ធ​ជា​មួយ​វីរុស​ដែល​នាំ​ឱ្យ​មាន​ជំងឺ​កូវីដ១៩​នោះ​ មាន​បញ្ហា​ធ្លាក់​ទឹក​ចិត្ត​ ឬ​ជំងឺ​អារម្មណ៍​រហូត​ដល់បី​ឆ្នាំ​នៅ​ក្រោយ​ពួក​គេ​បាន​ចេញ​ពី​មន្ទីរ​ពេទ្យ។​

លោក J​onathan Rogers​ ជា​អ្នក​ស្រាវជ្រាវ​ខាង​ជំងឺ​ផ្លូវ​ចិត្ត​នៅ​ឯ​សាកល​វិទ្យាល័យ​ University College​ ក្រុង​ឡុងដ៍ ​និង​ជា​សហ​អ្នក​និពន្ធ​នៃ​ការ​សិក្សា​ស្រាវជ្រាវ​នេះ។​ លោក​បាន​និយាយ​ថា៖​«ដំណឹង​ល្អ​គឺ​ថា​ មនុស្ស​ភាគ​ច្រើន​គ្មាន​ជំងឺ​វិកលចរិត​ទេ ​ ទោះណា​ជា​បាន​ត្រូវ​បញ្ជូន​ទៅ​ផ្នែក​សង្គ្រោះ​បន្ទាន់​ក៏​ដោយ​ហើយ​មនុស្ស​ភាគ​ច្រើន​បាន​វិល​ត្រឡប់​ទៅ​ធ្វើការ​វិញ»។​

ក៏​ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ ​លោក​ Rogers ​និយាយ​ថា៖​ «ចំពោះ​ចំនួន​មនុស្ស​សរុប​ដែល​បាន​ចូល​ដេក​ក្នុង​មន្ទីរ​ពេទ្យ​ដើម្បី​ព្យាបាល​ជំងឺ​នៅ​ក្នុង​ផ្នែក​ជួយ​សង្គ្រោះ​បន្ទាន់​នោះ ​ ខ្ញុំ​យល់​ថា​មាន​អ្នក​ជំងឺ​ច្រើន​នាក់​មាន​ជំងឺ​បាក់ស្បាត ​PTSD​ នៅ​ពេល​បន្ទាប់​មក»។​

ការ​ធ្លាក់​ខ្លួន​ឈឺ​ត្រូវ​បញ្ជូន​ទៅ​ផ្នែក​សង្គ្រោះ​បន្ទាន់​ធ្វើ​ឲ្យ​អ្នក​ជំងឺ​ស្លុត​ចិត្ត​ស្រេច​ទៅ​ហើយ។​ ការ​សិក្សា​ស្រាវជ្រាវ​នេះ​បាន​រក​ឃើញ​ថា​ ​អ្នក​ជំងឺ​ជាង​ពាក់​កណ្តាល​ដែល​បាន​ទទួល​ការ​ព្យាបាល​នៅ​ក្នុង​ផ្នែក​សង្គ្រោះ​បន្ទាន់​មាន​ជំងឺ​អារម្ភ​និង​ការ​ធ្លាក់​ទឹក​ចិត្ត​ឬ​មាន​ជំងឺ​បាក់ស្បាត​ PTSD​ មួយ​ឆ្នាំ​នៅ​ក្រោយ​ពួក​គេ​ចេញ​ពី​មន្ទីរ​ពេទ្យ។​

ការ​ស្លុត​ចិត្ត​ខ្លាំង​

លោក​ Rogers​ និយាយ​ថា ​ អ្នក​ជំងឺ​ដែល​ត្រូវ​ព្យាបាល​ជំងឺ​កូវីដ១៩​ជា​បន្ទាន់​មាន​ការ​ស្លុត​ចិត្ត​ខ្លាំង​ថែម​ទៀត​ពី​ព្រោះ​ពួក​អ្នក​ជំងឺ​ឈឺ​ខ្លាំង​ពិបាក​ក្នុង​ចិត្ត​ជា​ខ្លាំង។ ​ពួក​សមាជិក​គ្រួសារ​មិន​អាច​អង្គុយ​នៅ​ជិត​គ្រែ​អ្នក​ជំងឺ​ទេ។​ ហើយ​អ្នក​ជំងឺ​និង​អ្នក​ធ្វើការ​ខាង​ថែទាំ​សុខភាព​ពិបាក​បង្កើត​ភាព​ស្និទ្ធ​ស្នាល​ព្រោះ​អ្នក​ព្យាបាល​មិន​បង្ហាញ​មុខ​មាត់​ដោយ​ត្រូវ​ពាក់​ប្រដាប់​ប្រដា​ការពារ​ខ្លួន។​

លោក ​Rogers​ បាន​និយាយ​ថា៖​ «អ្នក​ជំងឺ​មើល​គ្រូពេទ្យ​មិន​ស្គាល់​ទេ​ មើល​ឃើញ​តែ​ភ្នែក​ប៉ុណ្ណោះ»។​

អ្នក​ជំងឺ​កូវីដ១៩​ក៏​អាច​មាន​ការ​ស្លុត​ចិត្ត​ជាង​អ្នក​ជំងឺ​ដែល​ត្រូវ​ដេក​ក្នុង​មន្ទីរ​ពេទ្យ​ព្យាបាល​ជំងឺ​ឯ​ទៀតៗ​ពី​ព្រោះ​ពួក​អ្នក​ជំងឺ​អ្នក​ជំងឺ​កូវីដ១៩​មិន​មាន​ជីវិត​ដូច​ធម្មតា​វិញ​ទេ​នៅ​ពេល​បន្ទាប់​មក។​ វិធាន​ការ​រក្សា​គម្លាត​ពី​គ្នា​ខាង​សង្គម​ និង​បញ្ហា​សេដ្ឋកិច្ច​ ធ្វើ​ឲ្យ​អ្នក​ជំងឺ​គ្មាន​ជីវិត​បែប​ធម្មតា​ទៀត​ទេ។​

លោកស្រី ​Iris Sommer ​ជា​សាស្ត្រាចារ្យ​ខាង​ជំងឺ​ផ្លូវ​ចិត្ត​នៅ​ឯ​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​នៃ​សាកល​វិទ្យាល័យ​ Groningen ​ក្នុង​ប្រទេស​ហូឡង់។ ​លោកស្រី​បាន​និយាយថា៖​ «ការ​ស្លុត​ចិត្ត​នៅ​មាន​ត​ទៅ​ទៀត​នៅ​ក្រោយ​ជា​សះស្បើយ​ពី​ជំងឺ​នេះ ​ជាពិសេស​នៅ​ពេល​មាន​បញ្ហា​លុយ​កាក់​ដែរ​នោះ»។​

ការ​រាតត្បាត​ជា​សាកល​នៃ​ជំងឺ​កូវីដ១៩​បាន​នាំ​ឱ្យ​ស.រ.អា.​មាន​អត្រា​មនុស្ស​គ្មាន​ការងារ​ធ្វើ​រហូត​ដល់​១៤,៧%​ដែល​ជា​អត្រា​ខ្ពស់​បំផុត​ចាប់​តាំង​ពី​មាន​ដំណើរ​សេដ្ឋកិច្ច​ធ្លាក់​ដុន​ដាប​ខ្លាំង​ក្នុង​ទសវត្សរ៍​១៩៣០​មក។​

លោកស្រី ​Iris Sommer ​បាន​មាន​ប្រសាសន៍​ថា​ការ​គ្មាន​ការងារ​ធ្វើ​និង​ភាព​ក្រីក្រ​ «ជា​កត្តា​ហានិភ័យ​ធំៗ​ដែល​នាំ​ឱ្យ​ដំណើរ​សេដ្ឋកិច្ច​ធ្លាក់​ដុន​ដាប​ខ្លាំង​ហើយ​ជា​ពិសេស​ក៏​អាច​បណ្តាល​ឱ្យ​មាន​អត្តឃាត​ផង​ដែរ»។​

លោកស្រី​បាន​កត់​សម្គាល់​ថា​កត្តា​ហានិភ័យ​ទាំង​ពីរ​នេះ​បាន​កើន​ខ្លាំង​ឡើងៗ​នៅ​ក្នុង​ស.រ.អា.​និង​នៅ​ទ្វីប​អឺរ៉ុប​នៅ​ពេល​មាន​វិបត្តិ​សេដ្ឋ​កិច្ច​ក្នុង​ឆ្នាំ​២០០៨​វិបត្តិ​ជំពាក់​បំណុល​ក្នុង​ប្រទេស​ក្រិក​ក្នុង​ឆ្នាំ​២០១០​ និង​វិបត្តិ​សេដ្ឋកិច្ច​ក្នុង​ប្រទេស​ជប៉ុន​ពី​ឆ្នាំ​១៩៩៧​ដល់​ឆ្នាំ​១៩៩៨។

ទំនាក់​ទំនង​ខាង​សង្គម​មាន​តិច​ជាង​មុន​

ផលវិបាក​នៃ​ជំងឺ​កូវីដ១៩​លើ​សុខភាព​ផ្លូវ​ចិត្ត​មាន​ការ​រាល​ដាល​ហួស​ពី​ពួក​អ្នក​ជំងឺ​នេះ​ទៅ​ទៀត។​ ការ​រឹតត្បិត​លើ​ការ​ប្រមូល​ផ្តុំ​គ្នា​ធ្វើ​ឲ្យ​ គ្រួសារ​និង​មិត្តភក្តិ​នៃ​អ្នក​ដែល​បាន​បាត់​បង់​មនុស្ស​ជាទី​ស្រឡាញ់​របស់​ពួក​គេ​មិន​អាច​ធ្វើ​ពិធី​បុណ្យ​សព​ដែល​អាច​ផ្តល់​ការ​ជួយ​សម្រាល​ទុក្ខ​ និង​ការ​គាំទ្រ​បាន​ឡើយ។​

ពិធី​រៀបការ​ ពិធី​ប្រគល់​សញ្ញាបត្រ ​និង​ពិធី​ឯទៀតៗ​បាន​ត្រូវ​លុប​ចោល​ហើយ​ការណ៍​នេះ​បាន​បន្ថែម​ភាព​តានតឹង​នៅ​ក្នុង​ពេល​វេលា​ដែល​កំពុង​មាន​តាន​តឹង​ស្រេច​ទៅ​ហើយ​នោះ។​

លោកស្រី ​Sommers​ បាន​និយាយ​ថា​ នៅ​ពេល​ដែល​កន្លែង​ជា​ច្រើន​ចាប់​ផ្តើម​បន្ធូរ​បន្ថយ​វិធានការ​គម្លាត​សង្គម​ក៏​ដោយ​ ក៏​អ្វីៗ​ទាំង​អស់​នឹង​មិន​វិល​ត្រឡប់​ទៅ​កាន់​ភាព​ធម្មតា​ប្រក្រតី​វិញ​ក្នុង​ពេល​ឆាប់ៗ​នេះ​ដែរ។​ ជា​ឧទាហរណ៍​ ការ​មើល​ការ​ប្រកួត​កីឡា​ជា​ក្រុម​ទំនង​ជា​មិន​មាន​ទេ​ក្នុង​ពេល​អនាគត​ឆាប់ៗ​នេះ។​

លោកស្រី​បាន​ថ្លែង​ថា៖​ «ការ​ទាក់ទង​ខាង​សង្គម​នឹង​មាន​តិច​ជាង​មុន។​ នេះ​មិន​មែន​ជា​ការ​ល្អ​ទេ»។​

ពួក​ជន​ដែល​មាន​បញ្ហា​ជំងឺ​អារម្ភ​ ដំណើរ​ធ្លាក់​ទឹក​ចិត្ត​ និង​ជំងឺ​ខាង​ផ្លូវ​ចិត្ត​ឯ​ទៀតៗ​ទំនង​ជា​នឹង​រង​ផល​វិបាក​ខាង​សុខ​ភាព​ផ្លូវ​ចិត្ត​ដោយ​សារ​ការ​រាតត្បាត​ជា​សាកល​នៃ​ជំងឺ​នេះ។​

លោកស្រី ​Roxane Cohen Silver​ ជា​សាស្ត្រាចារ្យ​ខាង​ចិត្ត​សាស្ត្រ​នៅ​សាកលវិទ្យាល័យ​កាលីហ្វ័រញ៉ា​ Irvine។ ​លោកស្រី​បាន​យាយ​ថា៖​ «ការណ៍​នេះ​មិន​មែន​មាន​ន័យ​ថា​ជន​ទាំង​នេះ​នឹង​វិនាស​ទេ» ​ក៏​ប៉ុន្តែ​ពួកគេ ​និង​ពួក​អ្នក​ជួយ​ថែទាំ​ពួក​គេ​គួរ​ដឹង​អំពី​កំណើន​ហានិភ័យ​ទាំង​នេះ។​

ការវិវត្ត​នៃ​ព័ត៌មាន​

លោកស្រី​ Roxane Cohen Silver ​បាន​និយាយ​ថា​ការ​កំហិត​ការ​មើល​ និង​ការ​ស្តាប់​ការ​ផ្សាយ​នៃ​បណ្តាញ​ព័ត៌មាន​ជា​គំនិត​ល្អ​មួយ។​ លោកស្រី​បាន​មាន​ប្រសាសន៍​ថា​ មនុស្ស​ដែល​បាន​មើល​របាយការណ៍​បណ្តាញ​ព័ត៌មាន​អំពី​ហេតុ​ការណ៍​នាំ​ឱ្យ​ស្លុត​ចិត្ត​ដូចជា​ការ​វាយ​ប្រហារ​ដោយ​ភេរវកម្ម​កាល​ពី​ថ្ងៃទី១១​ ខែ​កញ្ញា​ ឆ្នាំ​២០០១​ និង​ការ​បំផ្ទុះ​គ្រាប់​បែក​នៅ​ពេល​មាន​ការ​ប្រកួត​កីឡា​រត់​ប្រណាំង​នៅ​ក្នុង​ក្រុង​ Boston ​កាលពី​ឆ្នាំ​២០១៣​ជា​ដើម​ទំនង​ជា​នឹង​មាន​រោគ​សញ្ញា​នៃ​ជំងឺ​បាក់ស្បាត​ PTSD ​នៅ​ពេល​បន្ទាប់​មក​ទៀត។​

លោកស្រី​បាន​ថ្លែង​បន្ថែម​ថា​ មនុស្ស​ខ្លះ​ហាក់​ដូចជា​ងាយ​មាន​បញ្ហា​ទាំង​នេះ។​

លោកស្រី​សាស្ត្រា​ចារ្យ​ Roxane Cohen Silver ​បាន​មាន​ប្រសាសន៍​ថា៖​ «នៅ​ក្នុង​ការ​សិក្សា​ស្រាវជ្រាវ​ដែល​យើង​បាន​ធ្វើ​ជាង​១០​ឆ្នាំ​មុន​នេះ ​យើង​បាន​រក​ឃើញ​ថា​ ពួក​បុគ្គល​ដែល​អន្ទះសារ​ចង់​ដឹង​ព័ត៌មាន​ត្រូវ​បណ្តាញ​ផ្សាយ​ព័ត៌មាន​ធ្វើ​ឱ្យ​ពួក​គេ​កាន់​តែ​អន្ទះសារ​ចង់​មើល​ព័ត៌មាន​ថែម​ទៀត​ ហើយ​ការណ៍​នេះ​នាំ​ឱ្យ​ពួក​គេ​ស្វែង​រក​មើល​ និង​ស្តាប់ការ​ផ្សព្វផ្សាយ​នៃ​បណ្តាញ​ព័ត៌មាន​ថែម​ទៀត។​ នេះ​ជា​ការ​ការវិវត្ត​ធ្វើ​ឲ្យ​ពួក​គេ​ពិបាក​ការ​ដក​ខ្លួន​ចេញ​ពី​ភាព​វិល​វល់​នេះ»។​

ពួក​អ្នក​ជំនាញ​និយាយ​ថា ​សំខាន់​ណាស់​ ​អ្នក​មាន​ជំងឺ​អារម្ភ​ ឬ​មាន​ការ​ធ្លាក់​ទឹក​ចិត្ត​គួរ​ទាក់​ទង​នឹង​គ្រួសារ​ មិត្តភក្តិ​និង​ពួក​ជន​ឯទៀតៗ ​ទោះ​ណា​ជា​មាន​ការ​ពិបាក​ក្នុង​ការ​ធ្វើ​ដូច្នេះ​នៅ​ពេល​នេះ​ ដោយសារ​វិធានការ​គម្លាត​សង្គម​ក៏​ដោយ។​

ពួក​មនុស្ស​ដែល​មាន​បញ្ហា​ទាំង​នេះ​គួរ​ហៅ​ទូរស័ព្ទ​ ឬ​និយាយ​គ្នា​តាម​វីដេអូ ​ គួរ​ទាក់​ទង​នឹង​ពួក​អ្នក​មាន​អាជីព​ខាង​សុខាភិបាល​និង​គួរ​ហៅ​ទូរស័ព្ទ​ទាក់​ទង​រក​ជំនួយ​ផង​ដែរ។​

លោកស្រី ​Iris Sommer ​បាន​និយាយ​ថា៖ ​«គួរ​បង្ហាញ​សេចក្តី​ស្រឡាញ់​ជា​ទីបំផុត​ដល់​ពួក​មនុស្ស​ដែល​លោក​អ្នក​អាច​ទាក់ទង​បាន»៕​

ប្រែសម្រួល​ដោយ​លោក​ឈឹម សុមេធ

វីដេអូថ្មីៗបំផុត

XS
SM
MD
LG